(កណ្ដាល)៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញដល់អ្នកសារព័ត៌មាន មន្ត្រីមូលដ្ឋាន និងម្ចាស់អាជីវកម្មជីកដីទាំងអស់ ត្រូវសហការគ្នាដើម្បីឈានទៅដល់ការកំណត់លើការបង់ពន្ធចូលរដ្ឋ ពោលគឺហាមអ្នកទាំងអស់គ្នា មិនត្រូវផ្សាយព័ត៌មានក្លែងក្លាយ ហើយអាជ្ញាធរ និងម្ចាស់អាជីវកម្មជីកដី ត្រូវសហការគ្នាល្អជុំវិញការបង្ហាញអាជ្ញាប័ណ្ណជាដើម មិនត្រូវកោសរូសម្ចាស់អាជីវកម្ម និងម្ចាស់អាជីវកម្មត្រូវបង់ពន្ធចូលរដ្ឋ ដោះស្រាយបញ្ហាប្រឈមនានាដែលប៉ះពាល់ដល់ពលរដ្ឋជាដើម ដើម្បីបញ្ជៀសការយល់ច្រឡំ និងបញ្ហាណាមួយ។
លោកអភិបាលរងខេត្ត បានថ្លែងយ៉ាងដូច្នេះ នៅគ្រាដែលលោកបានដឹកនាំក្រុមការងារ ក្រោមការបញ្ជាផ្ទាល់ពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ចុះពិនិត្យមើលអាជីវកម្មជីកដីមួយកន្លែង ស្ថិតនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងការចុះពិនិត្យរណ្ដៅជីកយកអាចម៌ដីនេះ គណៈកម្មាធិការរបស់ខេត្ត រួមជាមួយមន្ទីរពាក់ព័ន្ធ បានរកឃើញថារណ្ដៅដីនេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនោះ លោក ណុប ដារ៉ា បានកោតសរសើរម្ចាស់អាជីវកម្មជីកយកអាចម៌ដី ដែលបានគោរព និងអនុវត្តតាមច្បាប់បានត្រឹមត្រូវ។ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់គ្រប់ម្ចាស់អាជីវកម្មជីកដីទាំងអស់ សូមចូលរួមគោរព និងអនុវត្តតាមច្បាប់ឱ្យបានគ្រប់ៗគ្នា ចៀសវាងការជីកដីដោយគ្មានច្បាប់ ដែលអាចប្រឈមក្នុងការជាប់ទោស ឬពិន័យទៅតាមច្បាប់ដែលបានកំណត់។
លោកអភិបាលរងខេត្ត បានស្នើដល់គ្រប់អង្គភាពសារព័ត៌មានទាំងអស់ មុននឹងចុះផ្សាយសូមពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងផ្សាយព័ត៌មានមិនពិត ដោយត្រូវសហការជាមួយម្ចាស់ទីតាំង អាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្ត ដើម្បីឲ្យបានគ្រប់ជ្រុងជ្រោយទើបចេញផ្សាយ។ អាជ្ញាធរមូលដ្ឋាន និងម្ចាស់អាជីវកម្ម ក៏ត្រូវសហការជាមួយអ្នកសារព័ត៌មានផងដែរ បើសិនអ្នកសារព័ត៌មានស្នើសុំមើលអាជ្ញាប័ណ្ណ ដើម្បីបញ្ជាក់ពីភាពស្អាតស្អុំរបស់ខ្លួន។
ជាមួយគ្នានេះ លោកជឺ គឹមហៃ អភិបាលស្រុកស្អាង បានថ្លែងថា ក្នុងនាមអាជ្ញាធរស្រុក លោកនឹងសហការគ្នាល្អជាមួយអ្នកសារព័ត៌មាន តែស្នើសុំឲ្យមុននឹងចុះផ្សាយអ្វីមួយ សូមមេត្តាជួយសួរមកកាន់អាជ្ញាធរជាមុនសិន ដើម្បីលម្អិតព័ត៌មានច្បាស់លាស់ ពោលគឹបញ្ចៀសការយល់ច្រឡំណាមួយ និងឲ្យស្របតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន។
លោកបានប្ដេជ្ញាសហការគ្នាល្អជាមួយគ្រប់អង្គភាពសារព័ត៌មាន ហើយក៏ចូលរួមណែនាំដល់បណ្ដាអ្នកប្រកបអាជីវកម្មជីកដីទាំងអស់ ត្រូវគោរពតាមការណែនាំរបស់អាជ្ញាធរ ពិសេសត្រូវគោរពតាមគោលការច្បាប់រ៉ែឲ្យបានត្រឹមត្រូវ ដើម្បីឈានទីដល់ការគ្រប់គ្រងបានល្អ និងបង់ពន្ធជូនរដ្ឋបានគ្រប់ចំនួន។
ទន្ទឹមនឹងនេះដែរលោក ប៉ រដ្ឋា ម្ចាស់អាជីវកម្មជីកដីនៅភូមិសាស្ត្រស្រុកស្អាង បានប្ដេជ្ញាថានឹងគោរពតាមការណែនាំរបស់អាជ្ញាធរខេត្ត-ស្រុក និងសំណូមពរដល់អាជ្ញាធរ មេត្តាផ្ដល់ភាពយុត្តិធម៌ដល់អាជីវករជីកដីផង ពោលគឺត្រូវតាមដានឲ្យច្បាស់លាស់ជុំវិញអាជីវកម្មនេះ ពោលគឺកុំឲ្យអ្នកខ្លះអត់ច្បាប់ក៏អាចជីកបាន ដែលបង្កើតអារម្មណ៍មិនល្អ ហើយស្នើសុំឲ្យធ្វើយុត្តិធម៌សម្រាប់គ្រប់ៗគ្នាផង៕