(បាត់ដំបង)៖ លោកស្រី កែវ ដាណា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ចំការសំរោង ក្រុងបាត់ដំបង នាព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៣ បានចាត់មន្រ្តីក្រុមការងារគណបក្ស
ប្រជាជនកម្ពុជា ចុះជួយសង្កាត់ចំការសំរោងក្រុងបាត់ដំបង ចុះសួរសុខទុក្ខ និងនាំអំណោយចែកជូនជនក្រីក្រចាស់ជរាចំនួន៥គ្រួសារ រស់នៅភូមិវត្តលៀប។
លោក កាន ប៊ុនថុល តំណាងលោកស្រី កែវ ដាណា បានឲ្យដឹងថា ដោយមានការឯកភាពពី ប្រធាន អនុប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ចំការសំរោងក្រុងបាត់ដំបង លោកបានដឹកនាំក្រុមការងារ សហការជាមួយសម្មជនបក្សសង្កាត់ បក្សភូមិ ចុះសួរសុខទុក្ខ និងនាំអំណោយយកទៅចែកជូនដល់ជនក្រីក្រ ជនចាស់ជរា ដែលមានជីវភាពជួបការលំបាកខ្លាំង ដើម្បីជួយសម្រាលជីវភាពគ្រួសារពួកគាត់បានមួយរយ:ផងដែរ។
លោកបានលើកឡើងថា ក្នុងនាមក្រុមការងារគណបក្សប្រជាជនកម្ពុជា តែងតែចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះជាប្រចាំ រហូតមកគឺនៅជិតស្និទ្ធជាមួយប្រជាពលរដ្ឋជានិច្ច ដើម្បីក្តាប់បានព័ត៌មាន និងរាល់សំណូមពររបស់ពួកគាត់រួច រាយការណ៍ទៅថ្នាក់នាំតាមលំដាប់ថ្នាក់ ដើម្បីធ្វើការដោះស្រាយបន្ទាន់ ឬទៅតាមជាក់ស្តែងមិនដែលខកខានម្តងឡើយ។
លោកបានបន្តថា ក្នុងនាមតំណាងឲ្យថ្នាក់ដឹកនាំគណបក្ស សូមថ្លែងអំណរគុណ ប្រជាពលរដ្ឋក្នុងសង្កាត់ចំការសំរោងទាំងអស់តែងតែបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតមក ធ្វើឲ្យបក្សមានឱកាសនៅបម្រើបងប្អូនពលរដ្ឋ នៅតាមមូលដ្ឋាននិងមានការីកចម្រើនកាន់តែខ្លាំងបន្ថែមទៀត។
លោកបានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំក្រុមការងារគណបក្សខេត្តក្រុង សាកសួរសុខទុក្ខបងប្អូនគ្រប់ពេលវេលា និងសូមបងប្អូននាំគ្នាទៅទទួលការចាក់វ៉ាក់សាំងនូវដូសជម្រុញឲ្យបានគ្រប់ៗគ្នា ដើម្បីការពារកុំឲ្យឆ្លងមេរោគកូវីដបន្តទៀត និងសូមបងប្អូនរស់នៅស្អាត មានអនាម័យ គ្មានសម្រាមបរិស្ថានល្អ ដើម្បីសុខភាពល្អ ព្រមទាំងបានចូលរួមធ្វើឲ្យភូមិឋាន និងទីក្រុងស្អាតយើងស្អាតផងដែរ។
អំណោយដែលបានចែកជូនទាំង៥គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ០១កេស, ទឹកស៊ីវអ៊ីវ ១យួរ ទឹកត្រី១យួរ និងត្រីខ ៤កំប៉ុង៕