(ភ្នំពេញ)៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខ លោក វ៉ាន់ សេងលី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដល់គេហដ្ឋាន នៅរាជធានីភ្នំពេញ។
លោក ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចចក្រី ប្រធានកិត្តិយសគណបក្ស សម្តេច លោក លោកស្រី អនុប្រធានគណបក្ស លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះ លោក វ៉ាន់ សេងលី និងក្រុមគ្រួសារ។
ប្រធានប្រតិភូ បានសម្តែងការកោតសរសើរនូវចំណេះដឹង ទេពកោសល្យ បទពិសោធន៍ការងារ យ៉ាងច្រើនឥតគណនារបស់លោក វ៉ាន់ សេងលី និងការលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែកបម្រើគណបក្ស ក៏ដូចជា ការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិជារៀងរហូតមក ដូចជាធ្លាប់បានបម្រើការងារជាអ្នកយកព័ត៌មាន ជាអនុប្រធាននាយកដ្ឋាននិពន្ធ ជាប្រធាននាយកដ្ឋាននិពន្ធ អគ្គនាយករងវិទ្យុសម្លេងប្រជាជនកម្ពុជា អគ្គនាយកវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងឃោសនាការ និងវប្បធម៌ ជាអគ្គលេខាធិការសមាគមអ្នកកាសែតកម្ពុជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ចំនួន២អាណត្តិ បច្ចុប្បន្នជាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
នាឱកាសនោះលោក វ៉ាន់ សេងលី បានថ្លែងថា «ខ្ញុំពិតជាមានក្តីរំភើបសប្បាយរីករាយយ៉ាងខ្លាំងឥតឧបមា និងអរគុណជាអនេក និងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សម្តេច លោកជំទាវ លោក ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់លោក ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខ ខ្ញុំនិងក្រុមគ្រួសារដល់លំនៅដ្ឋាន»។ ការសួរសុខទុក្ខនេះគឺជាប្រពៃណីមួយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា ហើយខ្ញុំសូមសំណូមពរឱ្យពង្រីកសកម្មភាពនេះ ឱ្យបានកាន់តែច្រើនឡើងថែមទៀត។
លោកបានលើកឡើងថា សមិទ្ធផលនៃសន្តិភាព និងការអភិវឌ្ឍរយៈពេលជាង៤៤ឆ្នាំកន្លងមកនេះ គឺបានជំរុញទឹកចិត្តប្រជាជនកម្ពុជា កាន់តែមានជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ហើយលោកក៏បានបញ្ជាក់ពីការបន្តគាំទ្រ ចំពោះបេក្ខភាព សម្តេចតេជោ ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ នៃរដ្ឋសភា និងអាណត្តិបន្តបន្ទាប់ទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេន។
លោកក៏បានរំលឹកថាយុវជនគណបក្សដែលជាកម្លាំងស្នូល និងជាកម្លាំងបន្តវេនរបស់គណបក្ស គ្រូវប្រកាន់ខ្ជាប់នូវចំណុចសំខាន់ៗដូចខាងក្រោម៖
*ទី១៖ បន្តថែរក្សាសមិទ្ធផលវិជ្ជមានរបស់ថ្នាក់ដឹកនាំជំនាន់មុនដែលបានខិតខំកសាងឡើងមក
*ទី២៖ កសាងសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀតនៅពេលបច្ចុប្បន្ន
*ទី៣៖ រៀបចំមូលដ្ឋានរឹងមាំសម្រាប់អ្នកជំនាន់ក្រោយបន្តទៀត
*ទី៤៖ យុវជនត្រូវរៀនសូត្រ និងដកបទពិសោធន៍ល្អៗពីយុវជនជំនាន់មុន ក្ដាប់សភាពការណ៍ជាតិ និងអន្តរជាតិឱ្យបានគ្រប់ជ្រុងជ្រោយ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង តម្កល់ផលប្រយោជន៍ជាតិជាធំ ដោះស្រាយបញ្ហាប្រឈមនានា ដោយសេចក្ដីក្លាហានមោះមុត ស្របតាមមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នាក្នុងការបន្ត ដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពសម្បូររុងរឿង និងសុភមង្គល។
ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ លោក ចាយ បូរិន និងលោក ទួន យ៉ាត ព្រមទាំងសមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោក វ៉ាន់ សេងលី និងជូនពរដល់លោក លោកជំទាវ និងក្រុមគ្រួសារ សូមមានសុខភាពល្អ និងបានសមប្រកបតែនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ៕