(ព្រះសីហនុ)៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការមីនគ្រាប់មិនទាន់ផ្ទុះ និងការងារវិស្វកម្មកងយោធពលខេមរភូមិន្ទ តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រកាស ខេត្តព្រះសីហនុ អស់មីននៅទីលានតេជោ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធរួមទាំងប្រជាពលរដ្ឋជាច្រើននាក់ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី មាស សុភា បានចូលរួមអបអរសាទរជាខ្លាំង ដែលខេត្តព្រះសីហនុទទួលបានឈ្មោះជាខេត្តអស់មីន ក្នុងនោះក៏មាន៥ រាជធានី ខេត្ត បានធ្វើការប្រកាសរាជធានី ខេត្តអស់មីន រួមមាន៖ ខេត្តស្ទឹងត្រែង កែប ព្រៃវែង ត្បូងឃ្មុំ និងរាជធានីភ្នំពេញ។
ដោយឡែកនៅឆ្នាំ២០២៣នេះ គ្រោងប្រកាសខេត្តអស់មីនចំនួន១២បន្ថែមទៀត គឺខេត្តកំពង់ចាម ស្វាយរៀង កណ្តាល តាកែវ កំពង់ឆ្នាំង កំពត កំពង់ស្ពឺ ក្រចេះ កំពង់ធំ សៀមរាប រតនគីរី និងខេត្តមណ្ឌលគីរី។ ក្រោយឆ្នាំ២០២៣ ប្រទេសកម្ពុជា នឹងមាន៧ខេត្ត ត្រូវប្រកាសថា អស់មីន ហើយបានដាក់ក្នុងផែនការបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ រួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តមមានជ័យ និងខេត្តព្រះវិហារ។
ទេសរដ្ឋមន្ដ្រី មាស សុភា បានបញ្ជាក់ថា កម្ពុជាជាប្រទេសឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ ព្រមទាំងប្រឈមនឹងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងធ្ងន់ បង្កឲ្យប្រជាជនស្លូតត្រង់ស្លាប់ របួស និងពិការភាពរាប់ពាន់នាក់ កម្ពុជាក៏ជាសមាជិកអង្គការសហប្រជាជាតិឆ្នាំ២០០៦ បានខិតខំចែករំលែកកងកម្លាំងបោសសម្អាតមីន ដើម្បីជួយសម្រាលទុកជូនប្រជាជនប្រទេសផ្សេងៗ រងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់មិនទាន់ផ្ទុះពីសង្គ្រាមដូចជា ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី យេម៉ែន ឆាដ ម៉ាលី និងអាហ្វ្រិកកណ្តាល។
នៅឆ្នាំ២០២២ កម្ពុជាទទួលបានលំដាប់លេខរៀងទី២ ក្នុងការបរិច្ចាគកម្លាំងវីរយុវយុទ្ធនារី ក្នុងបណ្តាសហគមន៍អាស៊ាន និងលំដាប់ថ្នាក់លេខរៀងទី១២ ក្នុងចំណោមប្រទេសដែលបានបរិច្ចាគកងកម្លាំងក្រោមឆត្រ អង្គការសហប្រជាជាតិ។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៧៨៧នាក់ ក្នុងនោះនារីចំនួន ១២៤នាក់ កំពុងបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្វ្រិកកណ្តាល។ ថ្វីបើកម្ពុជាទទួលបានលទ្ធផលដ៏ធំធេងយ៉ាងណាក៏ដោយ កម្ពុជាត្រូវធ្វើការបោសសម្អាតមីនផ្ទៃដីមានមីនចំនួន៦៤៨គីឡូម៉ែត្រការ៉េ និងគ្រាប់មិនទាន់ផ្ទុះចំនួន ១,៣២៧គីឡូម៉ែត្រការ៉េបន្ថែមទៀត។
ដើម្បីសម្រេចបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន «កម្ពុជាមួយគ្នានមីនឆ្នាំ២០២៥» ហើយសំណល់ដោយសារគ្រាប់មិនទាន់ផ្ទុះ ត្រូវបានកាត់បន្ថយឲ្យនៅកម្រិតអប្បបរិមា និងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្សប្រព្រឹត្តទៅដោយសុវត្ថិភាព។ ទន្ទឹមនោះការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅតែជាកិច្ចការដ៏ចាំបាច់មួយក្នុងការកាត់បន្ថយគ្រោះថ្នាក់មីន និងផលប៉ះពាល់អវិជ្ជមាននៅក្នុងសហគមន៍។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅខេត្តព្រះសីហនុ មានផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីនចំនួន ២,៦៦០,៥១៥ម៉ែត្រក្រឡា ត្រូវបានកម្លាំងជំនាញស៊ីម៉ាកបានធ្វើការបោសសម្អាតចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២២ រុករកគ្រប់មីន និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ១១,១៤៩គ្រាប់ ក្នុងនោះមីនប្រឆាំងថ្មើរជើង (AP) ចំនួន២០៨គ្រាប់ គ្រាប់បែកទម្លាក់ (MK Bomb) ចំនួន៨៩គ្រាប់ គ្រាប់បែកចង្ក្រោម Cluster ចំនួន៣៩គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងៗ (Oter ERW) ចំនួន១០,៨១៣ រហូតមកដល់បច្ចុប្បន្នផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីននៅក្នុងខេត្តព្រះសីហនុ ត្រូវបានរុករក និងបោសសម្អាតអស់ជាស្ថាពរ។
ការប្រកាសខេត្តព្រះសីហនុ ជាខេត្តអស់មីននាពេលនេះ គឺចំទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ លើកទី២៤ ក្រោមប្រធានបទ «យើងរួមគ្នា ដើម្បីសហគមន៍គ្នានគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ»។ លោកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្កើតមូលនិធិសម្តេចតេជោ សម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដី សុវត្ថិភាព បង្កើតស្នាម ញញឹម» ក្នុងគោលបំណងបោសសម្អាតគ្រាប់មីនឲ្យអស់ពីទឹកដីកម្ពុជា ត្រឹមឆ្នាំ២០២៥៕