(ភ្នំពេញ)៖ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយច្បាប់ស្ដីពីទេសចរណ៍ ដល់អាជីវករទាំងអស់ក្នុងខណ្ឌដូនពេញ។
ឱកាសនេះដែរ ក៏មានការចូលរួមពី លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោកស្រី គឹម សុវណ្ណា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ លោក ឈឺន សុធន ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះ ក្នុងគោលបំណង ផ្សព្វផ្សាយច្បាប់ស្ដីពីទេសចរណ៍ ចលនាប្រឡងប្រណាំងទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ និងកំរិតស្តង់ដារសម្លេងអតិបរិមា ដែលអនុញ្ញាតនៅតំបន់សាធារណៈ និងតំបន់លំនៅដ្ឋាន ព្រមទាំងបញ្ហាផ្សេងៗជាច្រើនទៀត ដើម្បីឲ្យម្ចាស់អាជីវកម្ម បៀរហ្គាឌិន ខារ៉ាអូខេ ភោជនីយដ្ឋាន ផ្ទះសំណាក់ ហាងម៉ាស្សា សណ្ឋាគារ និងម្ចាស់អាជីវកម្មផ្សេងៗទៀត មានការយល់ដឹងកាន់តែច្បាស់ពីបញ្ហាទាំងនេះ៕