(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានបញ្ជាក់នៅថ្ងៃសុក្រនេះថា មានករណីនៃការឆ្លងវីរុស Zika មួយទៀតនៅលើស្ត្រីម្នាក់ បន្ទាប់ពីបានវិលត្រលប់មកពីសាធារណរដ្ឋដូមីនីវិញ ហើយនេះគឺជាករណីឆ្លងទី៦ហើយ ដែលត្រូវបានពិនិត្យរកឃើញនៅកូរ៉េខាងត្បូង នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ។
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់កូរ៉េខាងត្បូង (KCDC) បានបញ្ជាក់ថា បន្ទាប់ពីធ្វើដំណើរវិលត្រលប់មកពីសាធារណរដ្ឋដូមីនី កាលពីថ្ងៃទី២៣ ខែមិថុនា សប្តាហ៍មុន ស្ត្រីកូរ៉េខាងត្បូង វ័យ២៨ឆ្នាំម្នាក់ បានបង្ហាញនូវរោគសញ្ញានៃអាការៈកន្ទួលរមាស់, ឈឺសាច់ដុំ, ឈឺសន្លាក់ និងភ្នែកក្រហមតាំងពីថ្ងៃចន្ទមកម្ល៉េះ ហើយក៏បានទៅមន្ទីរពេទ្យសាកលវិទ្យាល័យជាតិក្នុងទីក្រុងសេអ៊ូល នៅថ្ងៃពុធសប្តាហ៍នេះផងដែរ។ ក្រោយពីការធ្វើរោគវិនិច្ឆ័យ ក៏រកឃើញថាមានផ្ទុកវីរូស Zika។
ករណីឆ្លងថ្មីបំផុតនេះ គឺជាករណីទី៦ហើយ នៃការឆ្លងវីរុស Zika ដែលត្រូវបានបញ្ជាក់ជាផ្លូវការនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយករណីទី៦នេះ គឺត្រឹមតែរយៈពេល៥១ថ្ងៃប៉ុណ្ណោះ ក្រោយពេល ករណីទី៥នៃការឆ្លងវីរុស ត្រូវបានអះអាងបញ្ជាក់ថាបានកើតមាននៅក្នុងប្រទេសមួយនេះ។ អ្នកជំងឺទាំងអស់គឺសុទ្ធតែត្រូវបានមូសខាំ ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចរបស់ពួកគេ ក្នុងនោះ អ្នកដំណើរមកពីសាធារណរដ្ឋដូមីនីមួយករណី, អ្នកដំណើរមកពីប្រទេសប្រេស៊ីលមួយករណី, អ្នកដំណើរមកពីប្រទេសវៀតណាមមួយករណី និងអ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន មានបីករណី។
គួរបញ្ជាក់ផងដែរថា វីរុស Zika ត្រូវបានរកឃើញលើកដំបូង នៅលើសត្វស្វានៅក្នុងឆ្នាំ១៩៤៧ នៅក្នុងប្រទេសអ៊ូហ្គង់ដាស្ថិតក្នុងទ្វីបអាហ្រ្វិក ហើយនៅឆ្នាំ១៩៥២ ជំងឺនេះ បានឆ្លងជាលើកដំបូងមកមនុស្ស តាមរយៈមូសខ្លាខាំ និងបានរីករាលដាលនៅតំបន់អាហ្រ្វិក និងកោះមួយចំនួននៅតំបន់ប៉ាស៊ីហ្វិក។ អ្នកដែលឆ្លងមេរោគនេះ នឹងមានអាការៈ ក្ដៅខ្លួន ឈឺក្បាល ឡើងរមាស់ ឈឺសន្លាក់ និងភ្នែកឡើងក្រហម ពោលគឺមានអាការៈ និងរោគសញ្ញា ដូចគ្នានឹងជំងឺគ្រុនឈាមដែរ ប៉ុន្តែប្រសិនបើចម្លងទៅស្ត្រីមានផ្ទះពោះ អាចបង្កជាបញ្ហាយ៉ាងធ្ងន់ធ្ងរ ដល់ទារកក្នុងផ្ទៃដូចជា បណ្តាលឲ្យទារកកើតមកមានក្បាលតូចខុសពីធម្មតាជាដើម៕