(ភ្នំពេញ)៖ អាជីវកម្មបូមដី បូមខ្សាច់ នៅក្នុងទន្លេនៅរាជធានីភ្នំពេញ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមានបិទជាថ្មី បន្ទាប់ពីប្រជាពលរដ្ឋមួយចំនួនត្អូញត្អែអំពីការបាក់ច្រាំងទន្លេ និងធ្វើឱ្យខូចសោភ័ណភាពផ្លូវ។
ការព្រមានបិទអាជីវកម្មបូមខ្សាចខុសច្បាប់ទាំងនោះ របស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងទិវាមច្ឆជាតិ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «កន្លែងខ្លះបណ្តាលមកពីអ្នកបូមហ្នឹងដែរ បានជាគាត់ (ប្រជាពលរដ្ឋ) ស្រែក បើវាចង់បូមនៅកន្លែងនេះ ថ្ងៃអត់បូមទេ យប់បានវាលួចបូម ហើយបើយើងខ្វះការត្រួតពិនិត្យ អាហ្នឹងទៅទៀតហើយ។ ឥឡូវប្រជាជននៅទីក្រុងភ្នំពេញ មានកន្លែងមួយចំនួន ស្រែកកាន់តែខ្លាំងហើយ»។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានដល់ក្រុមហ៊ុនដឹកដី ដែលធ្វើឱ្យខូចខាត និងបាត់សោភ័ណ្ឌភាពផ្លូវផងដែរ។ សម្តេចតេជោថា ក្រុមហ៊ុនទាំងនោះក៏តែបញ្ឈប់។ សម្តេចតេជោលើកឡើងទៀតថា «ឈប់ឱ្យគាត់ធ្វើទៅ បានសេចក្តីថាបញ្ចប់ ព្រោះរឿងអ្វី បូមដីពីក្នុងទន្លេយកទៅចាក់នៅ កន្លែងទំនាប ដើម្បីធ្វើផ្ទះ ធ្វើអគារ ប៉ុន្តែមិនមែនយកទៅចាក់ផ្ទះឯណា យកទៅចាក់តាមផ្លូវ អញ្ចឹងវាគគ្រេច ដូច្នេះដកបាតង់ឈប់ឱ្យធ្វើ ដកទាំងឡាននោះទៀតទៅ»៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖