(ភ្នំពេញ)៖ បណ្តុំក្រុមយុវជនសង្គមស៊ីវិល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអំពាវនាវដល់សារព័ត៌មាន RFA និង The Cambodia Daily ចូលរួមថ្កោលទោស ទណ្ឌិត សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំងក្រៅច្បាប់ ដែលប្រមាថអង្គព្រះមហាក្សត្រ ជាជាងអង្គុយយកពេលវេលាមកប្រឌិតវាយប្រហារយុវជនសង្គមស៊ីវិល។
តាមរយៈលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បណ្តុំក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នាជាបណ្តុំក្រុមយុវជនសង្គមស៊ីវិល សូមអំពាវនាវដល់ស្ថាប័នសារព័ត៌មានទាំងពីរ ដែលតាំងខ្លួនជាស្ថាប័នសារព័ត៌មានឯករាជ្យ មេត្តាតាមដានព័ត៌មានអំពីទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថ ព្រះចេស្តា អង្គព្រះមហាក្សត្រ ហើយគួរតែចូលរួមថ្កោលទោសទណ្ឌិត សមរ ង្ស៊ី ជាជាងអង្គុយយកពេលវេលាមានតម្លៃរបស់អ្នកមកប្រឌិតវាយប្រហារយុវជនសង្គមស៊ីវិលដែលឈប់គាំទ្រស្ថាប័នខ្លួនទៅវិញ»។
ក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងបន្ថែមថា ការបង្កើតព័ត៌មានតែមួយជ្រុង ហើយប្រឌិតផ្សេងៗ មិនអាចផ្តល់ផលប្រយោជន៍ជូនសង្គមជាតិបានទេ។ ម្យ៉ាងទៀត បានបណ្ដុះការឈឺចាប់ និងភាពអយុត្តិធម៌សម្រាប់ក្រុមយុវជនសង្គមស៊ីវិលទៅវិញ ដោយគ្រាន់តែពួកគេឈប់ចូលរួមប្រឆាំង ឬមាន
ទស្សនៈផ្សេងខុសពីស្ថាប័នព័ត៌មានខ្លួន រួចក៏ចាប់ផ្តើមវាយប្រហារក្រុមយុវជនសង្គមស៊ីវិលទាំងនោះ។ រូបភាពនេះហាក់បីដូចជាស្ថាប័នព័ត៌មានខាងលើកំពុងធ្វើវិទ្ធង្សនាមិនឱ្យយុវជនអង្កការ សមាគមផ្សេងទៀត ឲ្យចេះស្រឡាញ់គ្នាក៏ដូចជាធ្វើការរួមគ្នាបាន។
ក្រុមយុវជនសង្គមស៊ីវិល បានបន្ថែមទៀតថា តើធ្វើក្នុងគោលបំណងអ្វី? យ៉ាងណាមិញ ការចូលរួមសាងទង្វើល្អ ផ្សព្វផ្សាយពីសមិទ្ធផលជាតិ និងតម្កល់ឧត្តមប្រយោជន៍ជាតិ គឺប្រសើរជាងការផ្សាយបំបែកបំបាក់ក្រុមយុវជននានា។ សូមបញ្ឈប់ការបង្ករឿងរ៉ាវផ្សងៗ ហើយត្រូវផ្សព្វផ្សាយបង្រួបបង្រួមយុវជនឱ្យចេះស្រឡាញ់គ្នា និងអាចធ្វើការជាមួយគ្នាបាន ទើបយើងអាចបណ្ដុះស្មារតីអភិវឌ្ឍជាតិប្រកបដោយចីរភាព។
ក្នុងនាមជាប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណៈ ក្រុមយុវជនសង្គមស៊ីវិល មានការឈឺចាប់នៅពេលដែលមានអគតិជនម្នាក់ ប្រមាថព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់នៃយើង ហើយសូមអំពាវនាវម្តងហើយម្តងទៀតដល់សារព័ត៌មានខាងលើ ចូលរួមថ្កោលទោសទណ្ឌិត សម រង្ស៊ី ដើម្បីការពារដល់ ព្រះចេស្តា អង្គព្រះមហាក្សត្រ និងជាតិខ្មែរទាំងមូល៕