(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មិនបានបញ្ចេញអារម្មណ៍អបអរសាទរ និងរំភើបទៅលើការ ដាក់ចំណាត់ថ្នាក់លេខ២ ពីសំណាក់ប្រមុខការទូត របស់អាមេរិកនោះឡើយ ក្នុងករណីជួញដូរមនុស្ស ពីព្រោះរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង ដោយភាពស្វាហាប់ និងរស់រវើករួចទៅហើយ ទាំងនៅក្នុង និងនៅក្រៅប្រទេស។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានឆ្លើយតបទៅវិញភ្លាមៗ នៅរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ បន្ទាប់ពីលោក John Kerry រដ្ឋមន្ត្រីការបរទេសអាមេរិក បានចេញរបាយការណ៍ប្រចាំឆ្នាំ២០១៦ ស្តីពីការជួញដូរមនុស្ស ពីទីក្រុងវ៉ាស៊ីនតោន ដោយបានគត់សម្គាល់ឃើញថា ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ដែលជាចំណាត់ថ្នាក់ល្អ ក្នុងការប្រយុទ្ធ ប្រឆាំងការជួញដូរមនុស្ស។ នៅក្នុង Page Facebook នៅរសៀលថ្ងៃនេះលោក ផៃ ស៊ីផាន បានថ្លែងថា «នៅថ្ងៃនេះខ្ញុំបានទទួលបទ សម្ភាសន៍ពីបណ្ដាញសារព័ត៌មានមួយចំនួន ដែលបានលើកឡើងពីរបាយការណ៍ នៃស្ថានភាពជួញដូរមនុស្សនៅកម្ពុជា ដែលបានអាន និងប្រកាស ដោយឯកឧត្ដម John Kerry រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក។ អ្វីដែលអ្នកសារព័ត៌មានសរសេរហាក់មានចំណាប់ អារម្មណ៍ភ្ញាក់ផ្អើល ចំពោះចំណាត់ថ្នាក់ល្អប្រសើរនៃស្ថានភាពជួញដូរមនុស្សនៅកម្ពុជានេះ»។
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះ បានសង្កត់ធ្ងន់ថា «របាយការណ៍ដែលលើកឡើងដោយ ឯកឧត្ដមរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ជាមួយនឹងស្ថានភាពជួញដូរមនុស្សនៅកម្ពុជានេះ ខ្ញុំមិនមានអ្វីរំភើបជាមួយនឹងចំណាត់ថ្នាក់របស់របាយការណ៍នេះទេ អាស្រ័យដោយការ ប្រឹងប្រែងដោយស្វាហាប់ប្រកបដោយថាមពល និងរស់រវើកក្នុងការ ប្រឆាំងនឹងកិច្ចការជួញដូរទាំងនៅក្នុងស្រុករហូតដល់ក្រៅប្រទេស ដែលរាជរដ្ឋាភិបាលជាមួយ និងដែនសមត្ថកិច្ច របស់ខ្លួនពាក់ព័ន្ធនឹងបញ្ហានេះ គឺត្រូវបានសាទរពីប្រជាពលរដ្ឋផ្ទាល់រួចស្រេចហើយ។
ទិសដៅនៃការងារនេះ គឺរាជរដ្ឋាភិបាល បានធ្វើគ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ គឺការពារប្រឆាំងនិងអំពើជួញដូរ ដែលជាប្រយោជន៍ពិតរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់ជាតិ គឺមិនមែនធ្វើដើម្បីទទួលបានចំណាត់ថ្នាក់ពីបរទេសណាមួយនោះទេ។ ប៉ុន្តែរបាយការណ៍នេះក៏បានបញ្ជាក់បង្ហាញពីការពិត នៃការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលរួចស្រេចហើយ»។ តែយ៉ាងណា លោក ផៃ ស៊ីផាន បានថ្លែងអំណរគុណនៃការទទួលស្គាល់លទ្ធផលនេះ។
សូមបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញ របាយការណ៍ឆ្នាំ២០១៦ ស្តីពីការជួញដូរមនុស្ស ពីទីក្រុងវ៉ាស៊ីនតោន ដោយបានគត់សម្គាល់ឃើញថា ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់ លេខ២ ដែលជាចំណាត់ថ្នាក់ល្អ ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរ មនុស្ស នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលទើបចេញផ្សាយនោះថ្ងៃទី១ ខែកក្កដានេះ។ បើតាមរបាយការណ៍របស់លោក John Kerry រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ថា ការបានឡើងដល់ចំណាត់ថ្នាក់លេខ២របស់ កម្ពុជានេះ គឺផ្អែកតាមការខិតខំគួរសមរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅក្នុងឆ្នាំកន្លងទៅ នេះ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើម អនុវត្តផែនការសកម្មភាពជាតិ ដែលត្រូវបានបង្កើតឡើងនៅក្នុង អំឡុងពេល នៃរបាយការណ៍លើកមុន ហើយបានកំណត់ផ្តល់ថវិកាចំនួន ៥០០,០០០ដុល្លារ សហរដ្ឋអាមេរិកដល់គណៈកម្មាធិការ អន្តរក្រសួង ដែលដឹកនាំការងារប្រយុទ្ធប្រឆាំង នឹងការជួញដូរមនុស្សរបស់ប្រទេសកម្ពុជា។ របាយការណ៍ឆ្នាំ២០១៦នេះ ក៏បានកត់ សំគាល់ឃើញថា ដំណើរជឿនលឿនរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់ទោសនិងដាក់ទោស ពិសេសលើបទសល្មើសនៃការជួញដូរ កម្លាំងពលកម្ម៕