(តាកែវ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងម្ចាស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ដែលស្ថិតនៅស្រុកបាទី ខេត្តតាកែវ បានជំរុញ និងលើកទឹកចិត្តដល់កសិករនៅជុំវិញតំបន់នេះ គួរងាកមកដាំស្មៅ និងពោតសម្រាប់ផ្គត់ផ្គង់ដល់កសិដ្ឋាន ដើម្បីទទួលបានផលចំណេញ ខណៈកសិដ្ឋាននេះ មានគម្រោងពង្រីកផលិតកម្ម និងការចិញ្ចឹមគោយកទឹកដោះឱ្យបាន ៣០០០ពាន់ក្បាលនៅឆ្នាំ២០២៥ខាងមុខ។
ក្នុងដំណើរទស្សនកិច្ចនៅកសិដ្ឋានគិរីសួគ៌ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឌិត ទីណា បានកត់សម្គាល់ថា ប្រជាពលរដ្ឋជុំវិញតំបន់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះកសិដ្ឋានគិរីសួគ៌ មានឱកាសច្រើន ក្នុងការទទួលបានផលចំណេញពីកន្លែងចិញ្ចឹមគោយកទឹកដោះដ៏ធំជាងគេនៅកម្ពុជា ដោយប្រើបច្ចេកវិទ្យាទំនើបបំផុតនេះ តាមរយៈការដាំស្មៅផ្គត់ផ្គង់ឱ្យកសិដ្ឋាន និងការរៀនពីបច្ចេកទេសចិញ្ចឹមគោ យកទឹកដោះនៅថ្ងៃខាងមុន។
លោកថា «តាមពិតនៅពេលដែលយើងចូលធ្វើការពិនិត្យមើលជាមួយគ្នា និងសិក្សាឱ្យច្បាស់ពីតម្រូវការផ្សេងៗ យើងរកឃើញនូវឱកាសចំណេញទាំងអស់គ្នា គឺការសហការគ្នានេះហើយ។ យើងមិនមានដីសម្បទានសម្រាប់ក្រុមហ៊ុនតទៅទៀតទេ ក៏ប៉ុន្តែកសិករផ្សេងៗ ក៏អាចចូលរួមពង្រីកនៅក្នុងសង្វាក់ផលិតកម្មផ្សេងៗ តាមរយៈការធ្វើការដាំដុះតាមកិច្ចសន្យា ហើយរក្សាទ្រព្យសម្បត្តិរបស់ខ្លួនឯងបានផងដែរ»។
លោកបានផ្ដល់អនុសាសន៍ដល់កសិដ្ឋាន អំពីការធ្វើពិពិធកម្មដំណើរការផលិតរបស់ខ្លួន ដើម្បីផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋនៅតំបន់ជុំវិញ ដោយកសិដ្ឋានគួរពង្រីកផ្ទៃដីស្មៅសម្រាប់ផ្គត់ផ្គង់ចំណីគោ តាមរយៈការចុះកិច្ចសន្យាជាមួយប្រជាពលរដ្ឋដែលមានដីធំ។
លោកបន្ថែមថា នាពេលខាងមុខ លោកនឹងធ្វើការសិក្សានៅទីតាំងណាដែលមានសក្តានុពល ដើម្បីចុះជួបប្រជាពលរដ្ឋនាពេលខាងមុន ក្នុងការឱ្យប្រជាពលរដ្ឋពិចារណាប្តូរការដាំដុះស្រូវមកដាំស្មៅ ដែលអាចផ្តល់ផលចំណេញច្រើនជាង។ ប៉ុន្តែអ្វីដែលសំខាន់នៅចំពោះមុខ គឺត្រូវកសាងទំនុកចិត្តដល់កសិករជាមុនសិន។
លោកគូសបញ្ជាក់យ៉ាងដូច្នេះថា «ចំណុចសំខាន់ គឺការកសាងទំនុកថា មិនមានការបាត់បង់ដី មិនមានការកេងផលប្រយោជន៍ចំពោះកិច្ចសន្យាកសិកម្ម ខ្ញុំនឹងធ្វើការងារនេះសម្រាប់ទៅមុខ ដើម្បីឱ្យកសិករចូលរួមជាមួយគ្នា ក្នុងការពង្រីកផលិតកម្មរបស់កសិដ្ឋាននេះ។ [….] ឧបមារថា នៅទីនេះធ្លាប់ធ្វើស្រែតើមួយហិចតាបានផលប៉ុន្មាន ក្នុងមួយឆ្នាំ។ដូចនេះយើងគិតជាមួយគ្នា ពេលខ្លះដាំស្មៅអាចចំណេញជាងធ្វើស្រែ យើងអាចមិនជឿទេ ប៉ុន្តែដោយសារថា ការដាំស្មៅមានបច្ចេកទេស មានប្រភេទពូជស្មៅដែលមិនវិនិយោគអស់ច្រើន។ស្មៅមួយចំនួនដាំតែម្តងបាន៥ឆ្នាំ ហើយមួយឆ្នាំច្រូតបាន៦ដង។ បើទោះបីស្មៅវាថោកជាងស្រូវមែន តែស្រូវមួយឆ្នាំយើងអាចធ្វើបាន២ដងក្នុងមួយឆ្នាំ។ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋនៅតំបន់ជុំវិញនេះយកទៅពិចារណា ហើយយើងធ្វើការងារជាមួយគ្នាបន្តទៀត ដើម្បីចង់ក្រងគ្នា ផ្តល់ទំនុកកាន់តែខ្លាំង»។
លោក ជី សិលា សហស្ថាបនិកកសិដ្ឋានគិរី លើកឡើងថា ប្រសិនបើតំបន់ណា ដែលដាំស្រូវមិនបានល្អ គួរតែងាកមកដាំស្មៅវិញ ព្រោះស្មៅងាយស្រួលក្នុងការដាំដុះ ហើយដាំម្តងបានរហូតដល់៥ឆ្នាំ ដោយក្នុងមួយឆ្នាំច្រូតបានប្រមូល៦ដង ខណៈការចំណាយលើការដាំដុះ និងថែទាបក៏ទាបជាងផងដែរ។
លោកបានឱ្យដឹងថា ក្នុងការដាំស្មៅ ក្នុងមួយឆ្នាំអាចទទួលបានផលពី៤០០ទៅ៥០០តោន ក្នុងមួយហិកតា ដែលក្នុងមួយតោនតម្លៃពី២០ ទៅ ៣០ដុល្លារ។
លោកបន្តថា កន្លងមកលោកក៏ធ្លាប់ជួបជាមួយសហគមន៍មួយ នៅស្រុកព្រៃកប្បាស ដែលមានសមាជិកចំនួន៨០០គ្រួសារ ដើម្បីសាកល្បងសហការជាមួយសហគមន៍នេះផងដែរ។
លោកបន្តថា «យើងនឹងព្យាយាម យើងនឹងខំចំណាយពេលឱ្យបានកាន់តែច្រើន ជាមួយកសិករ ជាពិសេសជាមួយអ្នកនៅជុំវិញនេះ ដែលគាត់ធ្វើស្រែ ឬអ្នកដែលមានដីទំនេរអត់ធ្វើអី យើងអាចឱ្យគាត់ប្រវាស់»។
បើតាមម្ចាស់កសិដ្ឋានរូបនេះ នាពេលខាងមុខលោកមានគម្រោងពង្រីកគោយកទឹកដោះឱ្យបាន៣០០០ក្បាល នៅឆ្នាំ២០២៥ ដើម្បីពង្រីកផលិតកម្ម និងការផ្គត់ផលិតផលឱ្យបានច្រើនប្រភេទនៅលើទីផ្សារ។
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ដែលស្ថិតនៅភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ បានដំណើរការរយៈពេលជាង ៤ឆ្នាំមកហើយ តាំងពីផ្ដើមការសាងសង់រហូតដល់ទទួលបានតំណក់ទឹកដោះគោដំបូង។
កាលពីឆ្នាំ២០២០ សត្វគោដែលត្រូវបានចិញ្ចឹម នៅកសិដ្ឋានគិរីសួគ៌ ត្រូវបានដឹកតាមយន្តហោះពីអូស្ត្រាលីចំនួន ៥០០ជាងក្បាល។ មកដល់សព្វថ្ងៃនេះ សត្វគោបានកើតកូនចៅរហូតដល់ជំនាន់ទី៣ហើយ ដោយចំនួនសរុបចូលជាង ១ពាន់ក្បាល។
ក្នុង១ថ្ងៃ កសិដ្ឋានគិរីសួគ៌ផលិតទឹកដោះគោស្រស់បានប្រហែលពី ១២០០០ ទៅ ១៥០០០លីត្រ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការប្រចាំ។ កសិដ្ឋានក៏បានលក់ចែកចាយផលិតផលរបស់ខ្លួនមានទឹកដោះគោស្រស់ និងយ៉ាអួ ច្រើនរសជាតិ នៅលើទីផ្សារ តាមផ្សារទំនើប ផ្សារធម្មតា ពីរបីពាន់កន្លែង៕