(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងភរិយាគឺ លោកស្រី Peng Liyuan បានចូលគាល់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នៅឯផ្ទះសំណាក់រដ្ឋ Diaoyutai ក្នុងទីក្រុងប៉េកាំង នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ កំពុងគង់ប្រថាប់នៅប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គ។

ក្នុងពេលចូលគាល់ និងជួបសាវនាការនោះ លោកប្រធានាធិបតី ស៊ី ជីនពីង បាលើកឡើងថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ជាង៦៥ឆ្នាំមកនេះ ទោះជាស្ថានភាពអន្តរជាតិមានការវិវឌ្ឍន៍យ៉ាងណាក្តី ក៏មិត្តភាពរវាងចិន និងកម្ពុជាគង់នៅស្ថិតស្ថេរជារៀងរហូត និងបានបញ្ចេញនូវភាពរឹងមាំថ្មី ហើយទំនាក់ទំនងទ្វេភាគីបានក្លាយជាគំរូអន្តរជាតិ។

លោក ស៊ី ជីនពីង បាននិយាយទៀតថា នេះគឺដោយសារតែចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងមេដឹកនាំជំនាន់មុនរបស់ចិន និងអតីតព្រះមហាក្សត្រ នរោត្តម ស៊ីហនុ។

ទន្ទឹមនឹងនោះ លោក ស៊ី ជីនពីង ក៏បានរំលឹកផងដែរថា ការផ្តល់មេដាយមិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយសម្តេចម៉ែ ក្នុងឆ្នាំ២០២០ គឺដើម្បីថ្លែងអំណរព្រះគុណដល់ទ្រង់ ចំពោះការរួមចំណែកដ៏ពិសេសរបស់ទ្រង់ចំពោះទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា។

លោក ស៊ី ជីនពីង បានលើកឡើងយ៉ាងដូច្នេះថា «យើងចង់ដឹកនាំទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា ដើម្បីអនុញ្ញាតឱ្យមិត្តភាពរវាងប្រទេសទាំងពីរបានឆ្លងកាត់ពីមួយជំនាន់ទៅមួយជំនាន់ ហើយសរសេរជំពូកថ្មីមួយក្នុងការកសាងសហគមន៍ចិន-កម្ពុជានៃអនាគតរួមគ្នា»

លោកប្រធានាធិបតី ក៏បានសង្កត់ធ្ងន់ផងដែរថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីកសាងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួនប្រាំមួយ និងគាំទ្រកម្ពុជាក្នុងការកសាង «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងត្រី និងស្រូវ» ដោយបន្ថែមថា ប្រទេសរបស់លោកក៏ត្រៀមខ្លួនជាស្រេច ក្នុងការពន្លឿនការសាងសហគមន៍ចិន-កម្ពុជានៃអនាគតរួមគ្នា៕