(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Land Cambodia លោកឧកញ៉ា សៀ រិទ្ធី បានថ្លែងថា ចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋកម្ពុជា ដែលមានជីវភាពកម្រិតមធ្សម និងទាប ដែលស្នាក់នៅរាជធានីភ្នំពេញ នឹងមានគេហដ្ឋានយ៉ាងស្រស់ស្អាត ដែលរចនាបថយ៉ាងទំនើប ជាស្នាដៃកូនខ្មែរពិតៗ ជាមួយនឹងគុណភាពខ្ពស់ លក់ជូនក្នុងតម្លៃសមរម្យបំផុត ចាប់ពី២-៣ម៉ឺនដុល្លារឡើងទៅ ដោយមានការបង់រំលស់ក្នុងរយៈពេលយូរ ។
លោកបានលើកឡើង ក្នុងពិធីប្រគល់រង្វាន់ជយលាភីរចនាម៉ូដផ្ទះ មានតម្លៃសមរម្យសម្រាប់ អ្នកមានចំណូលទាប និងមធ្សមនៅភោជនីយដ្ឋាន Ashima ទៀតថា «ខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋយើងនឹងសប្បាយរីករាយពេលដែលដឹងដំណឹងនេះ ព្រោះគេហដ្ឋានដែលយើងសាងសង់នេះ មានចំងាយប្រមាណពី១៥ គីទ្បូម៉ែត្រពីភ្នំពេញ ស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលផងដែរ ដែលមានតម្លៃសមរម្យបំផុត សម្រាប់បងប្អូនមានជីវភាពមធ្សម និងទាប ម្យ៉ាងវិញទៀតសម្រាប់ការរចនា ដែលមានភាពល្អប្រណិតច្នៃចេញពីស្នាដៃកូនខ្មែរ ដែលឆ្លងកាត់ប្រកួតរចនាម៉ូដយ៉ាងហ្មត់ចត់ នៃសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ដែលជាសាកលវិទ្យាល័យ រដ្ឋល្បីល្បាញ ខាងផ្នែកស្ថាបត្យកម្ម និងនគរូបនីយកម្ម»។
លោកបន្ថែមថា «ក្នុងនាមខ្ញុំជាកូនខ្មែរ ហើយខ្ញុំជាអ្នកអភិវឌ្ឍន៍នៅក្នុងស្រុកមួយរួប ខ្ញុំចង់បានអ្វីដែលបរទេសធ្វើបាន ខ្មែរយើងក៏អាចធ្វើបានយ៉ាងល្អឥតខ្ចោះ បានដែលចឹងខ្ញុំជំរុញលើកទឹកចិត្ដឲ្យកូនខ្មែរយើង ផ្នែកស្ថាបត្យកម្ម និងនគរូបនីយកម្មទាំងអស់ សូមឲ្យគាត់ចូលរួមអភិវឌ្ឍន៍ ក្នុងគំនូរប្លង់ជូនអ្នកអភិវឌ្ឍផ្សេងៗ ដើម្បីឲ្យគេដឹងថា កូនខ្មែរយើងមិនអន់ទេ កូនខ្មែរយើងក៏អាចធ្វើបានដែរ តែដោយសារពេលខ្លះគាត់អត់មានឱកាស ដូច្នេះក្រុមហ៊ុន Worldbridge Land យើងនឹងផ្ដល់ឱកាសឲ្យពួកគាត់ ដោយអ្វីដែលយើងសាងសង់ ជាស្នាដៃរបស់កូនខ្មែរយើង»។
លោកថ្លែងទៀតថា បន្ទាប់ពីមានការប្រកួតរចនាម៉ូដផ្ទះ ដែលសហការរវាងក្រុមហ៊ុន Worldbridge Land Co., Ltd និងសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ដែលជាសាកលវិទ្យាល័យរដ្ឋល្បីល្បាញ ខាងផ្នែកស្ថាបត្យកម្ម និងនគរូបនីយកម្មកន្លងមកនេះ ក៏បានរកឃើញក្រុម ដែលទទួលជយលាភីលេខ១ ដល់លេខ៣ផងដែរ ដោយលេខ១ ទទួលបាន៥ពាន់ដុល្លារ ,លេខ២ចំនួន៣ពាន់ដុល្លារ និងលេខ៣ ចំនួន២ពាន់ដុល្លារ ដោយលេខ១ និងលេខ៣ បានលើកក្រុមតែមួយ ដែលមានសមាជិកបីនាក់។
គួរបញ្ជាក់ថា និស្សិតដែលចូលរួមប្រកួតមានចំនួន១៣២នាក់ ក្នុងនោះមាន៥៤ក្រុម ដោយគណៈកម្មការរបស់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានជ្រើសរើស១២ក្រុម ក្នុងនោះមានម៉ូដផ្ទះចំនួន៣ ដែលនាំមុខគេ ហើយសម្រាប់ផ្ទះទាំងបីនោះ ក៏ត្រូវបានដាក់ឲ្យសាធារណៈការធ្វើការបោះឆ្នោតជាសាធារណៈ តាមបណ្ដាញសង្គម Facebook ផងដែរ៕