(សៀមរាប)៖ ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ ត្រូវបានរៀបចំឡើង​នៅ​ខេត្តសៀមរាប មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ពិព័រណ៍នេះ មានការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរ បន្លែ ផ្លែឈើ វត្ថុអនុស្សាវរីយ៍ ផលិតផលរបស់សហគមន៍ និងផលិតផលភូមិ១ ផលិតផល១ មកពីរាជធានី-ខេត្តចំនួន១២ ដោយមានក្រុមហ៊ុន សហគ្រាស និងអាជីករក្នុងស្រុកចូលរួមចំនួនជាង១០០។ ក្នុងពិព័រណ៍នេះ ក្រសួងពាណិជ្ជកម្ម ក៏មានរៀបចំព្រឹត្តិការណ៍អមមួយចំនួនទៀត ដូចជា ការចម្អិនម្ហូបអាហារខ្មែរ កម្មវិធីសិក្ខាសាលាស្តីពីការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្កានុពលកម្ពុជា កម្មវិធីផ្គូរផ្គងពាណិជ្ជកម្ម កិច្ចពិភាក្សាស្តីពីបន្លែសុវត្ថិភាពសម្រាប់កុមារ និងការលេងសិល្បៈខ្មែរ​កំដរក្នុងពេលរាត្រីផងដែរ។

ពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ ក្នុងឱកាសយុទ្ធនាការទិញ​ផលិតផល​ខ្មែររដូវកាលទី៨ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីលោក ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ព្រមទាំងលោកឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ផលិតករ ពាណិជ្ជករ កសិករ និស្សិត សរុបប្រមាណ ៣០០នាក់។

ថ្លែងនៅក្នុងពិធីសម្ពោធពិព័រណ៍នោះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានមានប្រសាសន៍ថា យុទ្ធនាការទិញ​ផលិតផលខ្មែរ គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តគោលនយោបាយ​អភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម​របស់​ក្រសួងពាណិជ្ជកម្ម។ យុទ្ធនាការនេះ គឺជាសំឡេងជួងដាស់ស្មារតីប្រជាជនកម្ពុជា​ឱ្យងាកមកចូល​រួម​គាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសទំនិញនាំចូលពីបរទេសជាជំហានៗ។

លោករដ្ឋមន្ត្រីបន្តថា តាមរយៈការរៀបចំយុទ្ធនាការទិញផលិតផលខ្មែរចំនួន៧រដូវកាលកន្លងមកនេះ បានជួយពង្រឹងខ្សែច្រវាក់ផលិតកម្មក្នុងស្រុកជាបណ្តើរៗ ហើយផលិតករកម្ពុជា ក៏មានចំណេះដឹង ចំណេះធ្វើ និងទទួលបានបទពិសោធន៍ល្អៗជាច្រើន សម្រាប់ពង្រឹង និងពង្រីកផលិតកម្ម អភិវឌ្ឍន៍ផលិតផល និងសេវារបស់ខ្លួនបម្រើឱ្យទីផ្សារ។

«ជាលទ្ធផលយើងសង្កេតឃើញថា ផលិតផលខ្មែរមានវត្តមាននៅលើទីផ្សារកាន់តែច្រើន ទាំងទីផ្សារ​ក្នុងស្រុក ហាងលក់ទំនិញក្នុងអាកាសយានដ្ឋាន និងទីផ្សារនៅបរទេស និងមានការរីកចម្រើនទៅ​មុខ​ទាំងគុណភាព សុវត្ថិភាព សោភ័ណភាព និងអនាម័យ ដែលអាចទុកចិត្តបានសម្រាប់​អ្នកប្រើប្រាស់​ទូទៅ»។ នេះជាការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រីពាណិជ្ជកម្ម។

លោករដ្ឋមន្ត្រី ក៏បានប្រៀបធៀបផលិតផលកម្ពុជា ជាមួយផលិតផលរបស់បរទេស​ ដែលកំពុងធ្វើ​ចរាចរ​​នៅលើទីផ្សារទាំងក្នុងក្របខ័ណ្ឌតំបន់ និងទីផ្សារសកល ឃើញថាការការរីកចម្រើនរបស់​ផលិត​ផល​ខ្មែរនៅមានកម្រិតនៅឡើយ។

លោក ប៉ាន សូរស័ក្តិ ក៏បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់​ត្រូវរួមគ្នាជួយលើកកម្ពស់ផលិត​ផ​ល​​ក្នុងស្រុក ជំរុញការផ្សព្វផ្សាយ និងប្រើប្រាស់ឱ្យបានទូលំទូលាយ ខណៈដែលក្រសួងពាណិជ្ជកម្ម​កំពុងខិតខំធ្វើពិពិធកម្មទីផ្សារបន្ថែម លើទីផ្សារដែលមានស្រាប់ តាមរយៈការចរចាបង្កើតតំបន់​ពាណិជ្ជកម្មសេរី​ទ្វេភាគីកម្ពុជា-ចិន, កម្ពុជា-សាធារណរដ្ឋកូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម ដែលនឹងបញ្ចប់នៅពេលឆាប់ៗនេះ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីជាមួយដៃគូពាណិជ្ជកម្មនានាជាច្រើនទៀត ដែលធ្វើឱ្យទីផ្សារទំនិញ សេវាកម្ម និងវិនិយោគកម្ពុជាកាន់តែទូលំទូលាយ។

លោករដ្ឋមន្ត្រី បានជំរុញដល់ផលិតករ ពាណិជ្ជករកម្ពុជា ត្រូវខិតខំបង្កើតគំនិតច្នៃប្រឌិតថ្មីៗ​បន្ថែម​ទៀត និងរៀបចំទំនិញសម្រាប់បម្រើទីផ្សារ ដោយអនុលោមតាមគោលការណ៍ «ភក្តីភាពចំពោះពាណិជ្ជកម្ម» គឺផលិតផលត្រូវតែមានគុណភាព មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ អនុលោមតាមស្តង់ដារអនាម័យ និងមានតម្លៃសមរម្យ នោះទើបអាចចូលរួមប្រកួតប្រជែង​ក្នុងទីផ្សារសេរីបាន៕