(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះប្រគល់តូបសម្រាប់លក់ដូរ ជាកម្មសិទ្ធស្របច្បាប់ចំនួន២តូប ដល់អាជីវករចំនួន២រូប នៅផ្សារអូរឬស្សី សង្កាត់អូរឬស្សី ក្រុងក្រចេះ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ដោយមើលឃើញពីក្តីកង្វល់របស់ពួកគាត់ជាអាជីវករចាស់ ដែលធ្លាប់មានតូបលក់ដូរក្នុងផ្សារសាមគ្គី សង្កាត់អូរឬស្សី ក្រុងក្រចេះ ដែលជាអំណោយចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីជាទីតាំងទុកឲ្យមានឱកាសប្រកបរបររកស៊ី បង្កើនជីវភាពគ្រួសារប្រចាំថ្ងៃ និងដើម្បីកាត់បន្ថយការធ្វើចំណាកស្រុករកការងារធ្វើ លោកបានចំណាយថវិកាផ្ទាល់ដើម្បីទិញតូបចំនួន២កន្លែង ពីអាជីវករមកប្រគល់ជូនពួកគាត់ទាំង២នាក់ ដើម្បីបញ្ចប់ទំនាស់ និងក្តីកង្វល់របស់គាត់ក្នុងការប្រកបមុខរបរប្រចាំថ្ងៃ។

ក្នុងឱកាសនោះ លោកបានបន្តចុះពិនិត្យមើលពីស្ថានភាព និងសណ្តាប់ធ្នាប់នៃការរៀបចំ និងការលក់ដូររបស់អាជីករ និងដើម្បីជួយសំណេះសំណាលក្តាប់បញ្ហា និងការសំណូមពរ ដែលជួបប្រទះនៅក្នុងរបររកស៊ីប្រចាំថ្ងៃ ជាមួយគណៈគ្រប់គ្រងផ្សារ ដើម្បីសម្របសម្រួល និងរកវិធីដោះស្រាយ។

លោក វ៉ា ថន ក៏បានស្នើសុំឲ្យគណៈគ្រប់គ្រងផ្សារ បងប្អូនអាជីវករ សូមចូលរួមគោរព និងអនុវត្តន៍ទៅតាមច្បាប់ដែលបានកំណត់ ដោយការយោគយល់អធ្យាស្រ័យខ្ពស់ និងចូលរួមរក្សាសណ្តាប់លក់ និងសម្អាតអនាម័យខ្ពស់ ដើម្បីជាសោភ័ណ្ឌភាព ផាសុខភាព និងដើម្បីងាយស្រួលអន្តរាគមន៍ជួយសង្រ្គោះជាយកថាហេតុណាមួយ។

ពួតគាត់ទាំងពីរ សម្ដែងនូវក្តីសប្បាយរីករាយ និងអរគុណចំពោះលោកអភិបាលខេត្ត ដែលបានគិតគូរពីទុក្ខលំបាករបស់ពួកគាត់ជាអាជីវករចាស់ដែលបានប្របករបរលក់ដូររកស៊ីនៅក្នុងផ្សារសង្កាត់អូរឬស្សី ក្រុងក្រចេះនេះ ដើម្បីបញ្ចប់ទំនាស់៕