(ភ្នំពេញ)៖ ដើម្បីទទួលបានផ្លូវបេតុងដែលមានគុណភាពល្អ និងចៀសវាងមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយប្រការណាមួយ ជុំវិញការស្ថាបនា ផ្លូវបេតុងចូល​សាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង នោះអាជ្ញាធរខណ្ឌដង្កោ តែងតែយកចិត្តទុកដាក់ ចុះពិនិត្យការស្ថាបនាញឹកញាប់ និងចុះណែនាំនឹងជូនដំណឹង បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះ ឲ្យរុះរើសនៅសម្ភារ ឬក៏របស់របរផ្សេងៗចេញ ដើម្បីងាយស្រួលដល់ការស្ថាបនាផ្លូវ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ តំណាងអភិបាលខណ្ឌលោក នុត ពុធដារ៉ា បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យការនឹងវាស់វែង ត្រង់ចំណុចផ្លូវដែលកំពុងស្ថាបនាមួយនេះ។

ក្នុងនោះលោកអភិបាលរង បានឲ្យដឹងថា ផ្លូវបេតុងដែលត្រូវស្ថាបនាមានទំហំ ទទឹង៣០ម៉ែត្រ បណ្តោយ៦៥៣ម៉ែត្រ កម្រាស់១តឹកន្លះ ប៉ុន្តែស្ថាបនា​ជាដំណាក់កាល បន្តបន្ទាប់ ដោយដំណាក់ទី១ ឆ្នាំ២០១៦ ស្ថាបនាផ្លូវបេតុងប្រវែង៦៥៣មទទឹង៧ម។ ឆ្នាំបន្ទាប់ពង្រីកសងខាងម្ខាងទទឹង២ម និងដាក់លូ​សងខាងមុខកាត់១ម។ហើយដំណាក់បន្ទាប់ក្រោយពីប្រជាលរដ្ឋរុះរើសសំយ៉ាតផ្ទះ ឬក៏របស់ផ្សេងៗដែលប៉ះផលដល់ការស្ថាបនាផ្លូវចេញអស់នោះ អាជ្ញាធរស្ថាបនាឲ្យ ត្រូវនឹងស្តង់ដាដែលបានកំណត់ គឺទទឹង៣០ម៉ែត្រ បណ្តោយ  ៦៥៣ ម៉ែត្រកម្រាស១តឹកន្លះ។

ក្នុងឱកាសខាងលើ លោកអភិបាលរង បានផ្តាំផ្ញើដល់ក្រុមហ៊ុនដែលទទួលម៉ៅការស្ថាបនាផ្លូវបេតុងនេះ ត្រូវគោរពតាមកិច្ចសន្យា នឹងធ្វើទៅតាមស្តង់ដា មិនត្រូវធ្វើដោយមាន​ កិបកេងនាំឲ្យផ្លូវឆាប់ខូចនៅពេលស្ថាបនារួច៕