(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក Alain Berset រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនៃសហព័ន្ធស្វីស និងដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមសន្និបាតអន្តរជាតិថ្នាក់រដ្ឋមន្រ្តីសុខាភិបាល ស្តីពីសុវត្ថិភាពអ្នកជំងឺ លើកទី៥ ក្រោមប្រធានបទ «កាត់បន្ថយការប៉ះពាល់ ការថែទាំកាន់តែប្រសើរ-ពីដំណោះស្រាយទៅជាការអនុវត្តជាក់ស្តែង» នៅទីក្រុងម៉ុងត្រឺ នៃប្រទេសស្វីស ដែលមានថ្នាក់រដ្ឋមន្រ្តីចូលរួមជាង៨០ប្រទេស និងមានការចូលរួមរបស់លោកវេជ្ជបណ្ឌិត Tedros អគ្គនាយកអង្គការសុខភាពពិភពលោក។
ក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញថ្លែងបទអន្តរាគមន៍ ដែលមានខ្លឹមសារដូចខាងក្រោម៖
រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានពាំនាំនូវការកោតសរសើរ និងថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនចំពោះរដ្ឋាភិបាលសហព័ន្ធស្វីស ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ បន្ទាប់ពិភពលោកបានរងនូវការរីករាលដាលនៃជំងឺកូវីដ-១៩។
ផែនការសកម្មភាពសុវត្ថិភាពអ្នកជំងឺជាសាកល របស់អង្គការសុខភាពពិភពលោក បានគូសបញ្ជាក់ថា ផលប៉ះពាល់ជាប្រយោជន៍នៃការទទួលបានសេវាសុខភាពកាន់តែប្រសើរឡើង អាចនឹងមិនសម្រេចបានដោយការថែទាំដែលមិនមានសុវត្ថិភាព។ សុវត្ថិភាពអ្នកជំងឺ គឺជាអាទិភាពមួយក្នុងផែនការយុទ្ធសាស្រ្តសុខាភិបាល ២០២១-២០៣០ របស់កម្ពុជា។
លោករដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍ ដោយឈរលើបទពិសោធន៍របស់កម្ពុជា ក្នុងការធានាសេវាសុខាភិបាលជាសារវ័ន្ត រួមទាំងសុវត្ថិភាពអ្នកជំងឺ ក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដូចខាងក្រោម៖
១៖ រក្សាសន្តិភាព សន្តិសុខសង្គម និងស្ថេរភាពបរិស្ថាន (ការប្រែប្រួលអាកាសធាតុ) គឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខសុខភាពរបស់មនុស្សជាតិទូទាំងពិភពលោក។
២៖ កាត់បន្ថយជាអតិបរមាគ្រោះថ្នាក់ដែលអាចជៀសវាងបានទាំងផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកជំងឺ។
៣៖ ពង្រឹងប្រព័ន្ធសុខាភិបាលអាចជឿជាក់បាន ដែលអាចការពារអ្នកជំងឺពីគ្រោះថ្នាក់។
៤៖ បង្កើតប្រព័ន្ធទទួលស្គាល់គុណភាពមូលដ្ឋានសុខាភិបាល និងអ្នកប្រតិបត្តិវិជ្ជាជីវៈសុខាភិបាល។
៥៖ ការចូលរួមនិងផ្តល់អំណាចដល់អ្នកជំងឺ និងក្រុមគ្រួសារ ដើម្បីជួយនិងគាំទ្រ ឈានទៅសម្រេចបានការថែទាំសុខភាពប្រកបដោយសុវត្ថិភាព។
៦៖ បំផុស អប់រំ ផ្តល់ជំនាញ និងការពារបុគ្គលិកសុខាភិបាលគ្រប់រូប ក្នុងការរួមចំណែកបង្កើតប្រព័ន្ធ និងការផ្តល់សេវាថែទាំប្រកបដោយសុវត្ថិភាព។
៧៖ បច្ចុប្បន្នកម្មច្បាប់ បទប្បញ្ញត្តិ គោលការណ៍ណែនាំ ឧបករណ៍វាយតម្លៃដែលទាក់ទងនឹងសុវត្ថិភាពអ្នកជំងឺ។
៨៖ ធ្វើឱ្យប្រសើរឡើងប្រព័ន្ធគ្រប់គ្រងព័ត៌មាន ដើម្បីធានាការសម្រេចចិត្តត្រឹមត្រូវ។
៩៖ អភិវឌ្ឍប្រកបចីរភាពនៃកិច្ចសហប្រតិបត្តិការពហុវិស័យ ពហុជាតិសាសន៍ ការចូលរួមរបស់សហគមន៍ ភាពជាដៃគូ និងសាមគ្គីភាព។
ប្រទេសកម្ពុជាគាំទ្រសេចក្តីថ្លែងការ Montreux ស្តីពីសុវត្ថិភាពអ្នកជំងឺក្រោមប្រធានបទ «កាត់បន្ថយផលប៉ះពាល់ ការថែទាំកាន់តែប្រសើរ៖ ពីដំណោះស្រាយទៅជា ការអនុវត្តជាក់ស្តែង» ដែលជាការប្តេជ្ញាចិត្តរបស់ប្រទេសទាំងអស់ ដើម្បីធានាការផ្តល់សេវាថែទាំសុខភាពដល់អ្នកជំងឺប្រកបដោយសុវត្ថិភាព។
ក្នុងអំឡុងពេលសន្និបាតអន្តរជាតិថ្នាក់រដ្ឋមន្រ្តីសុខាភិបាលស្តីពីសុវត្ថិភាពអ្នកជំងឺ លើកទី៥ លោករដ្ឋមន្រ្តីក៏បានឆ្លៀតជួបពិភាក្សាការងារជាលក្ខណៈទ្វេភាគីជាមួយ លោកវេជ្ជបណ្ឌិត Francois Braun រដ្ឋមន្រ្តីក្រសួង សុខាភិបាលនៃសាធារណរដ្ឋបារាំង និងលោកវេជ្ជបណ្ឌិត Joseph Phaala រដ្ឋមន្រ្តីក្រសួងសុខាភិបាល អារ៉ាបីសាអ៊ូឌីត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសុខាភិបាល។
សន្និបាតអន្តរជាតិថ្នាក់រដ្ឋមន្រ្តីសុខាភិបាល ស្តីពីសុវត្ថិភាពអ្នកជំងឺលើកទី៥ បានបញ្ចប់ដោយជោគជ័យ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសចូលរួមទាំងអស់ ក្នុងការប្តេជ្ញាចិត្តខ្ពស់ធានាឱ្យបាននូវសុវត្ថិភាពអ្នកជំងឺ។ សន្និបាតអន្តរជាតិថ្នាក់រដ្ឋមន្រ្តីសុខាភិបាល ស្តីពីសុវត្ថិភាពអ្នកជំងឺលើកទី៦ នឹងត្រូវរៀបចំ នៅប្រទេសឈីលី នាឆ្នាំ២០២៤ ខាងមុខ៕