(ភ្នំពេញ)៖ ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា ដែលជាគំនិតផ្ដួចផ្ដើមបង្កើតឡើងនៅឆ្នាំ២០០៥ ដោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ បើគិតមកដល់បច្ចុប្បន្ននេះ ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់នេះ បានផ្ដល់ជូនប្រជាពលរដ្ឋជាង៨ពាន់គ្រួសារ រស់នៅក្នុងខេត្ដចំនួន ៧ រួមមាន៖ ខេត្ដកណ្ដាល ពោធិ៍សាត់ បាត់ដំបង បៃលិន បន្ទាយមានជ័យ ឧត្ដរមានជ័យ និងខេត្ដព្រះវិហារ។

នេះបើតាមការបញ្ជក់របស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខធិការកាកបាទក្រហមកម្ពុជា ក្នុងកិច្ចសម្ភាសជិត៣០នាទីជាមួយបណ្ដាញព័ត៌មាន Fresh News។

លោកស្រីបានថ្លែងបន្ដថា មុននឹងឈានដល់ការផ្ដល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់នេះ កាកបាទក្រហមកម្ពុជា បានអនុវត្ដកម្មវិធីអប់រំលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម និងប្រមូលទិន្ន័យជនរងគ្រោះដោយសារមីន តាំងពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ននេះ។ ឱកាសចុះអប់រំផ្សព្វផ្សាយនេះហើយ បានស្វែងយល់ពីបញ្ហារបស់ប្រជាជនកំពុងប្រឈម និងបានដឹងថាការអប់រំតែមួយមុខ មិនអាចជួយពួកគាត់ផុតពីការរងគ្រោះដោយមីននោះទេ ដោយសារតែមិនមានមុខរបរអ្វីសោះក្រៅពីចូលព្រៃ ទៅជីកទំពាំង បោចវល្ល៍ បន្លែ ផ្លែឈើ និងរើសគ្រាប់មីនជាដើម ដើម្បីយកមកច្នៃលក់បានជាប្រាក់កម្រៃចិញ្ចឹមគ្រួសារប្រចាំថ្ងៃ។

«កត្ដាហានិភ័យនេះហើយ ទើបសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្កើតនូវប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់នេះឡើង ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ប្រឈមនឹងគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម ឈប់បន្ដចូលទៅរកភោគផលនៅក្នុងព្រៃទៀត ដោយយកប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់នេះទៅបង្កើតមុខរបរតូចមួយ ដើម្បីចិញ្ចឹមគ្រួសារបាន ពិសេសសម្រាប់ជនពិការរួចទៅហើយ»។ នេះបើតាមការបានគូសបញ្ជាក់បន្ថែមរបស់លោកស្រី។

ដូច្នេះដើម្បីស្វែងយល់ពីការផ្ដល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រឈមខាងលើ តើមានលក្ខខណ្ឌយ៉ាងណា ហើយក្រោយទទួលបាន ពលរដ្ឋយកទៅប្រកបមុខរបរអ្វីខ្លះ ពិសេសជីវភាពពួកគាត់ក្រោយទទួលបានប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់នេះ មានស្ថានភាពយ៉ាងណាវិញ សូមអញ្ជើញទស្សនានូវកិច្ចសម្ភាសដែលមានរយៈពេលជិត៣០នាទី ដែលមានដូចតទៅ៖