(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យប្រតិភូអង្គការសមាគមសហប្រតិបត្តិការជប៉ុន-កម្ពុជា ដែលដឹកនាំដោយលោកបណ្ឌិត Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការជប៉ុន-កម្ពុជា (JCIA) និងសហការីចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងទេសចរណ៍។

នៅក្នុងជំនួបនោះ លោកបណ្ឌិត Fumio Yamada បានថ្លែងអរគុណដល់ លោករដ្ឋមន្ត្រី ថោង ខុន ដែលបានអនុញ្ញាតឱ្យលោក និងសហការីចូលជួយសម្តែងការគួរសមនាឱកាសនេះ ដោយលោកបានបញ្ជាក់ថា អង្គការសមាគមសហប្រតិបត្តិការជប៉ុន-កម្ពុជា ក្រៅពីការជួយរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើកផ្នែកជំនាញសម្រាប់ថែទាំមនុស្សចាស់ដល់ប្រជាជនកម្ពុជាហើយនោះ JCIA ក៏មានគម្រោងជួយពង្រីកការបណ្តុះបណ្តាលបន្ថែមទៅលើជំនាញទេសចរណ៍នៅកម្ពុជាផងដែរ។

ជាមួយនឹងការជួយពង្រីកការបណ្តុះបណ្តាលបន្ថែមទៅលើជំនាញទេសចរណ៍នេះ លោកបណ្ឌិត Fumio Yamada ក៏បានស្នើសុំលោករដ្ឋមន្ត្រី ថោង ខុន ជួយផ្តល់នូវមន្ត្រីជំនាញក្នុងការជួយដល់សាលាបណ្តុះបណ្តាលរបស់លោក ដើម្បីឱ្យសិក្ខាកាមបានចូលរៀនកាន់តែច្រើន និងទទួលបានប្រសិទ្ធភាពខ្ពស់។ លោកក៏បានអះអាងដែរថា ក្រោយការបណ្តុះបណ្តាលសិក្ខាកាមឱ្យមានជំនាញហើយនោះ លោកនឹងជ្រើសរើសសិក្ខាកាមនោះឱ្យទៅធ្វើការនៅសណ្ឋាគាររបស់លោកនៅក្នុងប្រទេសជប៉ុនតែម្តង។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានថ្លែងអរគុណដល់រដ្ឋាភិបាលជប៉ុន ដែលតែងតែជួយគាំទ្រដល់កម្ពុជា និងបានកោតសរសើរ និងគាំទ្រទាំងស្រុងសម្រាប់គម្រោងដែលអង្គការសមាគមសហប្រតិបត្តិការជប៉ុន-កម្ពុជា ចង់ចូលរួមជួយពង្រីកការបណ្តុះបណ្តាលបន្ថែមទៅលើជំនាញទេសចរណ៍នៅកម្ពុជា និងបានអះអាងថា មន្ត្រីជំនាញក្រសួងទេសចរណ៍នឹងត្រៀមជួយជានិច្ចផងដែរ។

បើតាមលោករដ្ឋមន្ត្រី ថោង ខុន, នៅក្នុងអាស៊ានបានដាក់ចេញនូវកម្មវិធីមួយដែលជាកម្មវិធីរួមរបស់អាស៊ាន ហើយសម្រាប់កម្មវិធីនេះក្រសួងទេសចរណ៍ជាអ្នកដឹកនាំពិនិត្យ និងវាយតម្លៃលើសាលាដែលជាដៃគូររបស់ក្រសួងទេសចរណ៍ ដើម្បីបានដឹងថាការបង្រៀនកម្មវិធីនេះបានត្រឹមត្រូវឬអត់? កម្មវិធីនេះគឺមានការពាក់ព័ន្ធទៅនឹងវិស័យសណ្ឋាគារ និងកម្មវិធីផ្សេងៗទៀតដែលរហូតដល់ ៣២មុខជំនាញ ហើយក្រសួងទេសចរណ៍ គឺជាអ្នកនាំមុខក្នុងការវាយតម្លៃលើការសិក្សានេះ ហើយក្រោយជាប់លើការវាយតម្លៃនេះ សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ និងអាចយកដើម្បីស្វែងរកកាងារធ្វើនៅក្នុងអាស៊ានបានផងដែរ។

បើតាមលោករដ្ឋមន្ត្រី ថោង ខុន ជាគោលដៅរបស់អាស៊ាន គឺចង់ឱ្យសេវាទេសចរណ៍នៅក្នុងអាស៊ាន មានគុណភាព និងឱ្យអាស៊ានមានគោលដៅតែមួយក្នុងការបង្កើតកម្មវិធីទេសចរណ៍នេះឡើង។ ជាមួយគ្នានោះលោកក៏បានថ្លែងអរគុណដល់រដ្ឋាភិបាលជប៉ុន ដែលតែងជួយដល់កម្ពុជា និងជួយឱ្យប្រជាពលរដ្ឋកម្ពុជាមានការងារធ្វើកាន់តែច្រើនផងដែរ។

លោក ថោង ខុន ក៏បានបង្ហាញក្តីសង្ឃឹមដែរថា សិក្ខាកាមបន្ទាប់ពីបានរៀននៅក្នុងសាលាបណ្តុះបណ្តាលរបស់អង្គការសមាគមសហប្រតិបត្តិការជប៉ុន-កម្ពុជា (JCIA)រួច​ និងបន្តទៅធ្វើការនៅជប៉ុន ហើយក្រោយត្រឡប់មកវិញ និងទទួលបានចំណេះដឹងកាន់តែច្រើន ហើយធ្វើការកាន់តែមានប្រសិទ្ធខ្ពស់ផងដែរ៕