(ភ្នំពេញ)៖ ទន្ដបណ្ឌិត សុខុម វិទ្ធីវុធ ប្រធានក្រុមប្រឹក្សាគណៈទន្ដពេទ្យជាតិ បានជំរុញដល់អ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រទាំងអស់ គប្បីចូលរួមយ៉ាងសកម្ម អភិវឌ្ឍន៍ចំណេះដឹងជំនាញជានិរន្ដ ដោយគោរពប្រតិបត្តិតាមក្រមសីលធម៌ ទន្ដពេទ្យ ដើម្បីលើកស្ទួយវិស័យទន្តសាស្ត្រនៅកម្ពុជា កាន់តែមានការគាំទ្រពីអតិថិជន និងអ្នកជំងឺ។
ការថ្លែងបែបនេះរបស់ទន្ដបណ្ឌិត សុខុម វិទ្ធីវុធ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសន្និសីទបច្ចេកវិទ្យាដំាបង្គោលធ្មេញកម្ពុជា ក្រោមមូលបទ «យើងរួមគ្នាអភិវឌ្ឍន៍ វិស័យដាំបង្គោលធ្មេញនៅកម្ពុជា» ដែលរៀបចំដោយសមាគមដាំបង្គោលធ្មេញក្នុងឆ្អឹងកម្ពុជា មានរយៈពេល២ថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាសណ្ឋាគារ ហ្គាឌិន ស៊ីធី ចូលរួមដោយវាគ្មិនមានបទពិសោធន៍ ជំនាញច្រើនឆ្នាំ ជាតិ-អន្ដរជាតិ ។
លោកទន្ដបណ្ឌិត សុខុម វិទ្ធីវុធ បានថ្លែងបន្ដថា គណៈទន្ដពេទ្យកម្ពុជា ជាអង្គការវិជ្ជាជីវៈតែមួយគត់ ស្វយ័តថវិកា ក្នុងការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ ទន្ដសាស្ដ្រនៅកម្ពុជា ជំរុញឱ្យមានប្រកបវិជ្ជាជីវៈទន្ដសាស្ដ្រមានគុណភាព សុវត្ថិភាព និងការគោរពក្រមសីលធម៌វិជ្ជាជីវៈ។
យោងតាមច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល គណៈទន្ដពេទ្យកម្ពុជា មានភារកិច្ចចុះបញ្ជិការផ្ដល់ និងបន្ដអាជ្ញាបណ្ណវិជ្ជាជីវៈទន្ដសាស្ដ្រដល់ទន្ដពេទ្យ មានគុណវឌ្ឍិគ្រប់គ្រាន់ មានបញ្ជាក់ពីការបន្ដអភិវឌ្ឍវិជ្ជាជីវៈបន្ដគ្មានរងបទល្មើសឧក្រិដ្ឋ និងមានកាយសម្បទាមាំមួនក្នុងការប្រកបវិជ្ជាជីវៈទន្ដសាស្ដ្រ។ ហេតុនេះសូមទន្ដពេទ្យទាំងអស់ ចូលរួមគោរពច្បាប់និងលិខិតបទដ្ឋានគតិយុត្ដនានារបស់គណៈទន្ដពេទ្យកម្ពុជា ដើម្បីចៀសផុតពីទោសទណ្ឌដែលមានចែងក្នុងច្បាប់ជាធរមាន។
«លើសពីនោះអ្នកប្រកបវិជ្ជាជីវៈទន្តសាស្ត្រទាំងអស់ គប្បីចូលរួមយ៉ាងសកម្ម អភិវឌ្ឍន៍ចំណេះដឹងជំនាញជានិរន្ដ ដោយគោរពប្រតិបត្តិតាមក្រមសីលធម៌ ទន្ដពេទ្យ ដើម្បីលើកស្ទួយវិស័យទន្តសាស្ត្រនៅកម្ពុជា កាន់តែមានការគាំទ្រពីអតិថិជន និងអ្នកជំងឺ»។នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកទន្ដបណ្ឌិត។
លោកទន្ដបណ្ឌិតបន្ថែមថា «សន្និសីទនេះជាឱកាសដ៏ល្អណាស់ ដែលបើកលទ្ធភាពឱ្យទន្ដពេទ្យយើង មកទទួលយកនូវពុទ្ធិថ្មីៗ វាគ្មិនជាតិ និងអន្ដរជាតិ ដែលមានជំនាញ និងបទពិសោធន៍ល្អៗ លើបច្ចេកវិទ្យាដាំបង្គោលធ្មេញក្នុងឆ្អឹង ក្នុងគោលបំណងបង្កើននូវចំណេះដឹង បទពិសោធន៍ជំនាញវិជ្ជាជីវៈ ដើម្បីយកទៅផ្ដល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់»។
ទន្ដបណ្ឌិត សុខុម វិទ្ធីវុធ បានបន្ដថា ការជួបជុំនៅថ្ងៃនេះ ស្ដែងចេញពីគុណូបការៈដ៏ធំធេងបំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលបានដឹកនាំកម្ពុជា ប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិត មានសុខសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសសម្ដេចតេជោ បានចាត់វិធានការទាល់ពេលវេលា និងចំគោលដៅក្នុងការទប់ស្កាត់ និងបង្កាមហន្ដរាយជាសកល គឺការីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈវិធានការ ៣ការពារ ៣កុំ និងបានស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដែលធ្វើឱ្យស្ថានភាពល្អប្រសើរ ព្រមទាំងបានបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ។
លោកទន្ដបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា «ក្រោមដំបូលនៃសុខសន្ដិភាព និងស្ថេរភាពនយោបាយនេះហើយ ទើបសមាគមដាំបង្គោលធ្មេញក្នុងឆ្អឹងកម្ពុជា មានឱកាសរៀបចំសន្និសីទនេះឡើង ហើយយើងជាអ្នកប្រកបវិជ្ជាជីវៈទន្ដសាស្រ្ដទាំងអស់គ្នា បានចូលរួមដោយផ្ទាល់ ដើម្បីស្វែងរកបច្ចេកវិទ្យាថ្មីៗ ក្នុងការដាំបង្គោលធ្មេញក្នុងឆ្អឹង ដែលផ្ដល់បទបង្ហាញដោយវាគ្មិនជាតិ និងអន្ដរជាតិនាពេលនេះ»។
ប្រធានក្រុមប្រឹក្សាគណៈទន្ដពេទ្យជាតិរូបនេះ បានថ្លែងបន្ដថា ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ចាប់ពីឆ្នាំ២០១២មក សមាគមដាំបង្គោលធ្មេញក្នុងឆ្អឹងកម្ពុជា បានអភិវឌ្ឍន៍ខ្លួនគួរឱ្យកកត់សម្គាល់ ក្នុងការរួមចំណែកយ៉ាងសកម្មជំរុញការអភិវឌ្ឍវិស័យទន្ដសាស្ដ្រនៅកម្ពុជា ឱ្យមានកិត្យានុភាព តាមរយៈការស្វះស្វែងនាំយកវាគ្មិនជាតិ និងអន្ដរជាតិ ដែលមានជំនាញ និងបទពិសោធន៍ក្នុងវិស័យដំាបង្គោលធ្មេញក្នុងឆ្អឹង មកចែករំលែកចំណេះដឹងដល់ទន្ដពេទ្យកម្ពុជា ដើម្បីផ្ដល់សេវាដាំបង្គោលធ្មេញក្នុងឆ្អឹង ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់។
ការដាំបង្គោលធ្មេញក្នុងឆ្អឹង ជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាព ក្នុងការបំពេញនូវការបាត់បង់ធ្មេញធម្មជាតិ ដើម្បីជួយសម្រួលដល់ដល់មុខងារទំពារ សន្លាក់ថ្គាម សោភ័ណភាព រួមទាំងជួយកាត់បន្ថយផលប៉ះពាល់ផ្សេងៗដល់សុខភាពទូទៅទៀតផង។ បច្ចុប្បន្នបច្ចេកវិទ្យាក្នុងវិស័យទន្តសាស្រ្តនៅកម្ពុជា មានការអភិវឌ្ឍគួរឱ្យកត់សំគាល់ ក្នុងនោះការដាំបង្គោលធ្មេញក្នុងឆ្អឹង ទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ៕