(ភ្នំពេញ)៖ សកម្មជនដ៏សកម្ម និងល្បាញល្បីមួយរូបរបស់គណបក្សសង្គ្រោះជាតិ និងជាតារា Facebook ផងនោះ កញ្ញា ធី សុវណ្ណថា បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសរសើរកញ្ញាថា មានឆន្ទៈ និងបានចូលរួមការពារព្រៃឈើតំបន់អារ៉ែង នេះបើយោងតាមកញ្ញា ធី សុវណ្ណថា ដែលបានបង្ហោះឲ្យដឹងនៅ មុននេះបន្តិច។
កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា «នាងខ្ញុំ ធី សុវណ្ណថា សូមថ្លែងអំណរគុណ គោរពជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសរសើរនាងខ្ញុំ ក្នុងការពារព្រៃឈើតំបន់អារ៉ែង»។
នាងខ្ញុំសូមរាយការណ៍ ជូនសម្តេចមេត្តាជ្រាបថា៖ «នាងខ្ញុំ បានដឹកនាំទេសចរណ៍តំបន់អារ៉ែង៨ដង ១២៥០នាក់ បានសង់បង្គន់៨ អណ្តូងទឹក២ ជណ្តើរឈើ ឡើងភ្នំ១ និងបានបើកថ្នាក់រៀន២ ឃុំឬស្សីជ្រុំ ឃុំថ្មដូនពៅ សិស្ស៤៤០នាក់ ក្រៅពីនោះក៏បាន ផ្តល់ម៉ូតូ១គ្រឿងល្បាតព្រៃ និងជួយពលរដ្ឋផ្នែកកសិកម្ម»។
កញ្ញា ធី សុវណ្ណថា បានបន្តថា កញ្ញានឹងខិតខំបន្តទៀត ចូលរួមជាមួយសកម្មជនបរិស្ថាន អង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាលដើម្បីការពារព្រៃឈើ។
កញ្ញា ក៏បានគោរពជូនពរសម្តេចតេជោ និងក្រុមគ្រួសារ មានសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ឧបសគ្គ។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នៅក្នុងទិវាមច្ឆជាតិ នៅអាងទឹកអន្លង់ជ្រៃ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកមិញនេះ បានសរសើរ ដល់កញ្ញា ធី សុវណ្ណថា ដែលបានចូលរួមសកម្មភាពការពារព្រៃឈើតំបន់អារ៉ែង។
សម្តេចតេជោ បានមានប្រសាសន៍ថា «កញ្ញា ធី សុវណ្ណថា ដែលជាអ្នកលេង Facebook គាត់ធ្លាប់ដឹកនាំក្រុម ធ្វើដំណើរទៅតំបន់អារ៉ែង អញ្ចឹងអាហ្នឹងជាចលនាជួយការពារមួយ ដូច្នេះជំរុញលើកទឹកចិត្តឱ្យពួកគាត់បន្តទៅ អត់មានអ្វីខុសទេ ឱ្យតែជួយការពារព្រៃឈើ កុំតែជួយកាប់ឈើ»។
សូមបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា បានទៅកាន់តំបន់អារ៉ែង កាលពីឆ្នាំមុន ជាមួយនឹងយុវជនជាច្រើននាក់។ នៅទីនោះនាងបានសាងសង់បង្គន់អនាម័យ រួមទាំងសមិទ្ធផលមួយចំនួនទៀតផងដែរ៕