(ភ្នំពេញ)៖ បន្ទាប់ពីមានការបង្ហោះវីដេអូឃ្លីបតាមបណ្តាញសង្គម ដោយបានចោទប្រកាន់មន្ត្រីបម្រើការងារទីតាំងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សាខាផ្សារទំនើបអ៉ីអន២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, មន្ត្រីទទួលបន្ទុក បានចេញមុខមកអះអាងថា ការបង្ហោះសារចោទប្រកាន់មកលើមន្ត្រីខ្លួន មិនពិតនោះទេ ដោយសារតែគាត់មិនមានឯកសារគ្រប់គ្រាន់តាមផ្លូវច្បាប់ដែលបានកំណត់ និងធ្វើជូនបាន។
លោកឧត្តមសេនីយ៍ទោ ជា ចាន់មុនី អនុប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទទួលបន្ទុកការងារនៅសាខាផ្សារទំនើបអ៉ីអន២ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ថា «ការចុះផ្សាយនោះមិនមានការពិតទេ ព្រោះចូលមកទទួលសេវាធ្វើអត្តសញ្ញាណប័ណ្ណនេះតែមួយភ្លែត គាត់ចេញទៅវិញ ហើយគាត់បានយកឯកសារមកឱ្យមន្ត្រីពិនិត្យ ប៉ុន្តែឯកសារគាត់មិនមានគ្រប់គ្រាន់ និងចង់ដូរអាសយដ្ឋាន អ៊ឹចឹងអត់បានទេ»។
បើតាមលោកឧត្តមសេនីយ៍ទោ ជា ចាន់មុនី, សម្រាប់ប្រជាពលរដ្ឋដែលចង់ប្តូរអត្តសញ្ញាណប័ណ្ណថ្មី លុះត្រាតែគាត់មានសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ និងធ្វើអត្តសញ្ញាណប័ណ្ណថ្មី ដែលហួសសុពលភាព លុះត្រាមានអត្តសញ្ញាណប័ណ្ណចាស់មកផ្ទៀងផ្ទាត់។
លោកឧត្តមសេនីយ៍ទោ ជា ចាន់មុនី ក្នុងនាមជាមន្ត្រីរាជការទទួលបន្ទុកផ្នែកអត្តសញ្ញាណប័ណ្ណ បានគូសបញ្ជាក់ទៀតថា សម្រាប់ទីតាំងរបស់គាត់ក្នុងមួយថ្ងៃមានប្រជាពលរដ្ឋចន្លោះពី៥០០ ទៅ៦០០នាក់ អញ្ជើញមកធ្វើអត្តសញ្ញាណប័ណ្ណ ដែលភាគច្រើនមកពីខេត្តផ្សេងៗ ក្នុងនោះពួកគាត់បាត់អត្តសញ្ញាណប័ណ្ណ ហួសុពលភាព និងខូចជាដើម។
លោកបានអះអាងថា សម្រាប់មន្ត្រីរបស់ខ្លួនបានខិតខំបំពេញភារកិច្ចមិនខ្លាចនឿយហត់នោះទេ បើទោះបីជាថ្ងៃសៅរ៍-អាទិត្យក៏ដោយ ដើម្បីធ្វើយ៉ាងណាបំពេញសេវាធ្វើអត្តសញ្ញាណប័ណ្ណឱ្យប្រជាពលរដ្ឋបានទាន់ពេលវេលា។
ប្រជាពលរដ្ឋម្នាក់គឺលោក ព្រាប សុផល មានមុខរបរជាអ្នករត់ PassApp មានស្រុកកំណើតនៅខេត្តស្វាយរៀង ដែលមកទទួលសេវាធ្វើអត្តសញ្ញាណប័ណ្ណថ្មី បានបញ្ជាក់ថា មន្ត្រីអត្តសញ្ញាណប័ណ្ណនៅសាខាផ្សារទំនើបអ៉ីអន២ មានសម្តីសមសម្យ ជាពិសេសបានពន្យល់នៅត្រង់ចំណុចដែលបំពេញបែបបទ ហើយប្រសិនបើប្រជាពលរដ្ឋមិនចេះសរសេរ ពួកគាត់សរសេរជូនទៀតផង។
«គាត់រាកទាក់យើង បំពេញបែបបទនេះមិនយកលុយទេ ហើយធ្វើអត្តសញ្ញាណប័ណ្ណមិនអស់លុយសូម្បីតែ ១រៀល ហើយសេវាលឿន រហ័ស»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ព្រាប សុផល។
សម្រាប់អ្នកស្រី ផៃ សុខហឿន អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅស្រុកកញ្ជៀច ខេត្តព្រៃវែង បានឱ្យដឹងថា៖ «មន្ត្រីធ្វើអត្តសញ្ញាណប័ណ្ណ បានបង្កភាពងាយស្រួលណាស់ជូនពួកគាត់ជាប្រជាពលរដ្ឋ សម្រាប់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អត់មានយកលុយកាក់ទេ តែ១រៀលមិនអស់ផង ដល់ពេលធ្វើបានគាត់តេហៅមកយក»។
លោកស្រីបានបង្ហាញអារម្មណ៍ត្រេកអរយ៉ាងខ្លាំង ដែលមន្ត្រីបានធ្វើអត្តសញ្ញាណប័ណ្ណដល់គាត់ សម្រាប់ប្រើប្រាស់ជាដើម។ លោកស្រី ហឿន បានបញ្ជាក់ថា ប្រសិនបងប្អូនចង់មកធ្វើអត្តសញ្ញាណប័ណ្ណថ្មី សូមប្រមូលឯកសារឱ្យបានគ្រប់គ្រាន់ ដើម្បីផ្តល់ភាពងាយស្រួលដល់មន្ត្រីអនុវត្តច្បាប់។
ពលរដ្ឋម្នាក់ទៀតគឺលោក ផាត ចាន់ធី មានអាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ បានបញ្ជាក់ថា មន្ត្រីនៅទីតាំងសាខាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផ្សារទំនើបអ៉ីអន២ បានផ្តល់ភាពងាយស្រួលជូនគាត់ ជាពិសេសបានបិទលិខិតពាក់ព័ន្ធនានា សម្រាប់ធ្វើអត្តសញ្ញាណប័ណ្ណថ្មីជាដើម។
«ថ្ងៃនេះគាត់មកបើកអត្តសញ្ញាណប័ណ្ណថ្មី ហើយអត់អស់លុយនោះទេ ហើយទីនេះគឺមន្ត្រីផ្តល់សេវាដោយតម្លាភាព មិនមានការរើសអើងនោះទេ មិនថាជនក្រីក្រ មកដល់ទីនេះឱ្យតែមានឯកសារគ្រប់គ្រាន់ គឺគាត់ធ្វើឱ្យ ប៉ុន្តែ បើយើងខ្វះខាត គាត់ផ្តល់ព័ត៌មានឱ្យយើងទៅរកពីអាជ្ញាធរមូលដ្ឋានដែលយើងរស់នៅ ដើម្បីធ្វើឱ្យឯកសារឱ្យបានត្រឹមត្រូវ ដើម្បីឱ្យខាងមន្ត្រីអត្តសញ្ញាណប័ណ្ណ ធ្វើថ្មីជូនពួកគាត់»។ នេះជាការបញ្ជាក់បន្ថែមរបស់ ចាន់ធី។
លោកឧត្តមសេនីយ៍ទោ ជា ចាន់មុនី បានគូសបញ្ជាក់ថា ក្នុងនាមជាមន្ត្រីបម្រើការងារផ្នែកអត្តសញ្ញាណប័ណ្ណ គឺមិនខ្លាចនឿយហត់នោះទេ សម្រាប់បម្រើប្រជាពលរដ្ឋ និងសូមឱ្យប្រជាពលរដ្ឋដែលមករកសេវាធ្វើអត្តសញ្ញាណប័ណ្ណថ្មី សូមប្រមូលឯកសារឱ្យបានគ្រប់គ្រាន់ ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលទាំងមន្ត្រី និងផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្លួនឯងជាដើម៕