(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរទេសចរណ៍រាជធានីភ្នំពេញ រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសហការរៀបចំកម្មវិធីអបអរសាទរទិវាជាតិទីក្រុងស្អាត ២៧ កុម្ភៈ លើកទី១១ ក្រោមប្រធានបទ៖ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ» នៅទីតាំងបរិវេណវិមានឈ្នះ ឈ្នះ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោក ម៉ម វាសនា ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ, លោក ហ៊ួត រិទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំងនៃក្រសួងទេសចរណ៍ រួមទាំងមានប្រជាពលរដ្ឋ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធនានាជាច្រើនរូបទៀតផងដែរ។

ជាកិច្ចចាប់ផ្តើមនាឱកាសនោះលោក ម៉ម វាសនា បានអានសារលិខិតទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមានខ្លឹមសារដូចនេះថា សម្តេចតេជោ បានស្នើអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាសម្អាតបរិស្ថាន និងត្រូវជំរុញអនុវត្តគោលនយោបាយឆ្នាំទស្សនាកម្ពុជា ២០២៣ ដើម្បីពង្រឹងកិត្តិនាម លើកកម្ពស់មុខមាត់កម្ពុជាទៅកាន់ទីផ្សារ ទេសចរណ៍ពិភពលោក និងបង្កើតឧត្តមភាពប្រកួតប្រជែងការស្តារកំណើនទេសចរណ៍ពីវិបត្តិកូវីដ១៩ ជាពិសេសជំរុញការចូលរួមទស្សនាយុទ្ធនាការយើងជាម្ចាស់ផ្ទះដើម្បីអបអរសាទរព្រឹត្តិការកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣ ដោយរួមគ្នាលើកកម្ពស់កិត្តិយសមុខមាត់កម្ពុជាតាមរយៈបង្ហាញពីវប្បធម៌ ប្រពៃណី ម្ហូបអាហារ អត្តសញ្ញាណជាតិ ភាពជាខ្មែរ ទំនៀមទំលាប់ការស្លៀកពាក់ ការស្វាគមន៍រួសរាយរាក់ទាក់ ការតុបតែងភូមិដ្ឋានជាដើមនៅតាមមូលដ្ឋានក្រុងស្រុកខណ្ឌឲ្យបានផុសផុល។

នាឱកាសនោះលោក ហួត ហៃ បានថ្លែងថា ការរួមគ្នាសម្អាតបរិស្ថាន តុបតែងភូមិឋាន ការមិនចោលសំរាមពាសវាលពាសកាល រក្សាទុកដាក់សំរាមត្រឹមត្រូវ និងផ្តល់ស្នាមញញឹមរាក់ទាក់ បដិសណ្ឋារកិច្ចល្អ ជាដើម គឺជាការត្រៀមទទួលភ្ញៀវអន្តរជាតិដ៏ល្អមួយមកទស្សនាកម្ពុជា ជាពិសេសការមកទស្សនាការប្រកួតកីឡា SEA GAMES និង PARA GAMES នៅកម្ពុជាប្រកបភាពកក់ក្តៅ។

លោក ហួត ហៃ បានបន្ថែមថា ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីទេសចរណ៍ និងរួមគ្នាធ្វើការកែលម្អគុណភាពសេវាកម្មទេសចរណ៍ និងខិតខំធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសំខាន់ៗ ធ្វើឱ្យទីក្រុងមានការប្រែប្រួលមុខមាត់ថ្មី និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យក្នុងនោះរួមមាន ការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធប្រឡាយ លូ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនី ភ្លើងបំភ្លឺសាធារណៈ ការកែលម្អសួនច្បារ និងលំហបៃតងជាដើម។

រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំលើកកម្ពស់សុខុមាលភាពសាធារណៈ តាមរយៈការពង្រឹងសេវាសុខាភិបាលឱ្យមានគុណភាព ការកែលម្អអនាម័យបរិស្ថានក្នុងទីក្រុង ការលើកកម្ពស់សុវត្ថិភាពចំណីអាហារជាដើម។ ទាំងនេះគឺជាសក្ខីភាពឆ្លុះបញ្ចាំងពីឆន្ទៈ និងជំហរដ៏មោះមុតរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការយកចិត្តទុកដាក់គិតគូរដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សុខុមាលភាព ទីក្រុង និងការផ្ដល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យចូលមកទស្សនាកំសាន្តកាន់តែច្រើន ស្នាក់នៅរយៈពេលវែង ប្រកបដោយភាពរីករាយ និងសុខដុមរមនា ស្របតាមពាក្យស្លោក «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្ដល់ភាពកក់ក្តៅ»។

លោក ហួត ហៃ បានបន្តថា បន្ថែមពីលើការជោគជ័យក្នុងការគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការថែរក្សាបរិស្ថានស្អាតក្នុងទីក្រុង ដែលមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋគ្រប់ៗរូប រដ្ឋបាលរាជធានីភ្នំពេញ បច្ចុប្បន្នក៏បានបន្តយកចិត្តទុកដាក់ និងធ្វើកំណែទម្រង់លើការគ្រប់គ្រងសំណល់រឹងក្នុងរាជធានីភ្នំពេញឱ្យបានកាន់តែប្រសើរជាងមុន ដោយបានជ្រើសរើសក្រុមហ៊ុនប្រមូលសំរាមចំនួន០៣ ដើម្បីផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញ ដែលបច្ចុប្បន្នក្រុមហ៊ុនទាំង៣នេះ បានអនុវត្តតួនាទីភារកិច្ចបានយ៉ាងល្អ ធ្វើឱ្យរាជធានីភ្នំពេញស្រស់ស្អាតជាងមុន សម្រាប់ទទួលភ្ញៀវទេសចរទាំងអស់ជាពិសេសក្នុងឱកាស ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ។

ជាមួយគ្នានោះបើតាមលោក ហ៊ួត រិទ្ធី បានថ្លែងថា តាមការប្តេជ្ញាចិត្តនិងការយកចិត្តទុកពីបញ្ហាទីក្រុងស្អាត សំអាតបរិស្ថានស្អាត និងធ្វើឲ្យទីក្រុងនិងមូលដ្ឋានស្អាត មានភាពទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ប្រកបដោយភាពកក់ក្តៅ ហើយពេលភ្ញៀវត្រឡប់ទៅប្រទេសគេវិញ គេនឹងនិយាយលើកការសរសើរពីកម្ពុជា សរសើរពលរដ្ឋកម្ពុជា ដែលមានទំនៀមទំលាប់ល្អ មានសណ្តាប់ធ្នាប់ល្អក្នុងការរស់នៅក្នុងសង្គមផងដែរ៕