(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពងឆ្នាំង និងក្រុមការងាររបស់រដ្ឋបាលសាលាខេត្ត នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យអំពីដំណើរការសា្ថបនាផ្លូវកៅស៊ូប្រភេទ AC ដែលជាអំណោយរបស់រដ្ឋបាលខេត្ត នៅក្នុងបរិវេណសាលានគរបាលជាតិភូមិភាគ៦ ភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាកប្អៀរ។

លោកឧត្តមសេនីយ៍ទោ តុង អាន នាយកសាលានគរបាលជាតិ ភូមិភាគ៦ បានឱ្យដឹងថា ផ្លូវដែលជាអំណោយរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសាងសង់នៅក្នុងបរិវេណសាលានគរបាលជាតិភូមិភាគ៦នេះ មានប្រវែង១៩៥០ម៉ែត្រ និងមានលូបង្ហូទឹកប្រវែង៦០០ ម៉ែត្រជាប្រភេទផ្លូវ AC ដែលមកដល់ពេលនេះផ្លូវក្រាលកៅស៊ូ ត្រូវបានអ៊ុតរួចប្រវែង ៤០៣ម៉ែត្រ និងកំពុងអ៊ុតជាបន្តទៀត ថែមទាំងបាននិងកំពុងធ្វើប្រព័ន្ធលូបង្ហូរទឹកបានប្រមាណជាង៩០% ផងដែរ។

លោកឧត្តមសេនីយទោ តុង អាន បានបន្តថា នៅសាលានគរបាលជាតិភូមិភាគ៦ កំពុងកសាងសមិទ្ធផលនានាជាច្រើន ដូចជា អគារស្នាក់នៅរបស់សិស្ស និងគ្រូអគារផ្ទះបាយ និងអគារសិក្សា ដែលជាអំណោយរបស់អភិបាលខេត្តកណ្តាល អភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខេត្តកំពង់ឆ្នាំង រួមនិងសប្បុរសជននានាជាច្រើនទៀត ដែលធ្វើឱ្យសាលានគរបាលជាតិ ភូមិភាគ៦ កាន់តែមានការអភិវឌ្ឍជាបន្តបន្ទាប់ សក្តិសមជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស របស់កងកម្លាំងនគរបាលជាតិ។

ក្នុងឱកាសនោះដែរលោក ស៊ុន សុវណ្ណារិទ្ធិ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចដំណើរការស្ថាបនាសាលានគរបាលជាតិភូមិភាគ៦ ពិសេសអគារ និងផ្លូវក្នុងបរិវេណសាលា ព្រមទាំងរចនាសម្ព័ន្ធនានាក្នុងទីធ្លាសាលាដែលបា នល្អប្រសើរប្រកបទៅដោយស្តង់ដារខ្ពស់។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីធានាបានគុណភាពផ្លូវក្នុងបរិវេណសាលានេះប្រើប្រាស់បានយូរអង្វែង សុំឱ្យក្រុមហ៊ុនដែលកំពុងទទួលបានការសាងសង់នោះធ្វើឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ប្រកបដោយគុណភាពខ្ពស់។

ជាមួយគ្នានេះ ក្រុមការងារវាយតម្លៃរបស់ខេត្ត ត្រូវសហការជាមួយសាលា បន្តចុះពិនិត្យមើលអំពីដំណើរការសាងសង់ចាប់តាំងពីដំណើ រការសាងសង់គ្រឹះ រហូតដល់ការសាងសង់រួចរាល់ជាស្ថាពរ ហើយសាលាត្រូវបន្តដាំដើមឈើ ដើមឬស្សី និងដើមផ្កា ដើម្បីឱ្យបរិស្ថានសាលានេះកាន់តែមានសោភ័ណភាពល្អប្រសើរ មានសភាពស្រស់ស្អាតពណ៌បៃតងគ្រប់រដូវដើម្បីជួយឱ្យមានផាសុខភាពល្អផងដែរ៕