(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ, ប្រធាននាយកដ្ឋានបុគ្គលិក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រៃព្នៅ បានជំរុញដល់សិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ឲ្យបានពូកែដើម្បីក្លាយខ្លួនជាអ្នកបន្តវេនប្រកបដោយចំណេះ និងជំនាញពិតប្រាកដ ជាពិសេសត្រូវមើលគំរូសិស្សច្បងដែលសិក្សារៀនសូត្របាននិទ្ទេសល្អ នៅឆ្ងាយពីគ្រឿងញៀន និងរួមគ្នាចូលរួមថែរក្សាសមិទ្ធផល ដែលបានកសាងនាពេលនេះឲ្យបានគង់វង្សយូរអង្វែងទៅមុខបន្តទៀត។

ការថ្លែងបែបនេះរបស់លោក ប៉ែន វិបុល បានធ្វើឡើងនៅក្នុងពិធីសម្ភោធសមិទ្ធផលនានានៅវិទ្យាល័យព្រៃព្នៅ អគារទីចាត់ការសាលាបឋមសិក្សាព្រៃព្នៅ និងជួបសំណេះសំណាល ប្រគល់រង្វាន់ម៉ូតូដល់សិស្សនិទ្ទេស A នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ពិធីនេះក៏មានការចូលរួមពីលោក លោកស្រី ប្រតិភូអមដំណើរនិង ក្រុមការងារ លោកអភិបាលស្រុក អភិបាលរង ប្រធាន អនុប្រធានការិយាល័យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេឃុំក្រុមប្រឹក្សាឃុំ មេភូមិ តាជី យាយជី ប្រជាពលរដ្ឋ អាណាព្យាបាល សិស្សានុសិស្ស ព្រមទាំងមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ សរុប៤៦៧នាក់។

នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានបន្តថា ក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ទាំងអស់គ្នានេះ គឺជាធនធានមួយដ៏សំខាន់ក្នុងការជួយពង្រឹងវិស័យអប់រំក្នុងប្រទេសកម្ពុជា និងជាសសរទ្រូងសម្រាប់ប្រទេស និងត្រូវខិតខំសិក្សារៀនសូត្រនៅជំនាញឯកទេសដែលខ្លួនចង់សិក្សាឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជួយអភិវឌ្ឍន៍ប្រទេសជាតិ និងក្រុមគ្រួសាររបស់ខ្លួនកាន់តែរីកចម្រើនទៅមុខជាលំដាប់។

លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយឆ្លាតវាងវៃ និងចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំជាក់ស្តែង សម្តេចតេជោបានណែនាំឲ្យ ក្រសួងអប់រំ និងកម្មវិធីអប់រំដើម្បីកសាងធនធានមនុស្សឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចប្រកបដោយជំនាញក្នុងសតវត្សទី២១ ជាពិសេសការអប់រំវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

នាយឧត្តមសេនីយ៍ បានថ្លែងបន្តទៀតថា ឆ្លងកាត់កំណែទម្រង់ជាបន្តបន្ទាប់លទ្ធផលដែលទទួលបាន គឺគុណភាពនៃវិស័យអប់រំនៅកម្ពុជាមានការផ្លាស់ប្តូរជាវិជ្ជមានគួរឲ្យមានមោទនៈ។ លោកសូមអរគុណលោកនាយកវិទ្យាល័យ ព្រៃព្នៅ និងសប្បុរសជនដែលមានគំណិតផ្តួចផ្តើម និងចូលរួមជាថវិកាក្នុងការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៅក្នុងវិទ្យាល័យនេះ ដែលកន្លងមក បានឧបត្ថម្ភទឹកចិត្តប្អូនៗដែលជាសិស្សពូកែផងដែរ។

លោកបន្តថា សិស្សានុសិស្ស ដែលបានសិក្សានៅទីនេះ ពិតជាមានសំណាងណាស់ ដែលមានលទ្ធភាពបន្តការសិក្សារហូតដល់ចប់ថ្នាក់ទី១២ ដែលស្តែងចេញឲ្យឃើញនូវការខិតខំប្រឹងប្រែង និងទទួលបានជោគជ័យ និងជាពិសេសទទួលបាននិទ្ទេស A ទៀតផង។ លោកថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាននាំនូវសុខសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវ ស្ពាន ថ្នល់ជាដើម។

នាយឧត្តមសេនីយ៍បានបន្ថែមថា សមត្ថភាពរបស់សិស្សនិស្សិតកម្ពុជាមានការកើនឡើងកាន់តែខ្ពស់ អាចប្រកួតប្រជែងរហូតដល់អាចដណ្តើមបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកបានថែមទៀត នេះបញ្ជាក់ឲ្យឃើញថា កំណែទម្រង់វិស័យអប់រំនៅកម្ពុជា បាននឹងកំពុងតែដើរនៅលើផ្លូវត្រូវ បើទោះជាចុងក្រោយនេះ បានរងផលប៉ះពាល់ដែលបង្កឡើងដោយវិបត្តិជំងឺរាតត្បាតសាកលកូវីដ។

សូមបញ្ជាក់ថា សមិទ្ធផលនានានៅវិទ្យាល័យព្រៃព្នៅ អាគារទីចាត់ការសាលាបឋមសិក្សាព្រៃព្នៅ និងសម្ភារសរុបទាំងអស់៦៨,៩០០ដុល្លារ។ ជាមួយគ្នានេះនាយឧត្តមសេនីយ៍ បានឧបត្ថម្ភដល់ក្មួយៗសិស្សានុសិស្សដែលជាប់និទ្ទេស A ទាំង ៦នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូ១គ្រឿងនិង សិស្ស២០០នាក់ ម្នាក់ៗទទួលបាន១ម៉ឺនរៀល ក្រុមយុវជន៩០នាក់ ម្នាក់ៗ២ម៉ឺនរៀល លោកគ្រូអ្នកគ្រូ១០០នាក់ ម្នាក់ៗ ៥ម៉ឺនរៀល និងមេដាយសរុប ៤៧គ្រឿង ក្នុងនោះមេដាយមាស៣៣គ្រឿង ប្រាក់១៤គ្រឿង និងតាជី យាយជី ៤០នាក់ ម្នាក់ៗថវិកា៣ម៉ឺនរៀលផងដែរ៕