(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងខិតខំដោះស្រាយបញ្ហាទំនាស់នានា របស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ។

ការណែនាំបែបនេះ របស់អភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលខិតខំចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តបានល្អប្រសើ និងត្រូវបន្តរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិ​ ការពិព័ណ៌ភូមិមួយផលិតផលមួយ និងកម្មវិធីសង្ក្រាន្តស្វាយរៀង ឆ្នាំ២០២៣ ខាងមុខនេះ។

លោក ម៉ែន វិបុល ក៏បានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*១៖ រដ្ឋបាលសាលាខេត្តត្រូវរៀបចំកម្មវិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត

*២៖ អាជ្ញាធរក្រុង-ស្រុក ត្រូវពង្រឹងការការនុវត្តការគ្រប់គ្រងរបស់រដ្ឋឱ្យមានប្រសិទ្ធភាព

*៣៖ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងការអនុវត្តភូមិ-ឃុំមានសុវត្ថិភាព ឱ្យបានល្អក្នុងមូលដ្ឋានរបស់ខ្លួន

*៤៖ អាជ្ញាធរក្រុង-ស្រុក ត្រូវជម្រុញការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គីភ័យ

*៥៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន

*៦៖ បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំរថយន្តដឹកកម្មករ ដើម្បីបង្ការគ្រោះថ្នាក់។

*៧៖ ត្រូវបន្តជំរុញប្រជាពលរដ្ឋ និងកម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំងឱ្យទៅទទួលការចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗ គ្នា ជាពិសេសដូសទី៣ ដូសទី៤ ដូសទី៥ និងដូសទី៦៕