(ភ្នំពេញ)៖ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ រហូតទទួលបានការជឿទុកចិត្តពីពួកគាត់កាន់តែខ្លាំងនោះ អភិបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់គ្រប់វិធានការ តម្រង់ទិសមន្ត្រីទាំងអស់នៅថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តការងារលើការផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា និងមានសម្លាភាព។
លោក ឃួង ស្រេង នៅថ្ងៃទី២៤ ខែកុម្ភៈនេះ បានដឹកនាំប្រជុំពង្រឹងការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញ-ចូលតែមួយ ជូនប្រជាពលរដ្ឋនៅថ្នាក់ខណ្ឌ និងសង្កាត់ជាមួយអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ និងស្មៀន នៅសាលារាជធានីភ្នំពេញ។
នៅក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា «ការបង្កើតច្រកចេញចូលតែមួយ យើងមានគោលបំណងតែមួយគត់នោះគឺបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានសម្លាភាព។ ដូច្នេះ មន្ត្រីដែលជាប្រតិបត្តិទាំងអស់ ត្រូវរួមគ្នាធ្វើ ដើម្បីបម្រើប្រជាពលរដ្ឋបានល្អ រាប់តាំងពីពាក្យសំដីឡើងទៅ»។
លោកអភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា «ការកោះហៅអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ និងស្មៀន មកប្រជុំពេលនេះ គឺមានបំណងកោតសរសើរបងប្អូន ជាមន្ត្រីរបស់យើង ដែលបានបំពេញការងារបានយ៉ាងល្អជាមួយ រាជរដ្ឋាភិបាល ក្នុងកិច្ចការងារបម្រើប្រជាពលរដ្ឋ រហូតទទួលបានការជឿទុកចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រប់គ្នា»។
លោកបញ្ជាក់ថា «នៅពេលខាងមុខនេះ ខ្ញុំនឹងដាក់កម្លាំងបង្កប់ជាប្រជាពលរដ្ឋ ទៅទទួលសេវាពីមន្ត្រីរបស់យើង ដើម្បីឲ្យដឹងថាមន្ត្រីរបស់យើងបម្រើប្រជាពលរដ្ឋបានល្អក្នុងកម្រិតណា។ ក្នុងនាមជាមន្ត្រី ត្រូវកែប្រែឥរិយាបទពីពេលនេះទៅ។ នៅពេលមានបញ្ហា កុំថា អភិបាលរាជធានីភ្នំពេញ មិនបានណែនាំជាមុនឲ្យសោះ»។
លោក ឃួង ស្រេង បានបន្ថែមទៀតថា ល្បែងស៊ីសងគ្រប់ប្រភេទ គឺមិនអនុញ្ញាតឲ្យមានជាដាច់ខាតនៅក្នុងផ្សារនានានៅក្នុងរាជធានីភ្នំពេញ កុំថាឡើយ ល្បែងឡូតូដែលស្របច្បាប់ ក៏មិនឲ្យមានដែរ។ បើរកឃើញថា នៅក្នុងផ្សារណាមួយមានល្បែងស៊ីសងនោះ ប្រធានផ្សារនឹងមានបញ្ហាមិនខានឡើយ៕