(បាត់ដំបង)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានចុះសិក្សាស្រាវជ្រាវនៃតំបន់ផ្ទៃទឹកបឹងដ៏ធំ និងមានសម្រស់ដ៏ស្រស់ស្អាត ដែលគេឱ្យឈ្មោះថា «បឹង អូរជាំ» ឬអ្នកខ្លះហៅថា «ទន្លេផែន» កំពុងស្ថិតនៅសភាពជាអាថ៌កំបាំង កំពុងលាក់ខ្លួនក្នុងព្រៃជ្រៅ និងទីយ៉ាងខ្ពស់នៅលើកំពូលជួរភ្នំសំកុស ដែលស្ថិតនៅក្នុងតំបន់ ទឹកធ្លាក់ អូរជាំ ខេត្តបាត់ដំបង។
គួរបញ្ជាក់ថា ទន្លេផែន ដែលបានបង្កប់ខ្លួនទៅទីយ៉ាងខ្ពស់ និងស្ថិតនៅក្នុងព្រៃយ៉ាងជ្រៅនេះស្ថិតនៅត្រង់លើកំពូលភ្នំអូរជាំ ដែល ជារមណីយដ្ឋានធម្មជាតិស្ថិតនៅប៉ែកខាងលិចឆៀងខាងត្បូងទីរួមខេត្ដបាត់ដំបង មានចម្ងាយ ៨០គីឡូម៉ែត្រពីទីរួមខេត្ដ ស្ថិតក្នុងភូមិអូជាំលើ ឃុំ កំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
បេសកកម្មចុះស្រាវជ្រាវនេះបានដឹកនាំដោយលោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក ខ្វែ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង និងមន្រ្តីឧទ្យានុរក្ស ចុះពិនិត្យ និងសិក្សាសក្តានុពលធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក កត បូរាន ប្រធានមន្ទីរបរិស្ថាន ខេត្តបាត់ដំបង បានឱ្យដឹងថា ការរកឃើញទន្លេផែន បឹងធម្មជាតិដ៏ធំ នៅលើកំពូលភ្នំសំកុស នឹងនាំឱ្យការពង្រឹងបន្ថែមទៀតលើការការពារ និងការអភិរក្សធនធានធម្មជាតិដ៏ល្អ និងមានសក្តានុពលសម្រាប់ទេសចរណ៍ធម្មជាតិថ្មីបន្ថែមទៀត ដែលផ្តល់ប្រយោជន៍បន្ថែមដល់សេដ្ឋកិច្ចជាតិ និងដល់សហគមន៍មូលដ្ឋាន។
លោកបានបញ្ជាក់ថា ទីកន្លែងនេះមិនត្រឹមតែសម្បូរទៅដោយសក្តានុពលធម្មជាតិទេ តែនៅសម្បូរទៅដោយសត្វព្រៃពិសេសសត្វស្វា ទោចនៅពេលទៅដល់កន្លែងនេះវាបានស្រែកយំទ្រហឹងព្រៃតែម្តង។
ប្រធានមន្ទីររូបនេះ បានបញ្ជាក់បន្ថែមថា ទន្លេផែនមានប្រវត្តិដ៏យូរលង់ ហើយបង្កប់ទៅដោយអាថ៌កំបាំង តែពេលនេះក្រុមការងារបានចុះស្រាវជ្រាវឃើញដោយផ្ទាល់ពិតជាអស្ចារ្យ ហើយលោកសង្ឃឹមថាថ្ងៃខាងមុខនឹងក្លាយជាតំបន់ទេសចរណ៍ សម្រាប់អ្នកដំណើរកម្សាន្តផ្សងព្រេង។ ទីបឹងធំវាពិតជាអស្ចារ្យមិនត្រឹមតែសម្បូរទៅដោយដើមឈើធំៗ បង្ហាញនូវសម្រស់ស្រស់ត្រកាល ទេសភាពល្អឯក នោះទេ នៅជាទីកន្លែងបរិសុទ្ធគ្មាននរណាមកដល់បានដោយងាយឡើយ ពីព្រោះសំខាន់គ្មានផ្លូវ, ត្រូវដើរកាត់ព្រៃភ្នំឡើងចុះតាំងតែពីព្រឹកព្រលឹមរហូតដល់ម៉ោង៥ល្ងាចទើបទៅដល់។
ទាក់ទិននឹងបឹងស្ថិតនៅលើកំពូលភ្នំ ហើយកម្រមានមនុស្សទៅដល់កន្លែងនេះដែរត្រូវបានលោក វឹង វ៉ឺន អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំ ដែលបានទៅដល់ទីកន្លែងបឹងមួយនេះឱ្យដឹងថា លោកធ្លាប់ជូនដំណើរ អ្នកស្រាវជ្រាវ និងអ្នកដំណើរកម្សាន្តផ្សងព្រេងដែរ ប៉ុន្តែ មិនញឹកញយទេពោល គឺ ១ឆ្នាំ ឬ២ឆ្នាំ ទើបបានឡើងទៅម្តង។ កន្លងមកមានអ្នកស្រាវជ្រាវតិចតួចបានទៅដល់បឹងនេះ ពីព្រោះថាការធ្វើដំណើរទៅ ជួបការលំបាកខ្លាំង និងឆ្ងាយផង។ តាមពិតបឹងនេះផ្តល់សក្តានុពលធនធានទឹកយ៉ាងសម្បើម និងថែមទាំងមានសក្តានុពលទាក់ទាញផ្នែកទេសចរណ៍ថែមទៀត។
អតីតកងទ័ពខ្មែរក្រហមរូបនេះ បានឱ្យដឹងបន្ថែមថា៖ «ទេសភាពនៅតំបន់បឹងកន្លែងនេះពិតជាស្រស់ស្អាតខ្លាំងណាស់ មានព្រៃស្រោង មានសត្វច្រើនប្រភេទ ក្នុងនេះពិសេសសត្វស្វា សត្វទោច ហើយឱ្យតែដល់ម៉ោង ៤រសៀល សត្វទោចស្រែកយំទ្រហឹងអឺងកងតែម្តង។សត្វទោចមានទាំងព៌ណប្រផេះ ខ្មៅ និងខ្លះស។ បើយើងចង់ថតសត្វទោច ឬស្វាអាចទៅកាន់កន្លែងនេះបាន។ ក្រៅពីនេះក៏សម្បូរទៅដោយឱសថបុរាណច្រើនប្រភេទ គេអាចយកមកធ្វើថ្នាំបុរាណព្យាបាលរោគជំងឺក៏មិនចេះខ្វះដែរ”។
ទាក់ទិនក្នុងរឿងនេះដែរ លោក គឹម សុង ប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំ បានឱ្យដឹងថា ទឹកធ្លាក់អូរជាំ ជាទីកន្លែងទឹកធ្លាក់ដ៏ល្អឯកមួយកន្លែង ដែលមានទឹកហូរមិនចេះរីងស្ងួតឡើយដោយសារថាបានមកពីប្រភពទឹកបឹងដ៏ធំមួយកន្លែង នេះឯង។
លោកបានរៀបរាប់ឱ្យដឹងថា «ទឹកបឹងនេះគេឱ្យឈ្មោះថាបឹងអូរជាំ ឬអ្នកខ្លះហៅថាទន្លេផែន ។ ទឹកធ្លាក់ចុះមកពីលើភ្នំដែលមានប្រភពមកពីបឹងដ៏ធំទំហំប្រមាណជិត ៣ហិកតា ដោយបានបង្ហូរទម្លាក់កាត់តាមផ្ទាំងថ្មធំៗជាច្រើនដំណាក់ មកក្រោមបង្កើតជាផ្ទាំងទស្សនីយភាពគួរឱ្យគយគន់ណាស់»។
ប្រធានសហគមន៍រូបនេះ បានបញ្ជាក់ថា៖ «បឹងមួយកន្លែងនេះតាមពិតមិនសូវមានអ្នកទៅដល់ទេដោយសារវាស្ថិតនៅលើកំពូលភ្នំ ហើយបានបង្ហូរទឹកគ្រប់រដូវកាលដែលធ្វើឱ្យទឹកធ្លាក់អូរជាំមានខួបប្រាំងវស្សា»។
បើតាមប្រធានសហគមន៍អូរជាំ បានបន្ថែមថា បើតាមការស្រាវជ្រាវទឹកបឹងមួយកន្លែងនេះមានជម្រៅប្រមាណ២០-៣០ម៉ែត្រ និងមានទំហំជិត៣ហិកតា។ បច្ចុប្បន្នមានមនុស្សតិចតួចណាស់បានទៅដល់ ហើយបានស្គាល់។ អ្នកស្រុកនៅទីនេះក៏កម្រអ្នកទៅដល់ និងបានឃើញដោយផ្ទាល់ដែរ៕