(សៀមរាប)៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កិច្ចប្រជុំកំពូលលើកទី៣ ស្តីពីកសិកម្មប្រកបដោយនិរន្តរភាព ត្រូវបានរៀបចំឡើងនៅក្នុងខេត្តសៀមរាប ក្រោមប្រធានបទ «រួមគ្នាពង្រីកសាមគ្គីភាព ដើម្បីទាញយកធនធានប្រកបដោយនិរន្តរភាព សម្រាប់ការអភិវឌ្ឍន៍កសិកម្មប្រកបដោយប្រសិទ្ធភាព និងភាពធន់នឹងអាកាសធាតុ» ដោយមានអ្នកចូលរួមប្រហែល៤០០នាក់ដែលជាកសិករ កសិ-ពាណិជ្ជកម្ម ស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍ នៅក្នុងវិស័យកសិកម្ម និងស្បៀងអាហារ។

កិច្ចប្រជុំកំពូលនេះ មានគោលបំណងចម្បង ដើម្បីកៀរគរការចូលរួមជាបន្ទាន់ក្នុងកិច្ចការពារ និងបង្ការទុកនូវហានិភ័យនានា ដែលកំពុងគំរាមកំហែងភពផែនដី និងដើម្បីស្វែងរកដំណោះស្រាយ សម្រាប់ការបន្តការរស់រាន់មានជីវិតរបស់មនុស្សយើងទាំងអស់គ្នា។

កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក យ៉ង សាំងកុមារ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមប្រឹក្សាកំពូលសេដ្ឋកិច្ចជាតិ និងជាសមាជិកក្រុមប្រឹក្សាភិបាល CACC, និងលោកបណ្ឌិត David Ray នាយកនៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្រ្តាលី ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់។

កិច្ចប្រជុំនេះសហការរៀបចំដោយ ក្រុមហ៊ុន Amru Rice សាជីវកម្មកសិកម្មកម្ពុជា (CACC) និងសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) គាំទ្រដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB), មូលនិធិអភិវឌ្ឍន៍កសិកម្មអន្តរជាតិ (IFAD), សហភាពអឺរ៉ុប (EU), Sweden Sverige, អង្គការ Oxfam នៅកម្ពុជា និង គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS), ឧបត្ថម្ភធំដោយ រាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី CAP-RED , សហការឧបត្ថម្ភដោយ ធនាគារវីង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន, ក្រុមហ៊ុន Khmer Cold Chain, Nileda Group, Buhler, Khmer Drone Technology, FNN, CACA, Husk Venture, Forte , និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK។

សកលលោកបានកំណត់ព្រមព្រៀងលើពេលវេលាជាក់លាក់ ដើម្បីកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតដែលបង្កឡើងដោយមនុស្សលោក ឲ្យបាន៤៥% នៅឆ្នាំ២០៣០ ឬមានន័យថាក្នុងថេរវេលា៧ឆ្នាំ ខណៈដែលពេលវេលាសម្រាប់ Net-Zero គឺនៅក្នុងឆ្នាំ២០៥០។ នេះគឺជាយន្តការបន្ទាន់ដែលចាំបាច់ត្រូវការការផ្លាស់ប្តូរពីសម្តី ទៅជាទង្វើដ៏ជោគជ័យមួយ។ អតិរេកដំណាំស្បៀងអាហារ សម្រាប់ផ្គត់ផ្គង់ប្រជាជនកម្ពុជារាប់លាននាក់ អាចធ្វើឲ្យប្រសើរឡើងសម្រាប់ទីផ្សារនាំចេញជាសកល ដែលផ្តល់នូវបុព្វលាភលើប្រភពនិរន្តរភាព។ ទោះជាយ៉ាងនេះក្តី នៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើដើម្បីដោះស្រាយលើប្រព័ន្ធធារាសាស្រ្តជាប្រព័ន្ធ រចនាសម្ព័ន្ធការដឹកជញ្ជូន និងថ្លៃថាមពលខ្ពស់ ដែលអាចបង្កការប៉ះពាល់ដល់វិស័យមួយនេះ។

កម្ពុជា បាននិងកំពុងអនុវត្តនូវសកម្មភាពរបៀបវារៈឆ្នាំ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ទោះជាយ៉ាងនេះក្តី តម្រូវការភាពធន់នឹងអាកាសធាតុ សម្រាប់ប្រព័ន្ធកសិ-ស្បៀងអាហារ នៅតែចាំបាច់ត្រូវការការអនុវត្តជាក់ស្តែង និងដំណោះស្រាយដែលមានលក្ខណៈនិរន្តរភាព ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

កិច្ចប្រជុំកំពូលស្តីពី កសិកម្មប្រកបដោយនិរន្តរភាពនេះ បានស្តែងឲ្យឃើញពីការផ្តួចផ្តើមនៃកសិកម្មឆ្លាតវៃ តួយ៉ាងដូចជាការប្រើប្រាស់កាកសំណល់ធ្វើជាជីសរីរាង្គ តាមរយៈជីវចល vermiculture និងជីកំប៉ុសចម្រុះ និងការប្រើប្រាស់ការច្នៃប្រឌិតថាមពលព្រះអាទិត្យ និងថាមពលមិនមែនឥន្ធនៈ សម្រាប់ការគ្រប់គ្រងទឹក និងសម្រាប់ថាមពលជំនួស ក៏ដូចជាការអនុវត្តកសិកម្មដាំដុះឡើងវិញជាដើម។

មានកសិករជាច្រើន បានងាកទៅរកការធ្វើពិពិធកម្មដំណាំដែលមានតម្លៃខ្ពស់ប្រកបដោយនិរន្តរភាពជាងមុន ខណៈដែលផលបត្រហិរញ្ញប្បទានផ្នែកសិកម្មមួយចំនួនសព្វថ្ងៃនេះ កំពុងបោះជំហាន កាន់តែខ្លាំងទៅរកវិស័យមួយនេះ។ នៅក្នុងកិច្ចប្រជុំកំពូលនេះផងដែរ ក៏មាននូវការដាក់ឱ្យដំណើរការគម្រោងផ្តួចផ្តើមកសិកម្មអាកាសធាតុឆ្លាតវៃ តាមរយៈគម្រោង GRAISEA2 របស់អង្គការ Oxfam ប្រចាំតំបន់ ដែលជាគម្រោងក្រោមការផ្តល់ទុនដោយស្ថានទូតស្វីសបាំងកក (SIDA)។

តំណាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបញ្ជាក់ថា «តំណភ្ជាប់ជាមូលដ្ឋាននៅក្នុងប្រព័ន្ធស្បៀងអាហារ, ការផ្សារភ្ជាប់គ្នារវាងវិស័យកសិកម្ម អាហារូបត្ថម្ភ និងសុខភាព គឺជាចំណេះដឹងដ៏សំខាន់។ យើងត្រូវសាកល្បងអ្វីមួយដោយការសិក្សាស្រាវជ្រាវ ហើយបន្ទាប់មកបង្កើតនូវអ្វីដែលថ្មី។ ការអនុវត្តកសិកម្មបែបដាំដុះឡើងវិញអាចដំណើរការលើភាពស៊ីសង្វាក់គ្នានៃធម្មជាតិជាមួយបរិស្ថាន ដូច្នេះហើយវានឹងក្លាយជាដំណោះស្រាយដែលអាចទៅរួច និងមានឥទ្ធិពលលើការផ្លាស់ប្តូរ»

លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Amru Rice ដែលជាស្ថាប័នដឹកនាំការរៀបចំនៃកិច្ចប្រជុំកំពូលនេះ បានឲ្យដឹងថា «កិច្ចពិភាក្សានានា ដែលមាននៅក្នុងកិច្ចប្រជុំកំពូលនេះ បានបង្ហាញឲ្យឃើញច្បាស់ថា លទ្ធភាពទទួលបានហិរញ្ញប្បទានទៅលើផ្នែកអាកាសធាតុ និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅកម្រិតកសិដ្ឋាន និងប្រទេស នៅមានកម្រិតនៅឡើយ។ ភាពជាដៃគូពហុភាគីត្រូវការពន្លឿនជាចាំបាច់ ដើម្បីបម្លែងប្រព័ន្ធកសិផលកម្ពុជា និងផ្តល់ប្រយោជន៍ដល់មនុស្ស អាកាសធាតុ និងធម្មជាតិ។ ការអនុវត្តអេកូឡូស៊ី និងកសិកម្មប្រកបដោយនិរន្តរភាព នឹងអាចកាត់បន្ថយផលប៉ះពាល់អាកាសធាតុ។ យើងគួរតែជំរុញឲ្យមាននូវដំណោះស្រាយជាក់ស្តែងតាមរយៈការចែករំលែកចំណេះដឹង ការបណ្តុះបណ្តាល អភិបាលកិច្ចល្អ និងការផ្តល់ទុនឲ្យបានគ្រប់គ្រាន់»

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមប្រឹក្សាកំពូលសេដ្ឋកិច្ចជាតិ បានឲ្យដឹងផងដែរថា «បម្របម្រួលអាកាសធាតុ និងសុវត្ថិភាពស្បៀងអាហារ កំពុងគំរាមកំហែងដល់តម្រូវការ ធនធានប្រកបដោយនិរន្តរភាព។ ផលិតកម្មស្បៀងអាហាររបស់កម្ពុជា មានលក្ខណៈច្រើនតែជាបែបធម្មជាតិបៃតង ដែលយើងចាំបាច់ត្រូវការបញ្រ្ជាបគោលការណ៍មួយនេះដើម្បីបង្កើនទីផ្សារចំណីអាហារ និងផ្តល់ផលប្រយោជន៍ដល់កសិករឲ្យបានច្រើនជាងមុន។ យើងគួរតែបង្កើននូវមធ្យោបាយដំណោះស្រាយបែបកសិកម្មអាកាសធាតុឆ្លាតវៃ និងភ្ជាប់នូវចន្លោះប្រហោងលើផ្នែកចំណេះដឹង ដោយការសិក្សាស្រាវជ្រាវ និងការចែករំលែកព័ត៌មាន។ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំបំពេញនូវកិច្ចសហប្រតិបត្តិការពហុភាគីក្នុងសកម្មភាពជាក់ស្តែងនានា ក៏ដូចជាការរៀបចំផែនការ ការកៀរគរធនធាន និងការគាំទ្រគោលនយោបាយជាដើម»

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានថ្លែងថា «អង្គការ Oxfam សូមសម្តែងការសាទរដល់កិច្ចប្រជុំកំពូលស្តីពីកសិកម្មប្រកបដោយនិរន្តរភាព ក្នុងរូបភាពជាជំហានឈានឆ្ពោះ ទៅកាន់កម្មវិធីកិច្ចសហការពហុភាគី ដែលជាការកៀរគរនូវការទទួលស្គាល់សកម្មភាពគ្រឹះនានា ដើម្បីបញ្ចូលប្រព័ន្ធកសិ-ស្បៀងអាហារប្រកបដោយនិរន្តរភាព ក៏ដូចជាគាំទ្រលើតួនាទីដ៏សំខាន់របស់ស្រ្តី នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ឆ្ពោះទៅកាន់គោលនយោបាយវឌ្ឍនភាពសម្រាប់ប្រទេសជាតិ និងការចូលរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពជាសកល និងរបៀបវារៈឆ្នាំ២០៣០»