(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ជាថ្ងៃដំបូងដែលត្រូវចាប់ផ្តើម ប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៦ ដែលរាជរដ្ឋាភិបាលបានកំណត់។
នៅឆ្នាំ២០១៦នេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមិនគិតពន្ធ លើមធ្យោបាយដឹកជញ្ជូន ចំពោះទោចចក្រយានយន្ត រួមមាន ម៉ូតូ រ៉ឺម៉កកង់បី នោះឡើយ។
ជាមួយគ្នានេះ ដើម្បីសម្រួលដល់ការបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន ឲ្យបានកាន់តែរហ័ស និងងាយស្រួលជាងមុននោះអគ្គនាយកដ្ឋាន ពន្ធដារ នៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបា នរៀបចំនូវនីតិវិធី ក្នុងការបង់ពន្ធមួយចំនួន។ អគ្គនាយកដ្ឋានពន្ធដារ បានបង្កើតនៅប័ណ្ណសំគាល់ ទិន្ន័យបង់ពន្ធ ដែលម្ចាស់យានយន្ត ដែលធ្លាប់បង់ពន្ធកន្លងមក មិនចាំបាច់បំពេញបែបបទជាថ្មីនោះទេ គឺមានកាតនេះគ្រប់គ្រាន់អាច បង់ពន្ធបាន។ រហូតមកដល់ពេលនេះ ប័ណ្ណចំនួន៣៤ម៉ឺន ត្រូវបានបានចែកជូនដល់ម្ចាស់យានយន្ត ដែលជាអ្នកជាប់ពន្ធរួចរាល់ហើយ។
អ្វីដែលពិសេសជាងនេះ ទៅទៀតនោះ នៅឆ្នាំ២០១៦នេះផងដែរ អគ្គនាយកដ្ឋានពន្ធដារបានបង្កើតនូវ App មួយសម្រាប់ឲ្យបងប្អូន ប្រជាពលរដ្ឋ ដែលជាអ្នកជាប់ពន្ធ អាច Download នៅក្នុងទូរស័ព្ទដៃរបស់ខ្លួន ហើយអាចគណនា នៅចំនួនទឹកប្រាក់ ដែលខ្លួនត្រូវបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ។ App របស់អគ្គនាយកដ្ឋាន ពន្ធដារបង្កើតនេះ មានឈ្មោះថា «Cambodia RoadTax2016» មានទាំងលើប្រព័ន្ធប្រតិបត្តិការ Android និង iOS។ កម្មវិធីនេះផ្តល់ភាពងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋ អាចគណនាប្រាក់ពន្ធរបស់ ពួកគាត់ លើមធ្យោបាយដឹកជញ្ជូនទាំងផ្លូវទឹក និងផ្លូវគោកបានរហ័ស មិនចាំបាច់សួរនាំមន្ត្រីនោះឡើយ។
បើយោងតាមប្រកាស របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការបង់ពន្ធនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ និងធ្វើការចុះពិនិត្យការប្រកាសពន្ធនេះ និងផាកពិន័យចំពោះមធ្យោបាយដឹកជញ្ជូន និងយានជំនិះ ទាំងឡាយណាដែលមិនបានបង់ពន្ធនេះ៕