(កោះកុង)៖ លោកឧកញ៉ាបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានថ្លែងប្រាប់ឲ្យលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ផ្សព្វផ្សាយដល់ពលរដ្ឋចង់បង្កើនដំណាំកសិកម្មខ្វះបច្ចេកទេស ទៅរៀនបទពិសោធន៍របស់លោក ដោយឥតគិតថ្លៃ។
លោកថ្លែងបែបនេះ ក្នុងកិច្ចប្រជុំសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទបរិស្ថាន និងវិនិយោគ នៅខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកបណ្ឌិត ម៉ុង ប្ញទ្ធី បានលើកឡើងថា បងប្អូនកសិករ សហគមន៍ ដែលមានបំណងចង់ប្រកបអាជីវកម្មដាំដំណាំកសិកម្មក្នុងលក្ខណៈធំ ឬក្នុងលក្ខណៈគ្រួសារ ដើម្បីរកផលចំណូលក្នុងជីវភាពគ្រួសារ ហើយខ្វះបច្ចេកទេស ក្នុងការដាំដុះនោះ លោកបណ្ឌិតបានផ្តល់ឱកាសល្អដល់ប្រជាកសិករ និងសហគមន៍អញ្ជើញទៅរៀនយកចំណេះដឹងដកស្រងបច្ចេកទេសពីកសិដ្ឋានរបស់លោកបណ្ឌិត នៅក្រុមហ៊ុនលោកបណ្ឌិតដែលមានទីតាំងកែវផុស ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីបង្កើនធនធានមនុស្សផ្នែកកសិកម្មទទួលបានទិន្នផលខ្ពស់ ក្នុងការដាំដុះនិងពង្រីកអាជីកម្មបន្ថែមក្នុងវិស័យកសិកម្ម និងដើម្បីជីវភាពគ្រួសារក្នុងបច្ចុប្បន្នភាព និងបង្កើនឲ្យតម្លាភាពក្នុងដំណាំកសិកម្ម ឲ្យមានកំណើត និងមានផាសុខភាពល្អដោយមិនប្រើសារធាតុគីមី។
លោកបណ្ឌិត ម៉ុង ប្ញទ្ធី បានបន្តថា បងប្អូនកសិករ ឬសហគមន៍រូបណាក៏ដោយ ឲ្យតែមានបំណងចង់បង្កើនបច្ចេកទេសធនធានមនុស្សដាំដុះឲ្យមានកំណើនទិន្នផលខ្ពស់ហើយខ្វះថវិកាក្នុងការរៀនបច្ចេកទេសពីកសិដ្ឋានលោកបណ្ឌិត កន្លែងលោកទទួលទាំងអស់ដោយមិនតម្រូវឲ្យបង់លុយក្នុងការសិក្សាទាំងការស្នាក់នៅទាំងការហូបចុកឡើយ។
លោកបណ្ឌិតបានបន្ថែមថា ដើម្បីជីវភាពរបស់កសិករ ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រក្នុងជីវភាពគ្រួសារលោកបណ្ឌិតសូមឲ្យអាជ្ញាធរខេត្ត និងមន្ត្រីក្នុងសហគមន៍ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកសិករទូទាំងខេត្តកោះកុង ឲ្យបានទូលំទូលាយក្នុងដាំដំណាំងកសិកម្មចិញ្ចឹមសត្វពាហនៈ ត្រី បើខ្វះបទពិសោធន៍បច្ចេកទេស សូមឲ្យគាត់អញ្ជើញទៅរៀនបច្ចេកទេសនិងបទពិសោធន៍ នៅកសិដ្ឋានរបស់លោកបណ្ឌិតដោយមិនគិតតម្លៃសេវាឡើយ។
ទន្ទឹមនេះលោកបណ្ឌិត បានកោតសសើរថ្នាក់ដឹកនាំក្នុងខេត្តទាំងអស់ដែលបានអភិវឌ្ឍន៍ ក្នុងខេត្តកោះកុងទទួលបានភាពរីកចម្រើនគួរឲ្យគត់សម្គាល់គ្រប់ផ្នែកគ្រប់វិស័យហើយមានផាសុខភាពល្អមានសុវត្ថិភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានមានជីវភាពធូរធាររីកចម្រើន៕