(កំពង់ចាម)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបន្ដជួបប្រជុំស្វែងរកដំណោះស្រាយជុំវិញផលប៉ះពាល់ ក្នុងគម្រោងពង្រីកផ្លូវជាតិលេខ៧ ពីស្គន់ ទៅស្ពានគីហ្សូណា ជាមួយភាគីក្រុមហ៊ុន និងអង្គភាពពាក់ព័ន្ធ។ កិច្ចប្រជុំស្វែងរកដំណោះស្រាយនេះ ធ្វើឡើងដោយលោក លឹម ស៉ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
ទាក់ទិនទៅនឹងគម្រោងសាងសង់ផ្លូវខាងលើនេះ បើតាមការសិក្សារបស់ក្រុមហ៊ុន CRBC ឃើញថា ចំណុចដែលមានផលប៉ះពាល់ស្មុគស្មាញខ្លាំង មាន៤តំបន់រួមមាន៖
*ទី១៖ ស្ថិតនៅក្នុងទីប្រជុំជនស្គន់ ស្រុកជើងព្រៃ ដែលមានទំហំដោះស្រាយផលប៉ះពាល់បណ្ដុំគ្នាច្រើន និងមានភាពស្មុគស្មាញខ្លាំង
*ទី២៖ ស្ថិតក្នុងស្រុកព្រៃឈរ ជុំវិញចំណុចប្រសព្វ និងផ្លូវលេខ៦០
*ទី៣៖ ស្ថិតក្នុងស្រុកកំពង់សៀម
*ទី៤៖ ស្ថិតក្នុងក្រុងកំពង់ចាម។
តំណាងក្រុមហ៊ុន CRBC ឲ្យដឹងទៀតថា គម្រោងផ្លូវជាតិលេខ៧ ជាគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវ ពី២គន្លងទៅ ៤គន្លង ដែលបច្ចុប្បន្ននេះ គម្រោងកំពុងស្ថិតក្នុងដំណាក់កាលត្រៀម និងរៀបចំដោយគម្រោង នឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការងារដោះស្រាយផលប៉ះពាល់ និងការងាររៀបចំផ្សេងៗទៀត គឺជាកត្តាសំខាន់ដែលកំណត់ថាតើក្រុមហ៊ុន អាចចាប់ផ្ដើមសាងសង់តាមការគ្រោងទុក និងអនុវត្តការងារក្នុងទ្រង់ទ្រាយធំដែរឬទេ។
យោងតាមស្ថានភាពទីប្រជុំជន តាមខ្សែផ្លូវនៃគម្រោង គឺមានភាពបណ្ដុំគ្នាច្រើន និងស្មុគស្មាញខ្លាំងជាកត្តាចម្បង ដែលជះឥទ្ធិពលដល់ផែនការវឌ្ឍនភាព ទាំងមូលរបស់គម្រោង។ ដូច្នេះដើម្បីធានាការសាងសង់ដោយរលូន ទៅតាមផែនការគ្រោងទុក ក្រោយរដូវវស្សា ក្នុងឆ្នាំ២០២៣ខាងមុខនេះ សូមថ្នាក់ដឹកនាំមេត្តាជួយសម្របសម្រួល និងជំរុញការងារប្រកបបានជោគជ័យដើម្បីសាងសង់គម្រោងផ្លូវជាតិលេខ៧ ប្រកបតាមស្តង់ដារ និងគុណភាពខ្ពស់។
សូមរំលឹកថា ការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ជា៤គន្លង ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម បានបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។ គម្រោងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ មានប្រវែងសរុប ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន និងត្រូវចាប់ផ្ដើមដំណើរការ នៅឆ្នាំ២០២៣៕