(ព្រះសីហនុ)៖ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញចរាចរដឹកនាំដោយលោក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តបង្កើនសកម្មភាពត្រួតពិនិត្យ និងផាកពិន័យគ្មានការលើកលែងចំពោះអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ឬអ្នកបើកបរយានយន្តគ្រប់ប្រភេទល្មើសច្បាប់ទាំងពេលថ្ងៃ និងពេលយប់ ប្រនៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

វិធានការនេះធ្វើឡើង បន្ទាប់ពីរដ្ឋបាលខេត្តព្រះសីហនុ ដែលមានលោក គួច ចំរើន ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ប្រកាសបើកធ្វើយុទ្ធការដោយប្រើប្រាស់គ្រប់សកម្មភាពដើម្បីទប់ស្កាត់គ្រោះ
ថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យមនុស្សស្លាប់ និងរងរបួសជាបន្តបន្ទាប់ហើយភាគច្រើនជនរងគ្រោះដែលស្លាប់គឺជាភាគីអ្នកជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាព។

ក្រោយមានការលើកឡើងជជែកវែកញែករឿងប៉ូលីសចាប់ផាកអ្នកមិនគោរពច្បាប់ចរាចរណ៍ក្នុងខេត្តព្រះសីហនុ ទាំងថ្ងៃទាំងយប់ប៉ុន្មានថ្ងៃកន្លងមកនេះ លោក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ នៃស្នង
ការដ្ឋាននគរបាលខេត្តព្រះសីហនុ បានប្រាប់ភា្នក់សារព័ត៌មាន Fresh News ឲ្យដឹងថា នេះជាយុទ្ធនាការពិសេសទ្រង់ទ្រាយធំដែលដាក់ចេញដោយលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្ត តាមរយៈវិធានការក្តៅ គ្រប់អ្នកបើកបរយានយន្តមិនគោរពច្បាប់ចរាចរណ៍ ហើយយុទ្ធនាការនេះដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោស្នងការ។

តាមការសង្កេតជាក់ស្តែងបង្ហាញឲ្យឃើញថា ស្ថានភាពធ្វើដំណើររបស់ពលរដ្ឋមួយចំនួនក្នុងខេត្ត ភាគច្រើន មិនគោរពច្បាប់ពេលបើកបរ ពិសេសអ្នកជិះម៉ូតូក្នុងនោះមានទាំងការបណ្តែតបណ្តោយឲ្យក្មេងតូចៗជិះម៉ូតូមួយគ្រឿងឌុបគ្នា ៣ទៅ៤នាក់ ក៏មានដែរ ដែលសុទ្ធសឹងជាបញ្ហាប្រឈមនិងគ្រោះថ្នាក់។

ដើម្បីបញ្ចប់ការមន្ទិលសង្ស័យដោយប្រការណាមួយ អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋ និងតាមសាលារៀនចូលរួមអប់រំកូនចៅ ឬសិស្សានុសិស្ស ឲ្យជិះម៉ូតូពាក់មួកសុវត្ថិភាព និងការបើកបរយានយន្តផ្សេងៗត្រូវតែគោរពច្បាប់
គ្រប់ពេល។

គួរបញ្ជាក់ថា យុទ្ធនាការនេះសមត្ថកិច្ច នឹងចល័តធ្វើទាំងពេលថ្ងៃនិងពេលយប់ ដើម្បីចាប់បង្ខំតម្រង់ទិសអ្នកបើកបរយានយន្តឲ្យគោរពច្បាប់ទាំងអស់គ្នា។ សូមបញ្ជាក់បន្ថែមថា ក្រៅពីផាកពិន័យ ប៉ូលីសក៏នឹងចាប់បញ្ជូនទៅ សាលាដំបូងខេត្តផ្តន្ទាទោសផងដែរ ក្នុងករណីរកឃើញថា ជាអ្នកបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្សស្លាប់ឬរងរបួសក្នុងស្ថានភាពធ្ងន់ធ្ងរ៕