(ឧត្តរមានជ័យ)៖ លោក ឃិន ញ៉ាណ អភិបាលស្តីទីខេត្តឧត្តរមានជ័យ បានណែនាំលោកគ្រូ អ្នកគ្រូ សមាជិកទាំងអស់ សូមចូលរួមជាមតិយោបល់ ពិភាក្សាលើប្រធានបទជាគន្លឹះសំខាន់ៗ ដែលជាទិសដៅសម្រាប់យកទៅអនុវត្ត នៅតាមមូលដ្ឋានឱ្យទទួលបានលទ្ធផលល្អប្រសើរ។
ការថ្លែងណែនាំរបស់លោកអភិបាលស្តីទីខេត្តឧត្តរមានជ័យបែបនេះ បានធ្វើឡើងក្នុងពិធីបើកសន្និបាតវាយតម្លៃលទ្ធផលការងារ អប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២១-២០២២ និងលើកទិសដៅឆ្នាំសិក្សា២០២២-២០២៣ របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការ តំណាងលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្ត្រីរាជការ តាមមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុក លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ ជាច្រើនរូបទៀត។
លោក ឃិន ញ៉ាណ បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តឧត្តរមានជ័យ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងអប់រំ យុវជន និងកីឡា ដែលជានិច្ចជាកាលបានគិតគូរយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ គុណភាពអប់រំ ក៏ដូចជាការចូលរួមចំណែកយ៉ាងសកម្ម ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមមគ្គុទេសក៏ដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំគ្រប់កម្រិត ដែលបានខិតខំប្រឹងប្រែង ធ្វើឱ្យគុណភាពអប់រំមានការប្រែប្រួល ពីមួយឆ្នាំទៅមួយឆ្នាំដូចជា៖
*មតេយ្យសិក្សាសហគមន៍បានជាប់ជាស្តង់ដា
*សិស្សានុសិស្សមានគុណភាព ដោយក្រសួងបានអនុវត្តកញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូង
*សិស្សជាប់និទ្ទេស A ចំនួន៦នាក់ ក្នុងឆ្នាំ២០២២
*ការស្មូតទទួលបានចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស
*គ្រូបង្រៀនល្អចំណាត់ថ្នាក់លេខ៥
*សាលាផ្តល់សេវាសាធារណៈគំរូលេខ២ទូទាំងប្រទេស
*សាលាបរិស្ថានល្អទទួលបានលិខិតសរសើរពីក្រសួងបរិស្ថាន
*យុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំទទួលបានចំណាត់ថ្នាក់លេខ២ទូទាំងប្រទេស
*ការប្រកួតកីឡាបានចូលរួមដណ្តើមពានគ្រប់វិញ្ញាសារប្រកួត និងការប្រកួតមិត្តភាពកម្ពុជា-ថៃ ទទួលបានមេដៃនិងពានផងដែរ។
លោក ឃិន ញ៉ាណ បានថ្លែងកោតសើរសើរចំពោះការចូលរួមអនុវត្តការងារ ពីលោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស គណៈគ្រប់គ្រងសាលារៀន អាជ្ញាធរដែនដី សហគមន៍ សប្បុរសជន ដៃគូរអភិវឌ្ឍនានា ដែលបានចូលរួម យ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំក្រោមពាក្យស្លោកថា៖ «ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ» ដើម្បីសម្រេចបានតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ គឺ «ការអប់រំប្រកបដោយគុណភាព សមធម៍ បរិយាបន្ន និង ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា»។
ជាមួយគ្នានេះ លោកសូមចូលរួមជាមតិយោបល់ពិភាក្សាលើប្រធានបទជាកន្លឹះសំខាន់ៗ ដែលជាទិសដៅសម្រាប់យកទៅអនុវត្ត នៅតាមមូលដ្ឋានឱ្យទទួលបាមលទ្ធផលល្អប្រសើរ៕