Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយ ចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ឲ្យកាន់តែផុសផុល

24-02-2023 16:21

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ បានជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយ ចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ឲ្យកាន់តែផសផុលបន្ថែមទៀត ដើម្បីឲ្យសាធារណជនបានដឹង និងត្រៀមខ្លួនចូលរួមទាំងអស់គ្នា។

ការជំរុញរបស់រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅក្នុងឱកាសកិច្ចប្រជុំពិភាក្សាការងារលើការកំណត់ប្រភេទកីឡាដែលត្រូវផលិត និងធ្វើការផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍ឯកជន ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ខៀវ កាញារីទ្ធ បានថ្លែងថា សម្រាប់កិច្ចប្រជុំពិភាក្សាការងារនេះ ក្នុងគោលបំណងដើម្បីបែងចែកប្រភេទកីឡាដែលត្រូវផលិត និងតួនាទីក្នុងការ ផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍ឯកជន ក្នុងការរៀបចំនូវសំភារៈ បរិក្ខារ និងច្ចេកទេស ដើម្បីថតផ្សាយគ្រប់សកម្មភាពកីឡាទាំងអស់ឆ្ពោះទៅកីឡាស៊ីហ្គេម។

ឆ្លៀតក្នុងឱកាសកិច្ចប្រជុំពិភាក្សានេះដែរ លោក ខៀវ កាញារីទ្ធ បានជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយចូលរួមផ្សព្វផ្សាយ ពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ឲ្យកាន់តែផសផុលបន្ថែមទៀត ដើម្បីឲ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដនេះ បានបង្ហាញឲ្យពិភពលោក បានស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ តាមរយៈកីឡាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងឆ្នាំ២០២៣នេះ។

គួរជម្រាបថា វិញ្ញាសារកីឡាចំនួន៣៦ និងប្រភេទកីឡាផ្សេងទៀត ត្រូវបានចុះបញ្ជីជាផ្លូវការសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ និងវិញ្ញាសារកីឡាចំនួន១៣ សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

កីឡាទាំងនោះ រួមមាន ហែលទឹក (ហែលទឹក, លោតទឹក និងកីឡាបាល់ទឹក), អត្តពលកម្ម, វាយសី, បាល់បោះ (៥x៥, ៣x៣), ប្រដាល់សកល, បុកបីយ៉ា, ប្រណាំងកង់ (កង់គួក និងកង់ភ្នំ), ទូកកានូ និងរ៉ូអ៊ីង, អុក (អុកចត្រង្គ, ប្រចាំតំបន់, អុកចិន), កីឡារាំ, កីឡាគុនដាវ, បាល់ទាត់, វាយកូនហ្គោល, កាយសម្ព័ន្ធ, កីឡាហុកគី, សូហ្វីតេនីស, យូដូ, ការ៉ាតេ, គុនខ្មែរ, ប៉េតង់, ទូកក្ដោង, សីដក់, វាយកូនឃ្លីលើតុ, តេក្វាន់ដូ, ទូកប្រពៃណី, ទ្រីយ៉ាថ្លុង, បាល់ទះ, ចំបាប់ ,លើកទម្ងន់, ហែលទឹកជើងទា, កាយវប្បកម្ម, កីឡាអេឡិចត្រូនិច, cricket , ម៉ូតូទឹក, វ៉ូសូ, កីឡា floorball និងកីឡាឧបសគ្គ។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិ CAMSOC បានប្រគល់សិទ្ធិឲ្យក្រុមហ៊ុនទូរទស្សន៍កីឡាកម្ពុជា CSTV ផលិតនិងលក់សុទ្ធឲ្យទូរទស្សន៍បរទេសចំនួន១៦ប្រភេទកីឡា គឺ១ អត្តពលកម្ម ២ ហែលទឹក ៣ បាល់ទាត់ ៤ ប៉េតង់ ៥ បាល់ទះ ៦ គុនខ្មែរ ៧ វាយសី ៨ សីដក ៩ ការ៉ាតេ ១០ តេក្វាន់ដូ ១១ ប្រដាល់សកល ១២ បាល់បោះ ១៣ បញ្ជាសីលា ១៤ វាយកូនឃ្លីលើតុ ១៥ ហុកគី ១៦ កីឡាអេឡិចត្រូនិច។

ចំណែកប្រភេទកីឡាដែលទូរទស្សន៍ជាតិ និងទូរទស្សន៍ឯកជនផលិត និងផ្សាយបន្តផ្ទាល់មាន២០ ប្រភេទកីឡា រួមមាន ១ ប៊ីយ៉ា ២ អុក ៣ ប្រណាំងកង់ ៤គ្រិតឃីត ៥ កីឡារាំ ៦ គុនខ្មែរ ៧ football ៨ វាយកូនហ្គោល ៩ កាយសម្ព័ន្ធ ១០ កីឡាម៉ូតូទឹក ១១ យូដូ ១២ កីឡាឧបសគ្គ ១៣ ទូកក្ដោង ១៤ សូហ្វតិន្នីស ១៥ វាយកូនបាល់ ១៦ ប្រណាំងទូកនាគ ១៧ ទ្រីយ៉ាត្លុង ១៨ លើកទម្ងន់ ១៩ ចំបាប់ និងទី២០ វូសូ៕