(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ការលើកតម្កើងប្រពៃណីព្រះពុទ្ធសាសនា និងមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលការរីកចម្រើនទាំងនេះពិតណាស់ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ព្រោះប្រទេសជាតិយើង គ្មានសង្គ្រាមដូចសម័យអតីតកាល។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសតំណាងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសុមធម្មរង្សី ហៅវត្តទួលពិសិដ្ឋ ស្ថិតក្នុងភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងឲ្យដឹងថា ខេត្តត្បូងឃ្មុំមានវត្តជាង២៥០វត្ត ដែលក្នុងមួយវត្តៗចំណាយថវិកាមិនតិចជាង២០ម៉ឺនដុល្លារនោះទេ ដោយថវិការយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានមកពីថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជា សប្បុរសជននានា រួមជាមួយពុទ្ធបរិស័ទ ចំណុះជើងវត្ត រួមគ្នាលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

លោកបណ្ឌិតអភិបាលខេត្ត គូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងណាស់ ធ្វើយ៉ាងណាដើម្បីឱ្យប្រទេសខ្មែរយើងមានសុខសន្តិភាព មានស្ថេរភាពនយោបាយ និងស្ថេរភាពសង្គម ដឹកននាំប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាបន្តគាំទ្រ និងរួមគ្នារួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសបន្តបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជាគ្រប់ៗអាណត្តិ។

លោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា សមិទ្ធផលដែលត្រូវសម្ពោធឆ្លងដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការក្នុងវត្តសុខធម្មរង្សី ហៅវត្តទួលពិសិដ្ឋ នាពេលនេះរួមមានឧបដ្ឋានសាលា ទំហំ១៦មX២៨ម ចំណាយអស់ថវិកា១៨០.០០០ដុល្លា រួមទាំងសមិទ្ធផលនានាសរុបចំណាយថវិកា ១៨៧.៧០០ដុល្លា ដោយបច្ចុប្បន្ននៅជំពាក់ថ្លៃសម្ភារ និងឈ្នួលជាង ថវិកាចំនួន ៣.៥០០ដុល្លារ។

ឆ្លៀតក្នុងឱកាសនោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ដោយសទ្ធាជ្រះថ្លា បានប្រគេនថវិកាចំនួន១២លានរៀល ដល់ព្រះគ្រូចៅអធិការវត្ត ដើម្បីកសាងអភិវឌ្ឍវត្តបន្ថែមទៀត និងចែកជូនថវិកា ក្រណាត់ស សម្ភារសិក្សា ដល់លោកយាយជីតាជី លោកគ្រូអ្នកគ្រូ លោកគ្រូអ្នកគ្រូពេទ្យ ក្រុមប្រឹក្សាឃុំ មេភូមិ សិស្សានុសិស្ស កាយរិទ្ធ យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា កងកម្លាំងនគរបាល និងប្រជាការពារដែលបានចូលរួម សរុបចំនាយថវិកាអស់ចំនួន ៣១.០០០.០០០រៀលផងដែរ៕