អាជ្ញាធរថៃដោះលែង ពលករ៥នាក់ ដែលបានឆ្លងដែនទៅកាប់ឈើក្រញូង កាលពីឆ្នាំ២០១៤
01-07-2016 15:55
(ឧត្តរមានជ័យ)៖ អាជ្ញាធរថៃបានសម្រេចដោះលែង ពលករខ្មែរ៥នាក់ ឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីពលករទាំងនេះ បានចូលឆ្លងដែនទៅកាប់ឈើក្រញូងនៅប្រទេសថៃ កាលពីឆ្នាំ២០១៤កន្លងទៅ។ ការដោះលែង និងបញ្ជូនពលករខ្មែរទាំង៥នាក់ មកប្រទេសកម្ពុជាវិញនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ។ មន្ដ្រីនគរបាលអន្ដោប្រវេសន៍ច្រកអន្ដរជាតិជាំ ខេត្តឧត្តរមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ពលករទាំង៥នាក់ ដែលត្រូវបានដោះលែងនេះ ទី១ឈ្មោះ អៀង ឈូច ទី២ឈ្មោះ ខឹម ចន្ថា ទី៣ឈ្មោះ វន នេត ទី៤ឈ្មោះ ស៊ុន វុទ្ធី និងទី៥ឈ្មោះ អាំ គន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ អ្នកទាំង៥នាក់នេះ បានលួចឆ្លងដែនខុសច្បាប់តាមរយៈមេខ្យល់ ចូលទៅកាប់ឈើក្រញូង នៅទឹកដីថៃ តាមច្រកក្បាលអូរស្វាយ ស្រុកត្រពាំប្រាសាទ ខេត្តឧត្តមានជ័យ ហើយត្រូវសមត្ថកិច្ចថៃចាប់បាន និងត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារនៅក្នុងខេត្តស៊ីសាកេត៕