(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍កិត្តិ​សង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាប្រគល់សម្ភារសង្រ្គោះផ្ទៃទឹក ជូនដល់បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក នៅទីបញ្ជាការដ្ឋានទ័ពពិសេស។

ថ្លែងនាឱកាសទទួលអំណោយឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស ក៏បានអរគុណចំពោះលោកកិត្តិសង្គហបណ្ឌិត គន់ គីម ដែលជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើសមរភូមិសង្គោះគ្រោះមហន្តរាយ ដែលតែងតែយកចិត្តទុកដាក់ គិតគូរ និងបានផ្តល់សម្ភារសង្រ្គោះដល់បញ្ជាការដ្ឋានជារៀងរហូតមក។

ឧត្តមសេនីយ៍ឯក ចាប ភក្តី ក៏បានលើកឡើងពីសកម្មភាពរបស់នាយទាហាន នាយទាហានរង និងពលទាហានព្រមទាំងការចូលរួមរបស់ស្ថាប័នអង្គភាព អង្គការ សមាគម និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេសក្នុងពេលកន្លងមក។

ឧត្តមសេនីយ៍ឯក ចាប ភក្តី បានបញ្ជាក់ដែរថា ការជួយឧត្ថម្ភដល់បញ្ជាការដា្ឋនទ័ពពិសេស នាពេលនេះគឺជាកាយវិការប្រកបដោយសប្បុរសធម៌ និងជាគុណូបការៈ ជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការត្រៀមបង្ការ សង្រ្គោះគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនកម្លាំងសង្គ្រោះទាំងអស់ និងបានជម្រាបជូនពួកគេថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែនឹករលឹកដល់កងកម្លាំងរបស់គ្រប់ជាន់ថ្នាក់។

ទេសរដ្ឋមន្ត្រី គន់ គីម បានវាយតម្លៃខ្ពស់ និងកោតសសើរដល់បញ្ជាការដ្ឋានទ័ពពិសេស ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការជួយសង្រ្គោះគ្រោះមហន្តរាយនាពេលកន្លងមក។

ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្តេចតែងតែគិតគូរ យកចិត្តទុកដាក់ដល់ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយកថាហេតុ ពីព្រោះគ្រោះមហន្តរាយមិនដឹងកើតឡើងនៅពេលណានោះទេ ហើយជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ និងបានត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា គ្រប់ពេលវេលា ព្រមទាំងថែរក្សាសន្តិភាពអោយបានយូរអង្វែងជូនប្រជាពលរដ្ឋរស់នៅ។

ទេសរដ្ឋមន្ត្រី គន់ គីម បានបន្ថែមថា ការបំពាក់ឧបករណ៍ សម្ភារបច្ចេកទេសនាពេលនេះ គឺជាការគិតគូរមួយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការពង្រឹងសមត្ថភាពក្រុមការងារជួយសង្គ្រោះពេលហេតុការណ៍គ្រោះមហន្តរាយផ្សេងៗដូចជាការបាក់រលំអគារ គ្រោះមហន្តរាយបណ្តាលមកធម្មជាតិ និងឧប្បត្តិហេតុផ្សេងៗទាំងលើគោក លើទឹក និងលើអាកាសផងដែរ។

ទេសរដ្ឋមន្ត្រីបានក្រើនរំលឹកដល់សិក្ខាកាមហ្វឹកហ្វឺនជំនាញសង្គ្រោះគ្រោះមហន្តរាយថា ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនានា ជាសមរភូមិមួយដែលទាមទារឱ្យមានការតាំងចិត្តខ្ពស់បំផុតសម្រាប់អ្នកប្រតិបត្តិការសង្គ្រោះ។

ទេសរដ្ឋមន្ត្រី គន់ គីម បានបន្ថែមថា ជីវិតរបស់ជនរងគ្រោះនៅក្នុងហេតុការណ៍ ឧប្បត្តិហេតុទាំងឡាយ ជាគោលដៅចម្បងបំផុត ដែលអ្នកសង្គ្រោះទាំងអស់ត្រូវតែផ្តោតការយកចិត្តទុកដាក់ខ្ពស់៕