(បាត់ដំបង)៖ បញ្ហាព្រំដីរបស់ប្រជាពលរដ្ឋនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង បន្ទាប់ពីទទួលបានបទបញ្ជារបស់លោក សុខ លូ អភិបាលខេត្តនោះ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មន្ដ្រីជំនាញពាក់ព័ន្ធទាំងអស់ បានចុះទៅវាស់វែងនៅទីតាំងជម្លោះជាក់ស្ដែង។
ការចុះទៅវាស់វែងនៅថ្ងៃនេះ ដឹកនាំដោយលោក យឹម សៀប អភិបាលរងខេត្ត ដែលមានការចូលរួមពី មន្រ្តីសាលាខេត្ត មន្រ្តីជំនាញសុរិយោដីខេត្ត អភិបាលស្រុក សុរិយោដីស្រុក មេឃុំ កងកម្លាំង មេភូមិ អ្នកពាក់ព័ន្ធជាច្រើននាក់។
មន្ដ្រីជំនាញដែលបានចុះទៅទីតាំងជាក់ស្ដែង បានប្រាប់ឲ្យដឹងថា បន្ទាប់ពីវាស់វែង និងមានការសម្របសម្រួលពីមន្ដ្រីជំនាញពាក់ព័ន្ធហើយនោះ ភាគីជម្លោះទាំងពីរមានការយោគយល់គ្នាច្រើន ដែលអាចនឹងឈានដល់ការដោះស្រាយ បញ្ចប់នៅពេលឆាប់ៗ។ មន្ដ្រីបញ្ជាក់ទៀតថា ភាគីពីរនឹងត្រូវណាត់ដើម្បីជួបជជែកគ្នាបន្ដទៀត នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅសាលខេត្តផ្ទាល់តែម្ដង ដើម្បីបន្ដដោះស្រាយ។
សូមរំលឹកថា លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាឲ្យអភិបាលរងខេត្តម្នាក់ ចុះពិនិត្យជាបន្ទាន់ ក្រោយមានព័ត៌មានថាអភិបាលស្រុករតនមណ្ឌល លោក គុយ វណ្ណូ មិនបានដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ នៅភូមិអូល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ថែមទាំងប្រើពាក្យសំដីមិនសមរម្យទៅលើពួកគាត់ទៀតផង។
លោក ឡុង ណុប អាយុ៧០ឆ្នាំ និងប្រពន្ធ ឆេង ឡាង អាយុ៥៩ឆ្នាំ បានរៀបរាប់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ដីរបស់គាត់ត្រូវបាន ស្ដ្រីម្នាក់ឈ្មោះ វ៉ែន ដែលជាម្ចាស់ដីជាប់ព្រំ ធ្វើរបងថ្មរំលោភចូល ពេលនោះគាត់ស្វែងរកដំណោះស្រាយពីមេភូមិ និងមេឃុំ ប៉ុន្ដែមិនមានអាជ្ញាធរជួយដោះស្រាយជូនពួកគាត់ឡើយ។
ដោយសារគ្មានដំណោះស្រាយបែបនេះ ប្រជាកសិករទាំង២នាក់ ប្ដី-ប្រពន្ធ បានធ្វើដំណើរកាន់ប្លង់រឹងរបស់ខ្លួន ទៅកាន់សាលាស្រុករតនមណ្ឌល ពេលនោះបានជួយមន្ដ្រីសាលាស្រុក ដោយរៀបរាប់ពីដំណើររឿង ប៉ុន្ដែមន្ដ្រីសាលាស្រុករូបនោះ បានរុញគាត់ឲ្យទៅប្ដឹងនៅសាលាខេត្ត។
ពាក់ព័ន្ធទៅនឹងបញ្ហាជម្លោះព្រំដីនេះ លោក កែវ សុខា មេភូមិឃូ បានបញ្ជាក់ថា រឿងទាំងនេះគាត់បានដឹងអស់ហើយ ប៉ុន្ដែគ្មានសិទ្ធិដោះស្រាយ ត្រឹមតែម្ចាស់ដីទាំងពីរនាក់ ធ្វើការសម្របសម្រួលគ្នា។ លោកមេភូមិ ក៏មិនបានស្គាល់ភាគី ដែលរំលោភព្រំដីទៀតផង ស្គាល់តែស្ដ្រីឈ្មោះ វ៉ែន ដូចម្ចាស់ដីរងគ្រោះដែរ។ ដោយឡែកមេឃុំផ្លូវមាស លោក ស៊ាង សារឿន បានបញ្ជាក់ថា លោកគ្មានសិទ្ធិដោះស្រាយនោះឡើយ ដោយសារតែភាគីទាំងពីរ សុទ្ធតែមានប្លង់រឹងដូចគ្នា ដូច្នេះមានតែមន្ដ្រីសុរិយោដីទេ ទើបអាចដោះស្រាយបាន។
បើតាមប្រជាពលរដ្ឋទាំង២នាក់ប្តីប្រពន្ធ, ពួកគាត់សុខចិត្តបើកផ្លូវនៅក្នុងដីរបស់ខ្លួន ដើម្បីឲ្យភាគីដែលមានដីនៅខាងក្រោយអាចធ្វើដំណើរចេញចូលបាន ប៉ុន្តែអ្នកដែលមានដីនៅជាប់ព្រំរបស់គាត់ (ម្ចាស់ថ្មី) បែរជាធ្វើរបងមករំលោភចូលដីរបស់គាត់ មិនមានការសួរនាំនោះឡើយ៕