(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា អ្នកជំងឺផ្ដាសាយបក្សី ករណីទី២ ត្រូវបានយកទៅព្យាបាល និងដាក់ឲ្យនៅដាច់ដោយឡែក ក្នុងមន្ទីរពេទ្យបង្អែកស្រុកស៉ីធរកណ្ដាល ខេត្តព្រៃវែង ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។

មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បានបន្ថែមទៀតថា សម្រាប់ស្ថានភាពអ្នកជំងឺផ្ដាសាយបក្សីនៅពេលនេះ គឺមានសភាពធម្មតា មិនមានអ្វីប្រែប្រួលនោះទេ ប៉ុន្ដែក្រុមគ្រូពេទ្យបានចាប់ផ្ដើមព្យាបាលអ្នកជំងឺដែលផ្ទុកមេរោគ H5N1 ដោយប្រើប្រាស់ឱសថប្រឆាំងវីរុស។ ក្នុងរយៈពេល៥ថ្ងៃក្រោយ ក្រុមគ្រូពេទ្យនឹងយកសំណាកទៅពិនិត្យឡើងវិញនៅមន្ទីរពិសោធន៍ ដើម្បីបញ្ជាក់អំពីការវិវឌ្ឍនៃជំងឺនេះ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមជម្រាបជូនថា អ្នកជំងឺដែលជាករណីទី២ ដែលយើងរកឃើញក្រុមគ្រូពេទ្យខេត្ត បាននាំអ្នកជំងឺមកដាក់ដោយឡែក នៅមន្ទីរពេទ្យស៉ីធរកណ្ដាល ដោយសារអ្នកជំងឺមិនមានរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់ទេ ហើយក្រោមការតាមដាន និងថែមយ៉ាងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យនៅស្រុកស៉ីធរកណ្ដាល។ បន្ទាប់ពីតាមដានរយៈពេលមួយកំណត់ដោយគ្រូពេទ្យ យើងនឹងពិនិត្យរកមេរោគម្ដងទៀត»

ដោយឡែក សម្រាប់នៅមូលដ្ឋានភូមិ ឃុំ ដែលមានករណីឆ្លងស្ថិតក្នុងភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវបានមន្ដ្រីសុខាភិបាល បាញ់ថ្នាំសម្លាប់មេរោគដើម្បីជៀសវាសការចម្លងបន្ដទៀត។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាលបានអះអាងថា បន្ទាប់ពីករណីស្លាប់កុមារីម្នាក់អាយុ១១ឆ្នាំ ៦ខែ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលរស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ក្រុមការងារអង្កេតស្រាវជ្រាវបន្ទាន់របស់ ក្រសួងសុខាភិបាល ដោយមានកិច្ចសហការ
ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលខេត្តព្រៃវែង រួមជាមួយដៃគូសុខាភិបាល បានចុះដល់មូលដ្ឋានជាបន្ទាន់ហើយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមឆ្លើយតបបន្ទាន់នេះ បានប្រមូលយកវត្ថុសំណាកអ្នកប៉ះពាល់ ជាមួយកុមារីដែលបានស្លាប់ ដោយសារជំងឺផ្តាសាយបក្សី H5N1 ចំនួន១២នាក់ ដើម្បីធ្វើការវិភាគនៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈដែលលទ្ធផលនៃការវិភាគ បានបញ្ជាក់ពីវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ ថាមានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទH5N1 ១សំណាក ក្នុងចំណោមវត្ថុសំណាកទាំង១២ ដែលកើតមានលើបុរសអាយុ៤៩ឆ្នាំ ដែលមានទីលំនៅក្នុងភូមិរលាំង (ក្រសួងសូមកែតម្រូវឈ្មោះភូមិពីរលីង មកឈ្មោះភូមិរលាំង) ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងត្រូវជាឪពុករបស់ករណីទី១ (ជាកុមារីដែលបានស្លាប់កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣)។ ប៉ុន្តែស្ថានភាពសុខភាពរបស់បុរសនេះ មិនទាន់មានចេញនូវរោគសញ្ញាអ្វីគួរឲ្យកត់សំគាល់នៅឡើយ។

ក្រសួងសុខាភិបាល បានអះអាងថា នេះជាករណីទី២ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ បន្ទាប់ពីមិនបានរកឃើញវីរុសនេះលើខ្លួនមនុស្សអស់រយៈពេល០៩ឆ្នាំកន្លងមកហើយនៅព្រះរាជាណាចក្រកម្ពុជា ដែលករណីចុងក្រោយនេះ គឺជាករណីទី៥៨ ដែលបានរកឃើញនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងនោះ មាន៤៥ករណីកើតលើកុមារអាយុក្រោម១៤ឆ្នាំ និង៣១ករណីក្នុងចំណោមករណីទាំង៥៨ ជានារី។

ចាប់តាំងពីមានជំងឺផ្តាសាយបក្សីលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០០៥ មកនៅក្នុងចំណោមអ្នកដែលមានឆ្លងវីរុសផ្តាសាយបក្សី H5N1 ចំនួន៥៨ករណី មានតែ១៩ករណីទេ ដែលមានជីវិត៕