(ព្យុងយ៉ាង)៖ ខណៈបណ្តាប្រទេសជាច្រើននៅលើសកលលោក ហាក់មិនបានបង្ហាញការស្វាគមន៍ដល់កូរ៉េខាងជើង នោះ មេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានថ្លែងថា ប្រទេសកូរ៉េខាងជើង នឹងបង្កើតចំណងនៃកិច្ចសហប្រតិបត្តិការ ដ៏ខ្លាំងក្លាជាមួយនឹងប្រទេសគុយបា អំឡុងពេលមន្ត្រីជាន់ខ្ពស់មួយរូប នៃប្រទេសដែលទើបត្រូវគ្នានឹងសហរដ្ឋអាមេរិក វិញនេះ មកដល់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០១៦។
ការថ្លែងរបស់លោក គីម ជុងអ៊ុន បែបនេះគឺកម្រមានខ្លាំងណាស់ ព្រោះកូរ៉េខាងជើងពុំសូវមានមន្ត្រីជាន់ខ្ពស់ ឬថ្នាក់ដឹកនាំប្រទេសណាមួយ មកបំពេញទស្សនកិច្ចជាផ្លូវការនោះឡើយ។ នៅក្នុងពិធីស្វាគមន៍លោក Salvador Antonio Valdes Mesa អនុប្រធានក្រុមប្រឹក្សារដ្ឋគុយបា និងជាតំណាងនៃគណបក្សកុម្មុយនិស្តគុយបា ដែលលោក ប្រធានាធិបតីគុយបា រ៉ាអ៊ូល ខាស្ត្រូ (Raul Castjro) បានបញ្ជូនជាតំណាងមកបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ពេលនេះមេដឹកនាំ គីម បានថ្លែងថា «កូរ៉េខាងជើងនឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ឲ្យខ្លាំងជាមួយគុយបា»។
គួរបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់តំណាងឲ្យរដ្ឋាភិបាលគុយបាខាងលើនេះ បានមកដល់ទីក្រុងព្យុងយ៉ាង តាំងពីថ្ងៃអង្គារ មកម្ល៉េះ ដើម្បីបំពេញទស្សនកិច្ចនៅទីនេះរយៈពេលបីថ្ងៃ។ នៅក្នុងនោះដែរលោក Salvador បានថ្លែងប្រាប់លោក គីម ថា ទាំងបក្ស និងរដ្ឋាភិបាលគុយបា ពិតជាបានមើលឃើញនូវចំណងមិត្តភាពប្រកបដោយស្ថិរភាព ជាមួយនឹងប្រទេស កូរ៉េខាងជើង ហើយវានឹងកាន់តែរឹងមាំថែមទៀត ក្រោមការដឹកនាំដ៏វិសេសវិសាលដោយលោក គីម និង លោក ខាស្ត្រូ៕