(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សហការជាមួយគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធវាយតម្លៃបដិសណ្ឋារកិច្ចល្អសម្រាប់ច្រកទ្វារអន្តរជាតិ ដើម្បីពង្រឹងគុណភាព និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកប្រទេសកម្ពុជា។

ប្រព័ន្ធផ្តល់មតិយោបល់នេះ មានជម្រើសភាសាចំនួន៨ភាសា គឺភាសាខ្មែរ អង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ វៀតណាម និងភាសាថៃ ដោយទម្រង់ផ្តល់មតិយោបល់ចែកចេញជា៦ផ្នែក គឺទី១.កន្លែងត្រួតពិនិត្យមុនចូល(Check In) ទី២.កន្លែងអន្តោប្រវេសន៍ ទី៣.កន្លែងពិនិត្យអីវ៉ាន់យួរដៃ និងរាងកាយ X-Ray ទី៤.កន្លែងមន្ត្រីគយ ទី៥.កន្លែងចត្តាឡីស័ក និងទី៦.ព័ត៌មានអំពីអ្នកផ្តល់យោបល់។

ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកដំណើរទាំងអស់អាចបញ្ចេញមតិយោបល់ ដោយគ្រាន់តែស្កេន QR Code ដែលបានដាក់នៅតាមច្រកទ្វារអន្តរជាតិដែលបានឆ្លងកាត់ ឬមានបិទនៅតាមសណ្ឋាគារ ឬសេវាកម្មស្នាក់នៅទេសចរណ៍ (ដូចមានគំរូជូនភ្ជាប់ខាងក្រោម)។

ការប្រកាសដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធវាយតម្លៃនេះ គឺដើម្បីត្រៀមលក្ខណៈសម្បត្តិធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ SEA-GAME និង ASEAN PARA-GAME ២០២៣ និងដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ»៕