(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា ធនាគារកណ្ដាលកោះសូឡូម៉ូន និងធនាគារកណ្ដាលហ្វីជី បានចុះអអនុស្សរណៈយោគយល់គ្នា (MoU) ចំនួន២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ជាមួយធនាគារកណ្តាលនៃកោះសូឡូម៉ូន និងធនាគារកណ្ដាលហ្វីជី។

ពិធីចុះហត្ថលេខានេះធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោមការចូលរួមពីលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក Luke Forau ទេសាភិបាលធនាគារកណ្តាលនៃកោះសូឡូម៉ូន និងលោក Esala Masitabua ទេសាភិបាលរងនៃធនាគារកណ្ដាលហ្វីជីនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ជា ចាន់តូ បានលើកឡើងថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់ធនាគារកណ្តាលទាំង៣ ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការ ក្នុងផ្នែកហិរញ្ញវត្ថុឱ្យបានកាន់តែល្អមួយកម្រិតទៀត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងប្រទេសនីមួយៗ។

លោកបានបន្ដថា «គោលបំណងសំខាន់នៃអនុស្សរណៈយោគយល់នេះ គឺការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍលើផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ ព្រមទាំងដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធស្តីអំពីនវានុវត្តន៍ និងការទូទាត់តាមបែបឌីជីថល សម្រាប់សេវាកម្មហិរញ្ញវត្ថុ។ អនុស្សរណៈយោគយល់នេះ នឹងផ្តល់ជាក្របខណ្ឌជំរុញកិច្ចសហប្រតិបត្តិការ តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ដល់គ្នាទៅវិញទៅមក»

លោក Luke Forau ទេសាភិបាលធនាគារកណ្តាលកោះសូឡូម៉ូន បានសម្ដែងនូវអារម្មណ៍រីករាយយ៉ាងខ្លាំង លើកិច្ចសហប្រតិបត្តិការ ជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីសិក្សាអំពីបទពិសោធន៍របស់កម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីទាញយកផលប្រយោជន៍ សម្រាប់ប្រជាជនកោះសូឡូម៉ូន។

លោកបានបន្ដថា «ប្រទេសកម្ពុជាបានផ្តល់ឱកាសឱ្យយើងស្វែងយល់ពីការដឹកនាំ របស់ធនាគារជាតិនៃកម្ពុជា លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងបានផ្តល់គាំទ្របន្ថែម តាមរយៈការចុះអនុស្សរណៈនៃការយោគយល់ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រព័ន្ធទូទាត់ ដែលអាចឱ្យសាធារណជនធ្វើការទូទាត់ និងទទួលបានមូលនិធិងាយស្រួលនិងភ្លាមៗ»

លោក Luke Forau បានគោរពអញ្ជើញលោក ជា ចាន់តូ ទៅបំពេញទស្សនកិច្ចនៅកោះសូឡូម៉ូន ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ទេសាភិបាល ធនាគារកណ្តាលប៉ាស៊ីហ្វិកខាងត្បូងលើកទី៣៨ ដែលប្រព្រឹត្តទៅនៅទីក្រុងហូនីអារ៉ា កោះសូឡូម៉ូន ដើម្បីចែករំលែកបទពិសោធន៍របស់កម្ពុជា ដល់ប្រទេសជាសមាជិកដទៃទៀត មកពីតំបន់ប៉ាស៊ីហ្វិកខាងត្បូង។

លោក Esala Masitabua ទេសាភិបាលរង ធនាគារកណ្ដាលហ្វីជី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ធនាគារជាតិនៃកម្ពុជា ចំពោះទឹកចិត្តក្នុងការចែករំលែកបទពិសោធន៍ និងចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីអភិវឌ្ឍប្រព័ន្ធទូទាត់។

លោកបានឲ្យដឹងថា «អនុស្សរណៈនៃការយោគយល់នេះ បានផ្តល់នូវក្របខណ្ឌ សម្រាប់ការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការដោយបើកចំហ ដែលនឹងជួយដល់ប្រទេសហ្វីជី ក្នុងដំណើរការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលដែលទំនើប មានប្រសិទ្ធភាព និងអាចទុកចិត្តបាន សម្រាប់គាំទ្រដល់តម្រូវការរបស់ប្រជាជនហ្វីជី។ កិច្ចសហប្រតិបត្តិការនេះ នឹងគាំទ្របន្ថែមទៀត ដល់ការកែទម្រង់ប្រព័ន្ធទូទាត់ជាតិដែលកំពុងដំណើរការ និងអនុញ្ញាតឱ្យហ្វីជីអាចរីកចម្រើនបានលឿន ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ»

សូមជម្រាបថា ប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា គឺជាគម្រោងដែលបានប្រើប្រាស់ផ្លេតហ្វមបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ការតភ្ជាប់ និងការធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថាន ដើម្បីពង្រឹងប្រសិទ្ធភាព ប្រព័ន្ធទូទាត់ និងដើម្បីរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល បច្ចុប្បន្នប្រព័ន្ធបាគងមានគ្រឹះស្ថានជាសមាជិកចំនួន៧០៕