(ភ្នំពេញ)៖ ស្របពេលឆ្នាំ ២០២៣ ជាខួប៥០ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ជប៉ុន នឹងមានរៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈវិស័យជាច្រើនជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសជប៉ុនដែល Fresh News ទទួលបាន។
នារសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣ ជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅបណ្តាប្រទេសជាសមាជិកអាស៊ាន បានរៀបចំសន្និសីទតាមប្រព័ន្ធ online ដែលមានការពិភាក្សាទៅលើប្រធានបទសំខាន់ចំនួនពីររួមមាន ៥០ឆ្នាំនៃវឌ្ឍនភាពក្នុងទំនាក់ទំនងអាស៊ាន-ជប៉ុន និងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ដែលដឹកនាំដោយមូលនិធិជប៉ុន-អាស៊ាន។
សន្និសីទទាំងពីរប្រធានបទខាងលើ មានការចូលរួមធ្វើបទបង្ហាញដោយលោក YAZAWA Hideki នាយករងនៃនាយកដ្ឋានគោលនយោបាយតំបន់ ការិយាល័យកិច្ចការអាស៊ី និងមហាសមុទ្រ នៃក្រសួងការបរទេសជប៉ុន និងលោក FURUYA Masato នាយកគ្រប់គ្រងនៃនាយកដ្ឋានផែនការរបស់មូលនិធិជប៉ុន។
ក្នុងរយៈពេល៥០ឆ្នាំនៃទំនាក់ទំនងមិត្តភាពនេះ លោក YAZAWA Hideki បានរំលេចនូវដំណើរវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរបស់ជប៉ុន ជាមួយអាស៊ាន ចាប់តាំងពីការឈានទៅបង្កើតទំនាក់ទំនងជាមួយគ្នានៅឆ្នាំ ១៩៧៣ និងការប្រកាសនូវចក្ខុវិស័យរួមគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនេះ លោក Hideki បានកោតសរសើរពីការធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានរបស់កម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅថា «កម្ពុជាបានបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ និងបានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនានា ដោយជោគជ័យ»។
លោកបានបន្ថែមថា «ជុំវិញវិបត្តិមីយ៉ាន់ម៉ា ជប៉ុននៅតែគោរពលើសេចក្តីសម្រេចរបស់អាស៊ាន និងចូលរួមសហការជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីស្វែងរកដំណោះស្រាយ»។
ក្នុងឱកាសនោះផងដែរ ដើម្បីអបអរសាទរខួប ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន លោក FURUYA Masato តំណាងឱ្យមូលនិធិជប៉ុន (The Japan Foundation) បានសហការជាមួយសមាជិកអាស៊ាន រៀបចំនូវកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈវិស័យជាច្រើន ក្នុងនោះមានកម្មវិធីផ្លាស់ប្តូរសិល្បៈ និងវប្បធម៌ ការអប់រំភាសាជប៉ុន ការសិក្សាជប៉ុន និងដៃគូសកល។
ជាមួយគ្នានេះ លោក Masato ក៏បានបង្ហើបអំពីគម្រោងថ្មីៗ ដោយបានសង្កត់ធ្ងន់ថា «កម្មវិធីទាំងនេះនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុនឱ្យកាន់តែស៊ីជម្រៅថែមទៀត»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសជប៉ុនដែល Fresh News ទទួលបាននៅព្រឹកនេះ ជប៉ុននឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិមួយ ក្រោមប្រធានបទស្តីពី «ទំនាក់ទំនងអាស៊ាន-ជប៉ុន៖ ការឈានចូលដំណាក់កាលថ្មីឆ្ពោះទៅរកភាពជាដៃគូសកល» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ។
សន្និសីទអន្តរជាតិនេះនឹងមានការចូលរួមពីសំណាក់អ្នកជំនាញចំនួន ១៣ នាក់មកពីអាស៊ីអាគ្នេយ៍ ដែលនឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ក្នុងនោះ លោកជំទាវ ជា សេរី ជំនួយការទេសាភិបាលធនាគារជាតិនៃកម្ពុជា នឹងចូលរួមជាវាគ្មិនមួយរូបតំណាងឱ្យកម្ពុជា ដែលនឹងជជែកពិភាក្សាអំពី «ការឆ្ពោះទៅរកសង្គមមួយដែលប្រកបដោយចីរភាព និងវិបុលភាព»។