(ភ្នំពេញ)៖ អនិកជនខ្មែរអាមេរិក វ័យ៦៨ឆ្នាំ បានយកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធ ចោលកូន២នាក់ រួចជិះម៉ូតូគេច​ខ្លួនបាត់។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្ថិតក្នុងបុរី KC ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

សេចក្ដីរាយការណ៍ជំហានដំបូងពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវប្ដីយកខ្សែភ្លើងឆក់បណ្ដាលឲ្យស្លាប់នេះ ឈ្មោះ កែវ ស្រីមុំ អាយុ៣៨ឆ្នាំ ខណៈជនសង្ស័យជាប្ដីឈ្មោះ មូល ណេត អាយុ៦៨ឆ្នាំ ជាអនិកជនខ្មែរអាមេរិក។

បើតាមការបញ្ជាក់របស់ម្ដាយជនរងគ្រោះ ដើមឡើយគាត់លឺសំឡេងឈ្លោះប្រកែកគ្នារវាងជនរងគ្រោះ និងប្ដី លុះមួយសន្ទុះក្រោយមកបុរសជាប្ដីចាក់សោរចេញក្រៅ រួចជិះម៉ូតូទៅបាត់។ ក្រោយមកក្មួយរបស់ជនរងគ្រោះបានចូលទៅក្នុងផ្ទះ ហើយឃើញជនរងគ្រោះដេកនៅក្នុងបន្ទប់ទឹក ប៉ុន្ដែស្មានតែសន្លប់ក៏លើកមកដាក់លើសាឡង់ ទើបដឹងថាស្លាប់ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

នៅកន្លែងកើតហេតុ គេឃើញមានវត្តមានរបស់លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងដឹកនាំកម្លាំងជំនាញពិនិត្យកន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវដើម្បីស្វែងរកជនសង្ស័យជាប្ដី។ សម្រាប់មូលហេតុ ដែលនាំឲ្យមានអំពើឃាតកម្មនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេ៕