(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនព័ត៌មាន បញ្ជាក់អំពីការរកឃើញករណីទី២ នៃជំងឺផ្ដាសាយបក្សី នៅខេត្តព្រៃវែង លើបុរសម្នាក់ជាឪពុកក្មេងស្រីដែលបានស្លាប់ដោយសារជំងឺនេះ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ រស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ក្នុងសេចក្ដីជូនព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះ ក្រសួងសុខាភិបាលបានអះអាងថា បន្ទាប់ពីករណីស្លាប់កុមារីម្នាក់អាយុ១១ឆ្នាំ ៦ខែ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលរស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ក្រុមការងារអង្កេតស្រាវជ្រាវបន្ទាន់របស់ ក្រសួងសុខាភិបាល ដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលខេត្តព្រៃវែង រួមជាមួយដៃគូសុខាភិបាល បានចុះដល់មូលដ្ឋានជាបន្ទាន់ហើយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រុមឆ្លើយតបបន្ទាន់នេះ បានប្រមូលយកវត្ថុសំណាកអ្នកប៉ះពាល់ជាមួយកុមារីដែលបានស្លាប់ ដោយសារជំងឺផ្តាសាយបក្សី H5N1 ចំនួន១២នាក់ ដើម្បីធ្វើការវិភាគនៅវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈដែលលទ្ធផលនៃការវិភាគ បានបញ្ជាក់ពីវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ ថាមានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទH5N1 ១សំណាក ក្នុងចំណោមវត្ថុសំណាកទាំង១២ ដែលកើតមានលើបុរសអាយុ៤៩ឆ្នាំ ដែលមានទីលំនៅក្នុងភូមិរលាំង (ក្រសួងសូមកែតម្រូវឈ្មោះភូមិពីរលីង មកឈ្មោះភូមិរលាំង) ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែងត្រូវជាឪពុករបស់ករណីទី១ (ជាកុមារីដែលបានស្លាប់កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣)។ ប៉ុន្តែស្ថានភាពសុខភាពរបស់បុរសនេះ មិនទាន់មានចេញនូវរោគសញ្ញាអ្វីគួរឲ្យកត់សំគាល់នៅឡើយ។
ក្រសួងសុខាភិបាល បានអះអាងថា នេះជាករណីទី២ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ បន្ទាប់ពីមិនបានរកឃើញវីរុសនេះលើខ្លួនមនុស្សអស់រយៈពេល០៩ឆ្នាំកន្លងមកហើយនៅព្រះរាជាណាចក្រកម្ពុជា ដែលករណីចុងក្រោយនេះ គឺជាករណីទី៥៨ ដែលបានរកឃើញនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងនោះ មាន៤៥ករណីកើតលើកុមារអាយុក្រោម១៤ឆ្នាំ និង៣១ករណីក្នុងចំណោមករណីទាំង៥៨ ជានារី។
ចាប់តាំងពីមានជំងឺផ្តាសាយបក្សីលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០០៥ មកនៅក្នុងចំណោមអ្នកដែលមានឆ្លងវីរុសផ្តាសាយបក្សី H5N1 ចំនួន៥៨ករណី មានតែ១៩ករណីទេ ដែលមានជីវិត។
ក្រុមឆ្លើយតបបន្ទាន់ខាងលើ បាននិងកំពុងបន្តអង្កេតស្រាវជ្រាវការកើតឡើង នូវជំងឺផ្ដាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រនីតិវិធីរបស់ជាតិ និងបានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ពេទ្យមនុស្ស និងពេទ្យសត្វ និងស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត ទាំងក្នុងសហគមន៍ជាបន្តទៀត និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើជាបន្តបន្ទាប់៕