(ភ្នំពេញ)៖ សហភាពអឺរ៉ុប បានសម្រេចផ្តល់ថវិកាចំនួន ៧២៤,៧០០អឺរ៉ូ ដល់អង្គការធំៗចំនួន៣នៅកម្ពុជា ធ្វើសកម្មភាពលើកកម្ពស់ ការយល់ដឹង និងការអប់រំពីប្រវត្តិសាស្រ្តខ្មែរក្រហម។
យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់សហភាពអឺរ៉ុប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៦នេះ បានឲ្យដឹងថា ជំនួយនេះ ត្រូវបានសហភាពអឺរ៉ុប សម្រេចផ្តល់កាលពីខែឧសភា ឆ្នាំ២០១៦ ហើយជំនួយនេះធ្វើឡើងតាមរយៈ ដំណើរការមួយ ដែលមានភាពប្រកួតប្រជែង។
លោក ចច អេដហ្គា (George EDGAR) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មាន នេះថា «ខ្ញុំមានក្ដីសោមនស្សរីករាយដោយសហភាពអឺរ៉ុប ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ របស់ប្រទេសកម្ពុជា អាចគាំទ្រដល់អង្គការសង្គមស៊ីវិលនានា ដែលធ្វើការលើផ្នែកចងក្រងឯកសារ ការអប់រំ និង ការយល់ដឹង អំពីប្រវត្តិសាស្រ្តថ្មីៗរបស់ប្រទេសកម្ពុជា»។
លោកឯកអគ្គរដ្ឋទូត បានបន្ថែមទៀតថា «ជំនួយឥតសំណងទាំងនេះ ជាការរួមចំណែកដ៏សំខាន់ មួយ ដែលមិនត្រឹមតែសម្រាប់ការខិតខំតស៊ូ របស់ប្រទេសកម្ពុជា ដើម្បីការផ្សះផ្សារ និងយុត្តិធម៌ នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការអប់រំយុវជនជំនាន់ក្រោយរបស់ប្រទេសកម្ពុជាផងដែរ។ ការលើកទឹកចិត្ត និងការពង្រឹងការចងចាំអំពីប្រវត្តិសាស្រ្ត ក្នុងចំណោមប្រជាជនទាំងមូល ក៏ដូចជាបុគ្គលម្នាក់ៗ មានន័យថា ជាការបង្កើនចំណេះដឹង និងការយល់ដឹងអំពីសារសំខាន់ នៃការគោរពសិទ្ធិមនុស្ស។ ខ្ញុំសង្ឃឹមថា កិច្ចការដែលយើងកំពុងឧបត្ថម្ភមូលនិធិ នឹងលើកទឹកចិត្តដល់វប្បធម៌សន្ទនា និងការពិភាក្សាប្រកបដោយការស្ថាបនាដែលឆ្លុះបញ្ចាំងទៅលើអត្ថន័យ នៃពាក្យយុត្តិធម៌ និង ការផ្សះផ្សារផងដែរ»។
អង្គការចំនួនបីដែលនឹងអនុវត្តជំនួយឥតសំណង ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា រួមមានដូចខាងក្រោម៖
មជ្ឈមណ្ឌបុប្ផាណា ទទួលបានទឹកប្រាក់ចំនួន ៣៣៥,០០០ អឺរ៉ូ (៣៧៦,០០២ ដុល្លារអាមេរិក) ដើម្បីជំរុញការអប់រំ និង សកម្មភាពពហុ ផ្សព្វផ្សាយអំពីប្រវត្តិសាស្រ្ត និងអារ្យធម៌របស់ប្រទេសកម្ពុជា។ គម្រោងនឹងចូលរួមចំណែកដល់ការអភិវឌ្ឍកម្មវិធីពហុផ្សព្វផ្សាយបែបអប់រំ ដែលនឹងត្រូវប្រើប្រាស់ជាឧបករណ៍នៅតាមវិទ្យាល័យ និងសកលវិទ្យាល័យ ដោយជួយសម្រួលដល់កិច្ចការ របស់គ្រូបង្រៀននៅតាមថ្នាក់ រៀន ហើយក៏អាចឲ្យសិស្សសិក្សាអំពីប្រវត្តិសាស្រ្ត ដោយប្រើប្រាស់ឧបករណ៍ទំនើបៗផងដែរ។
មជ្ឈមណ្ឌលឯកសារកម្ពុជា ទទួលទឹកប្រាក់ចំនួន ១៤៥,៦០០ អឺរ៉ូ (១៦៣,៤០៩ ដុល្លារអាមេរិក) ដើម្បីបន្តការងារដ៏យូរអង្វែងរបស់ខ្លួន នៅក្នុងការបន្តការចងចាំ ការស្វែងរកយុត្តិធម៌ និងការផ្សះផ្សារតាមរយៈការ ដាក់បញ្ចូលប្រវត្តិសម័យកម្ពុជាប្រជាធិបតេយ្យ ទៅក្នុងកម្មវិធី សិក្សាតាមសាលាក្នុងប្រទេសកម្ពុជា។ គម្រោងនឹងផ្ដល់មូលនិធិដល់ការបណ្ដុះបណ្ដាលគ្រូបង្រៀន នៅកម្រិតសហគមន៍ និងរៀបចំសិក្ខា សាលាបណ្ដុះបណ្ដាលសម្រាប់សាស្រ្តាចារ្យថ្នាក់សកលវិទ្យាល័យផងដែរ។
ផ្ទះមេត្តា – មជ្ឈមណ្ឌល Goethe រាជធានីភ្នំពេញ ទទួលបានទឹកប្រាក់ចំនួន ២៤៤,១០០អឺរ៉ូ (២៧៣,៩៥២ ដុល្លារអាមេរិក) និងរួម ជាមួយនឹង សមាគមវប្បធម៌កម្ពុជា-អាល្លឺម៉ង់ នឹងអនុវត្តគម្រោងពហុផ្សព្វផ្សាយមួយដោយប្រើប្រាស់បរិក្ខារឧបទ្ទេសអប់រំផ្សេងៗគ្នា រួមទាំង ការសម្ដែងពិព័រណ៍ចល័ត ការប្រឡងគូររូប ការបញ្ចាំងខ្សែភាពយន្ត និងការពិភាក្សាអន្តរ ជំនាន់ជាមួយនឹងអ្នករស់រានមានជីវិត នៅក្នុងរបប ខ្មែរក្រហមផងដែរ។
គម្រោងទាំងអស់នេះ នឹងជួយគាំទ្រទៅដល់ដំណើរឆ្ពោះទៅរកភាពយុត្តិធម៌ នៃអង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា ចំណែកឯអង្គ ការទាំងបី នឹងសហការយ៉ាងជិតស្និទ្ធ ជាមួយផ្នែកសហមេធាវីនាំមុខតំណាង ដើមបណ្តឹងរដ្ឋប្បវេណី (LCLS) និងអង្គភាពគាំពារជនរងគ្រោះ (VSS) នៃអង្គជំនុំជម្រះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា៕