(សៀមរាប)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានអំពាវនាវដល់ឪពុក ម្តាយ និងអាណាព្យាបាលសិស្សានុសិស្សទាំងអស់ ត្រូវនាំកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈក្រសួងកំពុងដំណើរការចាក់ជូនសិស្សតាមសាលារៀន និងសូមកុំមានការព្រួយបារម្ភពីផលប៉ះពាល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលចាក់ជូនពួកពួកគាត់។

ក្នុងឱកាសអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ នៅសាលាបឋមសិក្សាភូមិថ្នល់ ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា តាមការសង្កេតជាក់ស្ដែងរបស់ក្រុមគ្រូពេទ្យ សិស្សានុសិស្សមួយចំនួនក្នុងខេត្តសៀមរាប បានចាក់វ៉ាក់សាំងត្រឹមត្រូវតាមវេលាកំណត់ដែលមានក្នុងការណែនាំ ប៉ុន្ដែក៏មានសិស្សានុសិស្សមួយចំនួនមានការអាក់ខាន ដោយសារតែខ្លះអាណាព្យាបាលមិនអនុញ្ញាត ឬមិនបានណែនាំឲ្យកូនៗ របស់គាត់ទៅចាក់វ៉ាក់សាំងតាមពេលវេលាកំណត់ក្រោមហេតុផលជីវភាព និងជំងឺផ្សេងៗ។

លោកស្រីក៏សូមអំពាវនាវដល់មាតាបិតា អាណាព្យាបាលរបស់សិស្សានុសិស្សនៅទូទាំងប្រទេស សូមបញ្ជូនកូនៗរបស់ខ្លួនទោទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា និងគ្រប់ដូស។ ជាពិសេសសូមកុំមានការព្រួយបារម្ភលើបញ្ហាវ៉ាក់សាំងដែលធ្វើឱ្យកូនខ្លួនមានជំងឺឲ្យសោះ ព្រោះវ៉ាក់សាំងកូវីដ១៩ ដែលយើងប្រើប្រាស់បច្ចុប្បន្ននេះ គឺជាវ៉ាក់សាំងដែលសុទ្ធតែមានការទទួលស្គាល់ត្រឹមត្រូវពីអង្គការសុខភាពពិភពលោក។ ផ្ទុយទៅវិញប្រសិនបើចាក់បានត្រឹមត្រូវតាមកាលកំណត់ នឹងជួយដល់ប្រព័ន្ធភាពសាំរបស់កូនៗពួកគាត់ កាន់តែល្អប្រសើរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ជាមួយគ្នានេះដែរ លោកស្រី ឱ វណ្ណឌីន បានបន្តថា បច្ចុប្បន្ននេះប្រជាជនកម្ពុជា គឺបានទទួលផលប្រយោជន៍ជាច្រើនពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពោលវ៉ាក់សាំងបានជួយសង្គ្រោះជីវិតមនុស្ស។ ចំពោះមូលហេតុដែលយើងចាក់ដូសជំរុញបន្ដបន្ទាប់រហូតមកដល់ដូសទី៦នេះ គឺដោយសារប្រសិទ្ធភាពវ៉ាក់សាំងដែលចាក់មិននៅបានយូរនោះទេ ពោលគឺត្រឹមរយៈពេល ៦ទៅ ៨ខែប៉ុណ្ណោះ ប្រសិទ្ធភាពវ៉ាក់សាំងនឹងត្រូវថមថយទៅវិញ។

លោកស្រី បានបញ្ជាក់ថា បច្ចុប្បន្នវីរុសកូវីដ១៩ នៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ដូច្នេះ ប្រសិនបើប្រព័ន្ធការពារក្នុងខ្លួនបុគ្គលម្នាក់ៗ មានការធ្លាក់ចុះ ដូច្នេះនឹងផ្ដល់លក្ខណៈងាយស្រួលដល់ជំងឺកូវីដ១៩ ក្នុងការវាយលុកហើយឈានទៅសភាពធ្ងន់ធ្ងរ។ កត្តាទាំងនេះហើយ ដែលតម្រូវឱ្យអាណាព្យាបាល មាតាបិតារបស់សិស្សានុសិស្សត្រូវអនុញ្ញាតឱ្យកូនៗរបស់ខ្លួន មកទទួលយកវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នាផងដែរ៕