(ភ្នំពេញ)៖ ក្រសួងទេសចរណ៍, ទីភ្នាក់ងារទេសចរណ៍កម្ពុជា និងមន្ទីរទេសចរណ៍ វប្បធម៌ សោតទស្សន៍និងកីឡាខេត្តហៃណាន ប្រទេសចិន បានបើកកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់វិស័យទេសចរកម្ពុជា-ខេត្តហៃណាន ឆ្នាំ២០២៣ ដោយតំណាងភាគីទាំងពីរ បានធ្វើការពិភាក្សាស៊ីជម្រៅលើបញ្ហាមួយចំនួនដូចជា ការលើកកម្ពស់គំរូកិច្ចសហប្រតិបត្តិការទេសចរណ៍ «ដំណើរទេសចរមួយគោលដៅច្រើន» ការបង្កើនចំនួនជើងហោះហើរត្រង់រវាងកម្ពុជា-ចិន និងការសម្រេចបាននូវការផ្ទេរទៅវិញទៅមកនៃភ្ញៀវទេសចរ នៃប្រទេសទាំងពីរជាដើម។
កិច្ចពិភាក្សានេះបានរៀបចំឡើងដោយមន្ទីរទេសចរណ៍ វប្បធម៌ សោតទស្សន៍និងកីឡាខេត្តហៃណាន នាថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២៣ ម្សិលមិញ ដោយមានការចូលរួមពីលោក ប្រាក់វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីក្សា និងផ្សព្វផ្សាយក្រៅប្រទេស នៃក្រសួងទេសចរណ៍, លោក លី ចុង គ័ង នាយករងមន្ទីរទេសចរណ៍ វប្បធម៌ សោតទស្សន៍ និងកីឡាខេត្តហៃណាន តំណាងគណៈប្រតិភូខេត្តហៃណាន, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា, និងតំណាងក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍កម្ពុជាជាច្រើនរូប នៅសណ្ឋាគារមួយកន្លែងនារាជធានីភ្នំពេញ។
បើតាមលោកនាយករងមន្ទីរទេសចរណ៍ វប្បធម៌ សោតទស្សន៍ និងកីឡាខេត្តហៃណាន តំណាងគណៈប្រតិភូខេត្តហៃណាន បានថ្លែងថា ខេត្តហៃណាន និងកម្ពុជាមានភូមិសាស្ត្រជិតស្និទ្ធ មានទំនាក់ទំនងជិតស្និទ្ធ និងមានមូលដ្ឋានរឹងមាំសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ។ ខេត្តហៃណានទទួលបានភ្ញៀវទេសចរចិនជាមធ្យម៨០លាននាក់ ក្នុងមួយឆ្នាំ។
លោក លី ចុង គ័ង បានបញ្ជាក់ថា ខេត្តហៃណាន និងប្រទេសកម្ពុជាអាចពឹងផ្អែកលើគុណសម្បត្តិនៃទីផ្សារក្នុងស្រុករបស់ប្រទេសចិន និងផ្លូវហោះហើរត្រង់ចម្ងាយខ្លី ហើយខេត្តហៃណាន និងដើរតួនាទីជាមជ្ឈមណ្ឌលដឹកជញ្ជូនទេសចរណ៍ ជំរុញឱ្យមានភ្ញៀវទេសចរឆ្លងកាត់ខេត្តហៃណាន មកកាន់ប្រទេសកម្ពុជា ហើយភ្ញៀវទេសចរកម្ពុជា ក៏អាចឆ្លងកាត់ខេត្តហៃណាន ទៅកាន់ប្រទេសចិនដីគោក តាមរយៈផលិតផលទេសចរណ៍ «ដំណើរទេសចរមួយគោលដៅច្រើន» និងចែករំលែកប្រភពភ្ញៀវទេសចរ ដែលនឹងជួយឱ្យវិស័យទេសចរណ៍ងើបឡើងវិញយ៉ាងឆាប់រហ័សរបស់ភាគីទាំងពីរ។
ភាគីកម្ពុជាបានសម្តែងនូវសារៈសំខាន់យ៉ាងខ្លាំងចំពោះទីផ្សារចិន ហើយបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសំណើរបស់គណៈប្រតិភូខេត្តហៃណាន ក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ «ដំណើរទេសចរមួយគោលដៅច្រើន» និងការពង្រីកទំហំភ្ញៀវទេសចរគ្នាទៅវិញទៅមក។ ជឿថា ខេត្តហៃណាន គឺជាទឹកដីកំណើតរបស់ជនជាតិចិន-ខ្មែរជាច្រើន ហើយធនធានទេសចរណ៍របស់ពួកគេមានភាពស្រដៀងគ្នា។ ជាមួយនឹងការកើនឡើងជាបន្តបន្ទាប់នៃការហោះហើរត្រង់ នឹងបង្កើនលម្ហនៃកិច្ចសហប្រតិបត្តិការដ៏ធំនៃខេត្តហៃណាន និងប្រទេសកម្ពុជាក្នុងវិស័យទេសចរណ៍។ សង្ឃឹមថា ប្រទេសចិននឹងបង្កើនប្រសិទ្ធភាពទិដ្ឋាការ និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត ដើម្បីបង្កើនភាពងាយស្រួលនៃការធ្វើដំណើររបស់ភ្ញៀវទេសចរ។
តំណាងភាគីទាំងពីរ បានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ហើយបានស្នើឱ្យមានការកែសម្រួលគោលនយោបាយ និងការជំរុញលើកទឹកចិត្ត ការផ្លាស់ប្តូររវាងឧស្សាហកម្ម និងសមាគមជាមុន រក្សាប្រតិបត្តិការប្រកបដោយសណ្តាប់ធ្នាប់ និងសេវាកម្មស្តង់ដារខ្ពស់ ដើរតួនាទីគំរូនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ការផ្តល់យោបល់លើវិស័យទេសចរណ៍ ការកសាងវេទិកាទំនាក់ទំនងសម្រាប់ឧស្សាហកម្មទាំងមូលដើម្បីចូលរួមយ៉ាងសកម្មក្នុងដំណើរការងើបឡើងវិញនៃវិស័យទេសចរណ៍ ការផ្តល់ទិន្នន័យទាន់ពេលវេលា និងជំរុញយ៉ាងខ្លាំងក្លានូវបច្ចេកវិទ្យាថ្មីៗ និងផលិតផលទេសចរថ្មីៗ។
នៅក្នុងកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់វិស័យទេសចរកម្ពុជា-ខេត្តហៃណាន ឆ្នាំ២០២៣ ខាងលើនេះ ក៏មានសកម្មភាពចុះហត្ថលេខាមួយចំនួនផងដែរ។ ក្នុងនោះរួមមានសមាគមទេសចរណ៍ខេត្តហៃណាន ក្រុមហ៊ុនអាកាសចរណ៍ខេត្តហៃណាន និងភ្នាក់ងារទេសចរណ៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសមាគមទេសចរណ៍កម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ នៃប្រទេសកម្ពុជា។
ភាគីទាំងពីរនឹងអនុវត្តកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងការអភិវឌ្ឍផ្លូវអាកាសខេត្តហៃណាន និងប្រទេសកម្ពុជា ក៏ដូចជា៖ ការអភិវឌ្ឍផលិតផលទេសចរណ៍ ការផ្សព្វផ្សាយទីផ្សារទេសចរណ៍ ការកែលម្អសេវាកម្មទេសចរណ៍ ដើម្បីឱ្យស្របតាមបរិបទនៃការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ នៃខេត្តហៃណាន និងប្រទេសកម្ពុជា។
ឆ្នាំ២០២៣ គឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ហើយក៏ជា «ឆ្នាំមិត្តភាពចិន-កម្ពុជា» ផងដែរ។ ប្រទេសចិន និងកម្ពុជា លើកទឹកចិត្តឱ្យសហគ្រាសវប្បធម៌ និងទេសចរណ៍នៃប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការ រួមគ្នាអភិវឌ្ឍផ្លូវទេសចរណ៍ បង្កើតផលិតផលវប្បធម៌ និងទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងផ្នែកវប្បធម៌ និងទេសចរណ៍។
បន្ទាប់ពីខកខានរយៈពេល៣ឆ្នាំនៃវិបត្តិជំងឺកូវីដ១៩ នៅថ្ងៃទី០៦ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ ក្រុមទេសចរណ៍ដំបូងបង្អស់របស់ប្រទេសចិនបានមកកាន់ប្រទេសកម្ពុជា ដោយបានចាកចេញពីទីក្រុង Shenzhen មានអ្នកទេសចរចិនជាង៣០នាក់ បានធ្វើដំណើរទៅកាន់តំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌ នៃប្រាសាទអង្គរវត្ត។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១៦មក ខេត្តហៃណាន បានបើកដំណើរការជើងហោះហើរត្រង់ពីទីក្រុង Haikou មកខេត្តសៀមរាប-រាជធានីភ្នំពេញ និងពីទីក្រុងសាន់យ៉ា មកកាន់ទីក្រុងភ្នំពេញ។
ចាប់តាំងពីដាក់ឱ្យដំណើរការផ្លូវនេះរហូតដល់មុនវិបត្តិកូវីដ១៩ ភ្ញៀវទេសចរចិន និងកម្ពុជាមាន ១០ម៉ឺននាក់ត្រូវបានដឹកជញ្ជូន។ នៅថ្ងៃទី១៩ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ ការហោះហើរត្រង់ពីទីក្រុង Haikou-ភ្នំពេញត្រូវបានបើកដំណើរការជាផ្លូវការ ដែលជាផ្លូវហោះហើរដំបូងគេដែលបានចាប់ផ្តើមឡើងវិញបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩៕