(សៀមរាប)៖ មូលនិធិជនពិការ (ម.ជ.ព.) នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារដែលអនុវត្តបានក្នុងឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣ និងបានដាក់ចេញផែនការមួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់បងប្អូនមានពិការភាព។
ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក រឿន រិទ្ធីរ័ត្ន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ម.ជ.ព. តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច សមាជិកសមាជិការក្រុមប្រឹក្សាភិបាល នៃមូលនិធិជនពិការ អង្គភាពការពាក់ព័ន្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប រួមទាំងមន្រ្តី-បុគ្គលិកនៃមូលនិធិជនពិការថ្នាក់កណ្តាល និងថ្នាក់រាជធានី-ខេត្ត ប្រមាណជាង២០០នាក់។
លោក រឿន រិទ្ធីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងបុគ្គលិកមូលនិធិជនពិការទាំងអស់ ដែលបានបំពេញភារកិច្ចទទួលបានលទ្ធផលល្អប្រសើរតាមតួនាទី និងមុខងារក្នុងការផ្តល់សេវាជូនជនពិការ ប្រកបដោយស្មារតីទទួលខុសត្រូវ។
ទន្ទឹមនឹងលទ្ធផលការងារទាំងនេះ លោក រឿន រិទ្ធីរ័ត្ន បានដាក់ផែនការងារច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះដូចជា៖
ទី១៖ ត្រូវខិតខំបន្តរៀបចំលិខិតបទដ្ឋានគតិយុត្ត ក្នុងក្របខ័ណ្ឌមូលនិធិជនពិការបន្ថែមទៀត ដើម្បីជំរុញ និងសម្រួលដល់ដំណើរការអនុវត្ត ប្រតិបត្តិការរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។
ទី២៖ បន្តពង្រឹង និងពង្រីកសេវាស្តារលទ្ធភាពពលកម្មជូនជនមានពិការភាព ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ
ទី៣៖ បង្កើនការផ្សព្វផ្សាយ អំពីសេវាស្តារលទ្ធភាពពលកម្មនៅតាមមូលដ្ឋាន តាមសហគមន៍ ដើម្បីឱ្យជនពិការគ្រប់ៗគ្នាបាន ទទួលព័ត៌មានអំពីសេវា និងបានមកទទួលសេវាស្តារលទ្ធភាពពលកម្ម នៅតាមមជ្ឈមណ្ឌលស្តារ រាជធានី-ខេត្ត
ទី៤៖ រោងចក្រផលិតឧបករណ៍អវៈយវៈសិប្បនិមិ្មត និងរណប ត្រូវបន្តខិតខំអភិវឌ្ឍន៍ ទាំងបច្ចេកទេស និងបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀត សំដៅជំរុញការផលិតប្រកបដោយគុណភាព ដើម្បីបំពេញតម្រូវការរបស់មជ្ឈមណ្ឌលស្តារនៅក្នុងប្រទេស និងមានមូលដ្ឋានឈានទៅធ្វើការប្រគួតប្រជែងនៅលើទីផ្សារសេរី ក៏ដូចជានាំចេញទៅលក់នៅក្រៅប្រទេស
ទី៥៖ រដ្ឋបាលសិទ្ធិជនពិការ ត្រូវបន្តជំរុញការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ចំពោះក្រសួង ស្ថាប័នរដ្ឋ និងនីតិបុគ្គល ដែលមិនបានបំពេញកាត្វពកិច្ចជ្រើសរើសជនមានពិការភាព ចូលបម្រើការងារ ដោយត្រូវបន្តសហការជាមួយមូលនិធិជនពិការ ធ្វើការផ្សព្វផ្សាយជាសាធារណៈ ឱ្យបានទូលំទូលាយដល់ក្រសួងស្ថាប័នរដ្ឋ និងនីតិបុគ្គលឱ្យមានការចូលរួម ទទួលយកជនពិការឱ្យចូលបម្រើការងារ
ទី៦៖ ពង្រឹងការទំនាក់ទំនងកិច្ចសហប្រតិបតិ្តការល្អ ជាមួយអង្គការ ដៃគូរពាក់ព័ន្ធ និងផ្នែកឯកជនធ្វើការសិក្សា និងលើកគម្រោងវិនិយោគផ្សេងៗ តាមរយៈការធ្វើអាជីវកម្មស្របច្បាប់
ទី៧៖ បន្តពង្រឹងការគ្រប់គ្រង ហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ នៅតាមសាខារាជធានី-ខេត្ត បន្ថែមទៀត ដើម្បីគៀរគររកប្រភពធនធានថវិកា សម្រាប់លើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅរបស់ជនមានពិការភាព និងធានានិរន្តភាពការងារស្តារលទ្ធភាពពលកម្ម ជូនជនមានពិការភាពឱ្យកាន់តែប្រសើរឡើងថែមទៀត
និងទី៨៖ ចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃជនពិការក្រីក្រនៅតាមសហគមន៍ ដើម្បីជំរុញការអនុវត្តគម្រោងផ្តល់ទុន ឬប្រាក់កម្ចីសម្រាប់ផ្តល់ការបណ្តុះបណ្តាលវីជ្ជាជីវៈ និងបង្កើតមុខរបរសមស្របសម្រាប់ជនមានពិការភាពដើម្បីលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនជនមានពិការភាព៕