(ព្រះសីហនុ)៖ លើកឡើងនាឱកាសដឹកនាំគណ:ប្រតិភូក្រសួងចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាងសង់ផងដែរនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ដែលប្រវែង ១៩៦គីឡូម៉ែត្រនេះ នឹងសាងសង់រួចរាល់ទាំងស្រុងនៅក្នុងឆ្នាំ២០២៥។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «បើតាមផែនការដែលបានគ្រោងទុក ផ្លូវប្រវែង ១៧០គីឡូម៉ែត្រ នឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០២៣នេះ ហើយប្រវែង ២៦គីឡូម៉ែត្រទៀតនឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០២៤ខាងមុខ។ ដោយឡែកស្ពានចាស់ចំនួន២៤កន្លែង នឹងត្រូវពង្រីកទំហំទទឹងរហូតដល់១០ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន០៨កន្លែងទៀត ដោយក្នុងនោះមាន ០២កន្លែង ជាទីតាំងដែលតែងតែរងគ្រោះដោយទឹកជំនន់ជារៀងរាល់ឆ្នាំ។ ស្ពានសរុបទាំង ៣២កន្លែងនេះគ្រោងនឹងសាងសង់ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៥»។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា នៅក្នុងគម្រោងនេះក៏មានការជួសជុលស្ថានីយជញ្ជីងថ្លឹងយានយន្តចំនួន ០៤ទីតាំងផងដែរ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់លើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ផងដែរ។ បើតាមលោក ស៊ុន ចាន់ថុល ពីដើមឡើយផ្លូវជាតិលេខ៤ មានទទឹងតួផ្លូវតែ៧ម៉ែត្រប៉ុណ្ណោះ ហើយបច្ចុប្បន្នគម្រោងលើកកម្រិតគុណភាពផ្លូវមួយខ្សែនេះ នឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់១០ម៉ែត្រ ដោយក្នុងនោះប្រវែង ៤០គីឡូម៉េត្រ នឹងត្រូវពង្រីកពី ២គន្លង ទៅជា៤គន្លង។
ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល ក៏បានអំពាវនាវឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ សូមកុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដែលបណ្ដាលឱ្យផ្លូវថ្នល់ឆាប់មានការខូច។ លោកទេសរដ្ឋមន្ត្រី ក៏បានផ្ដល់ជូននូវរូបមន្តមួយដែលទទួលបានពីធនាគារពិភពលោក សម្រាប់បង្ហាញជូនប្រជាពលរដ្ឋឱ្យបានដឹងថា ការដឹកជញ្ជូនលើសកម្រិតទម្ងន់កំណត់ គឺជាមូលហេតុចម្បងនាំឱ្យផ្លូវរបស់យើងទាំងអស់ មានការសឹករេចរិលផងដែរ។
គួររម្លឹកផងដែរថា៖ ផ្លូវជាតិលេខ៤ គឺជាផ្លូវជាតិមួយតភ្ជាប់ពី រាជធានីភ្នំពេញ ទៅកាន់ទីក្រុងកំពង់ផែភាគនិរតី ដែលជាកំពង់ផែសមុទ្រអន្តរជាតិតែមួយគត់របស់កម្ពុជា។ ខ្សែផ្លូវនេះ នឹងត្រូវលើកកម្រិតគុណភាពជាពិសេស សម្រាប់ការដឹកជញ្ជូនទំនិញរវាង រាជធានី និងកំពង់ផែ ដោយរថយន្តដឹកទំនិញធុនធ្ងន់ និងកុងតឺន័រ ដើម្បីឱ្យស្របទៅតាមកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់ប្រទេសជាតិ៕